ក្មេងស្រីវ័យជំទង់ចិនម្នាក់ បានផូស្តរូបភាពទឹកភ្នែករលីងរលាង ពេលឪពុកនាំទៅទិញស្បែកជើងថ្មី តែពេលដើរតាមពីក្រោយឪពុក ស្រាប់តែមើលឃើញច្បាស់ថា ស្បែកជើងឪពុកឡើងចាស់ និងរហែករយុយ…
កាលពីពេលថ្មីៗនេះ វេបសាយ CTWANT បានរាយការណ៍អំពីរឿងរ៉ាវរបស់ឪពុក និងកូនស្រី នៅពេលដែល “សៀវលូ” ដែលជាកូន និងជាសិស្សស្រីរៀននៅអនុវិទ្យាល័យមួយក្នុងទីក្រុងគុយលីន មណ្ឌលក្វាងស៊ី ប្រទេសចិន បានធ្វើបាត់ស្បែកជើងនៅឯសាលារៀន និងដើរជើងទទេ ពេលត្រឡប់មកផ្ទះវិញ។ ពេលឪពុករបស់នាងបានដឹងរឿងនោះហើយ គាត់ត្រូវការទិញស្បែកជើងថ្មី ១គូឱ្យកូនស្រីពាក់ភ្លាមតែម្ដង។

ឪពុក គ្រាន់តែប្រាប់ទៅកូនស្រីយ៉ាងខ្លីៗថា កុំបារម្ភអីកូន…រួចហើយក៏នាំគ្នាដើរចេញពីផ្ទះ តម្រង់ទៅកាន់ហាងលក់ស្បែកជើងមួយកន្លែង តែក្នុងអំឡុងពេលដើរតាមពីក្រោយឪពុកនោះ សៀវលូបានសង្កេតឃើញរឿងម្យ៉ាង ដែលនាងមិនធ្លាប់បានសង្កេតឃើញពីមុនមកឡើយ…ពេលសង្កេតមើលច្បាស់ៗទៅ ក៏បានដឹងថា ស្បែកជើងដែលឪពុករបស់នាងកំពុងពាក់នោះ កែងរបស់វាបានប្រេះបែកយ៉ាងមើលឃើញច្បាស់តែម្ដង និងសូម្បីតែស្នាមដេរគែមស្បែកជើង ក៏ដាច់របូតរយុយចេញមកដែរ។ ជារួមទៅ គឺវាស្ថិតក្នុងសភាពដែលចាស់ខ្លាំងណាស់ ហើយទិដ្ឋភាពដែលមើលឃើញនេះ ធ្វើឱ្យនាងមានអារម្មណ៍នឹកអាណិតឪពុក និងកើតទុក្ខយ៉ាងខ្លាំងភ្លាមៗតែម្ដង។

នាងបានថតជាឃ្លីបវីដេអូទុក មុននឹងនាំយកមកផ្សព្វផ្សាយនៅក្នុងប្រព័ន្ធបណ្ដាញសង្គម និងមានអ្នកចូលមកបញ្ចេញគំនិតយោបល់យ៉ាងច្រើន ដូចជា… “ខ្ញុំនឹកឃើញបទចម្រៀង Back View រឿងរ៉ាវជាច្រើន មិនចាំបាច់និយាយទេ គ្រាន់តែមើលត្រឡប់ទៅក្រោយវិញ ក៏បានដឹងដែរ” , “ខ្ញុំសង្ឃឹមថា ប៉ាម៉ាក់គ្រប់រូប នឹងមើលថែទាំខ្លួនបានល្អ ព្រោះនៅពេលរូបអ្នករឹងមាំហើយ ទើបអាចមើលថែទាំកូនៗរបស់អ្នកឱ្យល្អឡើងបាន” , “ទឹកភ្នែកខ្ញុំស្រក់ ព្រោះអាណិតពុក” , “ប៉ាខ្ញុំ ធ្លាប់ដើរកាត់ភ្លៀងធំ ដើម្បីខ្ញុំ និងបន្ទាប់ពីនោះ គាត់ផ្ដាសាយពេញ១អាទិត្យ”៕





