ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នឹងអាចផ្គត់ផ្គង់ទឹកស្អាតកើនដល់ជាង ១លានម៉ែត្រគូប ក្នុងមួយថ្ងៃ នៅដើមឆ្នាំ២០២៤ ខណៈតម្រូវការប្រើប្រាស់ទឹកស្អាតបច្ចុប្បន្ន កើនដល់ជាង ៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ហើយការផ្គត់ផ្គង់ទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងកើនដល់ ៨៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅដើមខែឧសភាខាងមុខនេះ និងបន្តកើនដល់ជាង ១លានម៉ែត្រគូប ក្នុងមួយថ្ងៃ នៅដើមឆ្នាំ២០២៤។

បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សមត្ថភាពផ្គត់ផ្គង់ទឹកនាពេលបច្ចុប្បន្ន មានប្រមាណ ៦៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលមិនទាន់អាចឆ្លើយតបនឹងកំណើនតម្រូវការបាននៅឡើយ ជាពិសេសក្នុងអំឡុងពេលរដូវប្រាំង ដែលមានតម្រូវការច្រើន។ ប៉ុន្តែនៅដើមខែឧសភា ខាងមុខនេះ រោងចក្រថ្មី នឹងអាចផលិតទឹកបាន ២០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃទៀត ធ្វើឲ្យសមត្ថភាពផ្គត់ផ្គង់ទឹកកើនដល់ជាង ៩០%នៃតម្រូវការប្រើប្រាស់។

យោងតាមរបាយការណ៍សិក្សាតម្រូវការទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឆ្នាំ ២០១៦-២០៣០ បានបង្ហាញថា រាជធានីភ្នំពេញ មាននិន្នាកាខ្វះទឹកស្អាតប្រើប្រាស់នាឆ្នាំ ២០១៦ និងឆ្នាំ២០១៧ និងចាប់ផ្តើមខ្វះទឹកប្រើប្រាស់ ចាប់ពីឆ្នាំ ២០១៨ រហូតដល់ឆ្នាំ២០២៣។

ស្ថិតក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាល បានយល់អំពីសភាពការខ្វះទឹកស្អាតប្រើប្រាស់ និងបានជួយគាំទ្ររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការផ្ដល់ទុនវិនិយោគ ដើម្បីឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពសាងសង់រោងចក្រផលិតទឹកថ្មី ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានក្នុងបរិមាណ ៤០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងបំពង់ចែកទឹកថ្មីជិត ១ពាន់គីឡូម៉ែត្រ ដើម្បីដោះស្រាយបញ្ហាខ្វះទឹកជាជំហានៗ ឲ្យខាងតែបានចាប់ពីឆមាសទី១ ឆ្នាំ ២០២៣នេះតទៅ។

ហើយចាប់ពីដើមឆ្នាំ ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងអាចផលិតទឹកស្អាតបាន ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមទៀត ដែលធ្វើឲ្យសមត្ថភាពសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរហូតដល់ជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងការព្យាករណ៍តម្រូវការទឹកដែលមានប្រមាណ ៩០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលមានន័យថា អតិថិជនរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់មានទឹកប្រើប្រាស់គ្រប់គ្រាន់៕


