តាកែវ ៖ ក្រោមការដឹកនាំសម្របសម្រួល និងដោះស្រាយរវាង កម្មកររោងចក្រស្បែកជើងតាកែវស៊ូ និងថៅកែរោងចក្រ ពីសំណាក់ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ តំណាងក្រសួង និងមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត អាជ្ញាធរក្រុងដូនកែវ នៅពេញមួយថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ០៤ ខែកក្តដា ឆ្នាំ ២០១៨នេះ កម្មករជាង១ពាន់នាក់ ដែលបម្រើការងារនៅ រោងចក្រ ខាងលើនេះ បានយល់ព្រមចូលបម្រើការងារ វិញជាធម្មតា បន្ទាប់ពីទទួលបានការទាមទាររបស់ពួកគាត់ ។
លក្ខខ័ណ្ឌដែលបានស្នើសុំដោយកម្មករទាំងនេះ គឺការស្នើសុំ ឲ្យក្រុមហ៊ុនគិតគូរនូវអត្ថប្រយោជន៍ផ្សេងៗតាមផ្លូវច្បាប់ ពោលគឺ គិតប្រាក់បំណាច់ឆ្នាំ ចាប់ពីខែ០៤ ឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ បើកមកអោយពួកគាត់ និងស្នើសុំថៅកែរោងចក្រក្នុងអំឡុងធ្វើកូដកម្មកុំកាត់ប្រាក់រយៈពេល ២ថ្ងៃ ។ លក្ខខ័ណ្ឌទាំងពីរខាងលើនេះ ត្រូវបានឯកភាពពីថៅកែរោង ចក្រ នូវចំណុចបើកប្រាក់បំណាច់ឆ្នាំរយៈពេល៦ឆ្នាំ និងបដិសេពចំពោះ ការកុំឲ្យកាត់ប្រាក់ក្នុងពេលធ្វើកូដកម្ម ដូច្នោះកម្មករក៏បានព្រមព្រៀង គ្នាទទួលយកក្រោមនយោបាយឈ្នះៗទាំងសងខាង ។
ថ្លែងនៅក្នុងកិច្ចប្រជុំរកដំណោះស្រាយជូនបងប្អូនកម្មកររោងចក្រតាកែវស៊ូ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់ម្ចាស់រោងចក្រ ក៏ដូចជាប្រធានរដ្ឋបាលរបស់រោងចក្រ ហាមដាច់ខាតមិនត្រូវប្រើពាក្យសម្តី ឬរកលសខុសឆ្គងមក ធ្វើការគុំគួនលើកម្មកររោងចក្រ ដែលជាអ្នកដំណាងរបស់ពួកគាត់ឡើយ បើសិនជាមានតំណឹងលិចលឺថា រដ្ឋាបាលរបស់រោងចក្រ នៅតែបន្តកៀបសង្កត់ និងរករឿងដល់កម្មករទាំងនោះ នោះលោកនិងចាត់អោយមន្ត្រីជំនាញចុះមកពិនិត្យ និងធ្វើទៅតាមផ្លូវច្បាប់ហើយ ។
ឯកឧត្តមបានបន្តថា ការចេះយោគយល់គ្នាទៅវិញទៅមក នេះគឺជាយុទ្ធសាសន៏ឈ្នះ ៗ ក្នុងការដោះស្រាយបញ្ហា ដែលតម្រូវអោយភាគីទាំងសងខាងយល់ពីហេតុផល ក្នុងការដោះស្រាយវិបិត្ត បើសិនជាយើងមិនមានការយោគយល់គ្នានោះទេ ទោះជាមានការដោះស្រាយយ៉ាងណាក៏នៅតែមិនត្រូវគ្នាដែរ ។ ក្នុងនោះដែរឯកឧត្តម ក៏បានសំណូមពរទៅដល់បងប្អូនកម្មកររោងចក្រទាំងអស់ មេត្តាគិតពីផលប្រយោជន៏ជាធំ ដែលនេះសុទ្ធសឹងតែជាឆ្នាំងបាយរបស់បងប្អូន បើសិនតែបន្តិចមានការតវ៉ា ប្រឆាំង ឬកូដកម្ម នោះតែមានអ្នកវិនិយោគឯណា ចូលមកវិនិយោគនៅក្នងខេត្តរបស់យើងទៀត ហើយការធ្វើកូដកម្មរបស់បងប្អូន គឺខាតទាំងពេលវេលា ខាតទាំងប្រាក់កាក់ ថែមទៀត ដូច្នេះ បើសិនជាម្ចាស់រោងចក្រគេខាត ហើយគេបិទរោងចក្រ តើអ្នកណាជាអ្នកខាត គឺបងប្អូននិងឯងជាអ្នកខាត និងរាជរដ្ឋាភិបាល ដូច្នេះសុំចិត្តអ្នកទាំងអស់គ្នាបន្តចូលធ្វើការដើម្បីទទួលបានប្រាក់ខែសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារយើងបន្តទៀតទៅចុះ ៕ តាកែវ