Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូឃិឃុ តុក្កតាខ្មោចនៃកោះហុកកៃដូ សក់ដុះវែងដោយខ្លួនឯង ដូចមនុស្សមានជីវិត

លោកអ្នកអាចធ្លាប់បានឮរឿងរ៉ាវតុក្កតាខ្មោចរបស់ជនជាតិបរទេសច្រើនមកហើយ តែ អ្នកអាចមិនធ្លាប់បានឮរឿងរ៉ាវដ៏គួរឱ្យព្រឺព្រួចភ័យរន្ធត់របស់តុក្កតាមួយ ដែលគួរឱ្យខ្លាចបំផុតរបស់ជនជាតិជប៉ុនឡើយ ហើយថ្ងៃនេះ យើងសូមនាំប្រិយមិត្តទាំងអស់ទៅស្គាល់ “អូ-ឃិ-ឃុ” តុក្កតាដែលមានរហស្សនាមថា “តុក្កតាខ្មោចនៃកោះហុកកៃដូ” ដូចតទៅ…

អូឃិឃុ ជាតុក្កតាជប៉ុនដ៏ចំណាស់មួយ ដែលស្ថិតនៅក្នុងវត្តមួយនៅក្នុងទីក្រុង អ៊ិ-វ៉ា-មិ-សា-វៈ គេនាំគ្នាល្បីរន្ទឺថា តុក្កតាមួយនេះ មានសរសៃសក់របស់មនុស្សយើងពិតៗ និងថែមទាំងមានវិញ្ញាណរបស់ក្មេងស្រីតូចម្នាក់សណ្ឋិតនៅជាមួយទៀតផង។

មានរឿងរ៉ាវរៀបរាប់ជាច្រើនពាក់ព័ន្ធនឹងអូឃិឃុ តែប្រវត្តិរឿងរ៉ាវដែលល្បីល្បាញបំផុត គឺ អូឃិឃុ ត្រូវបានទិញដោយ អេ-អ៊ិ-ឃិ-ជិ ស៊ូ-ស៊ូ-គិ ប្រុសវ័យជំទង់ អាយុ ១៧ឆ្នាំម្នាក់ មកពីកោះហុកកៃដូ ដើម្បីយកទៅឱ្យប្អូនស្រីរបស់គេក្នុងឆ្នាំ១៩១៨។

ប្អូនស្រីរបស់គេ អាយុ ១៣ឆ្នាំ មានឈ្មោះថា ឃិ-ឃុ-កុ នាងស្រឡាញ់តុក្កតាមួយនេះខ្លាំងណាស់។ នាងនាំវាទៅជាមួយគ្រប់ទីកន្លែង សូម្បីតែពេលគេងក៏ដោយ។ រឿងរ៉ាវមើលទៅហាក់ដូចជាមិនមានអ្វីប្លែកឡើយ រហូតទាល់តែថ្ងៃមួយ នាងតូចឃុឃិកុ បានកើតជំងឺគ្រុនក្ដៅសន្ធំ ហើយបានស្លាប់នៅពេលក្រោយមក។ គ្រានោះឯង គឺជាចំណុចចាប់ផ្ដើមនៃហេតុការណ៍ដ៏គួរឱ្យព្រឺព្រួច និងភ័យខ្លាច។

ក្រុមគ្រួសាររបស់ក្មេងស្រី បានរក្សាទុកតុក្កតាមួយនេះនៅក្នុងរានព្រះភូមិតូចមួយ ដើម្បីជាការរំឭកនឹកដល់នាងតូច និងដាក់ឈ្មោះឱ្យវាថា “អូឃិឃុ”។ ពួកគេតែងតែមកសូត្រមន្តអធិដ្ឋានដល់ក្មេងស្រី និងតុក្កតាមួយនេះជានិច្ច។

រហូតដល់ថ្ងៃមួយ ពួកគេសង្កេតឃើញថា តុក្កតានោះហាក់ដូចជាមានអ្វីម្យ៉ាងខុសពីប្រក្រតី នោះគឺសក់ក្បាលរបស់វា ក្លាយជាទម្រង់ម៉ូដ “អូកាប់ប៉ៈ” ឬម៉ូដសក់សេះ ដែលកាត់តម្រឹមខាងមុខត្រង់ៗ និងសង្កេតឃើញថា សក់របស់វាកាន់តែវែងឡើងជារឿយៗយ៉ាងមិនគួរឱ្យជឿ។

រឿងនោះបានធ្វើឱ្យក្រុមគ្រួសាររបស់ក្មេងស្រីជឿថា តុក្កតាមួយនេះកំពុងមានជីវិត ហើយវិញ្ញាណដែលសណ្ឋិតនៅក្នុងតុក្កតាមួយនេះ មិនមែនជាអ្នកណាផ្សេងឡើយ គឺកូនស្រីរបស់ពួកគេហ្នឹងឯង។

ក្នុងឆ្នាំ១៩៣៨ គ្រួសាររបស់ឃិឃុកុ បានសម្រេចចិត្តផ្លាស់ទីលំនៅ ចេញពីហុកកៃដូ និងសម្រេចចិត្តថា នឹងមិនយកតុក្កតានោះទៅជាមួយឡើយ។ ពួកគេយល់ឃើញដូចគ្នាថា វានឹងប្រសើរជាង បើសិនជាទុកឱ្យតុក្កតាមួយនេះស្ថិតនៅលើកោះមួយនេះ និងប្រគល់តុក្កតាមួយនេះឱ្យទៅវត្ត ម៉ាន់-នេន-ជិ គឺជាជម្រើសល្អបំផុត។

តាំងពីពេលនោះមក តុក្កតាអូឃិឃុ ក៏ក្លាយជានិមិត្តសញ្ញារបស់វត្តតូចមួយនេះ។ នៅពេលភាពល្បីល្បាញរបស់តុក្កតាខ្មោចសណ្ឋិតមួយនេះ ចាប់ផ្ដើមផ្សព្វផ្សាយសាយភាយចេញទៅក្រៅ ក៏មានមនុស្សម្នាជាច្រើនត្រូវការធ្វើដំណើរមកមើលតុក្កតាមួយនេះដោយផ្ទាល់ភ្នែក។ តែ អ្វីដែលសំខាន់នោះគឺ គ្រប់គ្នាមិនបានអនុញ្ញាតឱ្យថតរូបឡើយ និងដោយសារការហាមឃាត់នេះហើយ ទើបធ្វើឱ្យយើងមិនសូវមានរូបភាពរបស់អូឃិឃុ ច្រើនប៉ុន្មានឡើយ។

រាល់ថ្ងៃនេះ មានការនិយាយតៗគ្នាថា អូឃិឃុ មានសក់វែងរំសាយដល់ក្បាលជង្គង់ ហើយពេលសក់ក្បាលរបស់វា វែងជ្រុលពេក លោកសង្ឃនៅក្នុងវត្ត ក៏នឹងកាត់វាចេញខ្លះម្ដងម្កាល។ ការពិតទៅ វាហាក់ដូចជាគួរឱ្យព្រឺខ្លាចខ្លាំងណាស់ នៅពេលលោកអ្នកទៅកាត់សក់របស់តុក្កតាចេញខ្លះនោះ តែលោកសង្ឃ ១អង្គ បានចាប់ផ្ដើមកាត់សក់របស់តុក្កតា ក្រោយពីអូឃិឃុ បានមកពន្យល់សប្ត ដើម្បីសុំឱ្យព្រះអង្គធ្វើរឿងនេះ តែក៏គ្មានអ្នកណាអធិប្បាយបានឡើយថា តើហេតុអី ទើបសក់ក្បាលរបស់តុក្កតានោះ កាន់តែវែងឡើងដោយខ្លួនឯងបាន?

ប្រភពទិន្នន័យខ្លះបានអះអាងថា មានលទ្ធផលនៃការពិនិត្យវិភាគខាងវិទ្យាសាស្ត្រមួយ បានបញ្ជាក់ថា សក់ក្បាលរបស់អូឃិឃុ គឺជាសក់ក្បាលរបស់កូនក្មេងពិតមែន តែក៏មិនទាន់ភ័ស្តុតាងដែលបញ្ជាក់ច្បាស់លាស់ថា វាដុះវែងបានដោយខ្លួនឯងនៅឡើយ ហើយខ្លាំងជាងនោះទៅទៀតគឺ មានអំណះអំណាងមួយបានប្រាប់ថា បើលោកអ្នកខិតចូលទៅជិតតុក្កតាមួយនោះ ហើយសម្លឹងមើលទៅក្នុងមាត់របស់វា ដែលបង្ហើបឡើងត្រឹមតែពាក់កណ្ដាលនោះ អ្នកក៏នឹងបានឃើញធ្មេញរបស់វា ដែលកំពុងដុះធំឡើងទៀតផង។

រឿងរ៉ាវរបស់តុក្កតាខ្មោចសណ្ឋិត អូឃិឃុ បានក្លាយជាកម្លាំងជំរុញចិត្តដល់សៀវភៅរឿងប្រលោមលោក ខ្សែភាពយន្ត និងការសម្ដែងខា-ប៊ុ-គិ ដោយមានការបន្ថែមរឿងរ៉ាវលម្អិតចូលទៅ ដើម្បីឱ្យតុក្កតាមួយនេះមើលទៅកាន់តែគួរឱ្យព្រឺខ្លាចខ្លាំងឡើង ដូចជាវាអាចសើចបាន ទួញយំ ឬធ្វើចលនាបានដោយឯកឯងទៀតផង៕

×