ភ្នំពេញ ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រគល់ឯកសណ្ឋាន និងស្បែកជើងកីឡាចំបាប់មានតម្លៃប្រហែលជា៥.០០០ដុល្លារសហរដ្ឋអាមេរិក ជូនក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា នៅក្នុងទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨ នាវេលាម៉ោង១៤:៣០រសៀល។
កម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងលោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
លោក កាង ដែនពិសិដ្ឋ អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា និងលោកគីម ស៊ូគីល គ្រូបង្វឹកក្រុមកីឡាករចំបាប់ជម្រើសជាតិកម្ពុជាជាដើម។
ក្នុងឱកាសនោះដែរលោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា តាមរយៈ “កម្មវិធីភាពជាដៃគូលើវិស័យកីឡា” ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ប្រទេសកូរ៉េ យើងតែងធ្វើការឧបត្ថម្ភសម្ភារៈប្រើប្រាស់សម្រាប់កីឡាចំបាប់ ជូនក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា ជារៀងរាល់ឆ្នាំ ហើយរហូតមកដល់បច្ចុប្បន្ននេះ លោក គីម ស៊ូគីល គ្រូបង្វឹកកីឡាចំបាប់ជនជាតិកូរ៉េ បានខិតខំប្រឹងប្រែង ក្នុងការបង្វឹកក្រុមកីឡាករ ជម្រើសជាតិកម្ពុជាអស់រយៈពេល៥ឆ្នាំមកហើយ យើងខ្ញុំមានសេចក្តីត្រេកអរយ៉ាងខ្លាំង ជាមួយនឹងស្នាដៃល្អ លោកគ្រូបង្វឹកសម្រេចបានក្នុងរយៈពេលកន្លងមក (កម្ពុជាទទួលបានមាសចំនួន២ និងប្រាក់ចំនួន៣ នៅក្នុងកម្មវិធីការប្រកួតកីឡាអាស៊ី) ព្រមទាំងសង្ឃឹមថា ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា នឹងសម្រេចបានជោគជ័យថ្មីៗទៀត នៅក្នុងកម្មវិធីប្រកួតកីឡាអាស៊ានហ្គេម ដែលនឹងប្រារព្ធឡើងនាពេលឆាប់ៗនេះនៅទីក្រុងហ្សាកាតា (ប្រារព្ធចាប់ពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨)។
លោកឯកអគ្គរដ្ឋទូត សង្ឃឹមថា តាមរយៈការបន្តធ្វើកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ លើវិស័យកីឡានឹងជួយជំរុញឲ្យប្រជាជន នៃប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធ រវាងគ្នាថែមលើសមួយកម្រិតទៀត៕ ដោយ ៖ កូឡាប