Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យភស្ដុភារកម្មកម្ពុជានៅតែប្រឈម ខណៈស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់

spot_img

ភ្នំពេញ៖ ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានឲ្យដឹងថា វិស័យភស្ដុភារកម្មកម្ពុជា នៅតែប្រឈមបញ្ហា ខណៈវិស័យមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកសេដ្ឋកិច្ចជាតិ និងប្រកបដោយសក្ដានុពលទាំងការដឹកជញ្ជូនផ្លូវទឹក និងផ្លូវគោក។

នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ ក្នុងពេលដែលលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា ដឹកនាំក្រុមការងារទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ដើម្បីពង្រឹង និងពង្រីកវិស័យភស្ដុភារកម្មកម្ពុជា ព្រមទាំងវិស័យពាណិជ្ជកម្ម បានលើកឡើង បើទោះបីជំងឺឆ្លងកូវីដ-១៩ បានកន្លងហួសក៏ដោយ តែវិស័យភស្ដុភារកម្មកម្ពុជា នៅតែជួបប្រឈមនឹងបញ្ហាចំនួន ៣ ទី១, បញ្ហាកប៉ាល់សម្រាប់ដឹងជញ្ជូនទំនិញឡើងថ្លៃ ទី២, បញ្ហាតម្លៃប្រេងឥន្ធនៈនៅតែឡើងថ្លៃដោយមិនចុះ និងទី៣, កង្វះខាតទូរកុងតឺន័រសម្រាប់ដឹកទំនិញ និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។

ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ចាប់តាំងពីវិបត្តិជំងឺកូវីដ-១៩ បានឆ្លងរាលដាលជាសកល  និងការផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន វិស័យដឹកជញ្ជូនបានរងផលប៉ះពាល់ជាអន្តរជាតិ ដែលបង្កភាពស្មុគស្មាញដល់ការធ្វើពាណិជ្ជកម្ម ក្នុងគ្រាដែលតម្លៃដឹកជញ្ជូនឡើងខ្ពស់។ ទន្ទឹមនឹងនៅឆ្នាំ ២០២៣នេះ ទោះបីស្ថានភាពកូវីដ-១៩ លែងជាក្តីកង្វល់ ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុងភាពផុយស្រួយងាយធ្លាក់ក្នុងវិបត្តិជាងពេលណាៗទាំងអស់ បើគិតចាប់តាំងពីឆ្នាំ ២០០៨មក។ ខណៈសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅតែបន្តអូសបន្លាយ, ជម្លោះភូមិសាស្ត្រនយោបាយរបស់មហាអំណាច និងការព្រួយបារម្ភអំពីវិបត្តិធនាគារជាសកលនៅតែកើតមាន បន្ទាប់ពីធនាគារសហរដ្ឋអាម៉េរិកចំនួនពីរ និងធនាគារស្វីសចំនួនមួយ បានដួលរំលំជាបន្តបន្ទាប់នៅក្នុងខែមីនានេះ។

គួរបញ្ជាក់ថា បើតាមលោកឧកញ៉ា ស៊ិន ចន្ធី ក្នុងបណ្ដាប្រទេសដទៃទៀត គេបានចាប់អារម្មណ៍លើកម្ពុជា ក៏ដូចជាប្រទេសឥណ្ឌាផ្ទាល់ ដែលជាប្រទេសអាស៊ានបូក៦ បាននិងកំពុងធ្វើទំនាក់ទំនងវិស័យពាណិជ្ជកម្ម និងភស្ដុភារកម្មកម្ពុជា។ ហើយសម្រាប់ទស្សនកិច្ចលើកនេះ កម្ពុជា រំពឹងទុកថា ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌា នឹងកើនលើស ៣០០លានដុល្លារ៕

spot_img
×