អ្នកមុជទឹកជនជាតិអង់គ្លេស លោក John Volanthen បានកំពុងដាក់ខ្សែនាំផ្លូវរបស់គាត់ ដើម្បីខិតទៅជិតក្មេងប្រុសដែលបាត់ខ្លួន ១២ នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ដែលបានជាប់គាំងនៅក្នុងបណ្តាញរូងភ្នំលិចលង់ Tham Luang ។ នៅពេលនោះ គាត់បានផុតជំនួយពីខ្សែ (អស់ត្រឹមហ្នឹង) ហើយក៏បង្ខំឲ្យគាត់ឡើងទៅលើផ្ទៃទឹក ។ ប៉ុន្តែ អ្វីៗពិតជានឹកស្មានពុំដល់ និងអស្ចារ្យបំផុត ព្រោះថា នៅទីនោះ ក្រុមក្មេងរងគ្រោះទាំង១៣ នាក់ ស្រាប់តែភ្ញាក់ផ្អើលនឹងគាត់ តាមរយៈពន្លឺភ្លើងរបស់គាត់ ។ នេះបើយោងតាមកាសែត New York Times ។
លោក John បាននិយាយថា ប្រសិនខ្សែនាំផ្លូវរបស់គាត់ខ្លីជាងខ្វះតែ ៣, ៤ ម៉ែត្រ ទៀតមកដល់ទីនេះ នោះគាត់នឹងវិលត្រឡប់ទៅក្រោយវិញ និងពុំអាចឈានទៅជួបប្រទះនឹងពួកគេទាំងនោះទេ នៅក្នុងប្រតិបត្តិមុជទឹកកាលពីយប់ថ្ងៃចន្ទ ។ ហើយក្រុមរបស់គាត់នឹងត្រូវចំណាយពេលយ៉ាងហោចមួយយប់ទៀត នៅលើផ្លូវងងឹតនេះរបស់ខ្លួន ដោយពុំដឹងថាតើការជួយសង្គ្រោះនឹងនៅតែចូលមកចំណុចនោះទេ ។
Vernon Unsworth ដែលជាមិត្តភក្តិ និងអ្នកមុជទឹកជិតស្និតរបស់គាត់បាននិយាយថា៖ «John បានបញ្ចប់ (អស់) ខ្សែរបស់គាត់ និងបានដោតដុំរមូខ្សែ (line reel) ទៅក្នុងដីភក់ ហើយពួកគេកំពុងសម្លឹងរកមើលចុះក្រោម» ។
វរនាវីឯកទ័ពជើងទឹកថៃ លោក Anand Surawan បាននិយាយថា ក្នុងករណីដ៏អាក្រក់នេះ នោះក្រុមក្មេងបាល់ទាត់ទាំង១៣នាក់ អាចនៅតែស្ថិតនៅក្នុងរូងភ្នំនេះយ៉ាងហោច ៤ ខែ ទៀត រហូតដល់ចុងរដូវវស្សា ។
ម្យ៉ាងវិញទៀត ក៏មានការព្រួយបារម្ភផ្សេងៗ ទាក់ទងនឹងភ្លើង, ចំណីអាហារ និងសម្ភារៈចាំបាច់ដទៃទៀត ដែលពួកគេនៅតែអាចទទួលរងពីជំងឺ និងបញ្ហាផ្លូវចិត្ត ។
លោក Ben Raymenats អ្នកមុជទឹកជនជាតិបែលហ្ស៊ិក ដែលបានចូលរួមក្នុងប្រតិបត្តិការស្វែងរកនេះ និយាយថា វាពិតជាលំបាកខ្លាំងណាស់ និងគ្រោះថ្នាក់ ក្នុងការនាំយកក្មេងៗទាំងអស់នោះចេញពីក្នុងល្អាងភ្នំនេះ ខណៈនៅពេលនេះសុខភាពរបស់ពួកគេក៏ខ្សោយ ។
លោក Ben បន្តថា Tham Luang គឺរូងភ្នំដ៏វែង និងដ៏ស្មុគស្មាញមួយ ហេតុដូច្នេះ ពួកគេអាចហែលចេញដោយងាយស្រួលនោះទេ ។ លោកក៏បានឲ្យដឹងទៀតថា បុគ្គលិកផ្នែកពេទ្យរបស់កងទ័ពជើងទឹកថៃ២រូប បានស្ម័គ្រចិត្តស្នាក់នៅជាមួយក្រុមក្មេងៗរងគ្រោះទាំងនោះ រហូតដល់កម្រិតទឹកធ្លាក់ចុះក្នុងរយៈពេល ២,៣ ខែ ។ ប៉ុន្តែ ភ្លៀងធ្ងន់ធ្ងរ ទំនងជាវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ ។ ខ្ញុំគិតថា អាកាសធាតុគឺជាកក្តាដ៏សំខាន់ ដែលបង្កការរាំងស្ទះដល់ប្រតិបត្តិការសង្គ្រោះនេះ ៕ ឧត្តម