កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម ជំរុញលើទឹកចិត្តឱ្យភ្នាក់ងារ សង្កេតការណ៍ទាំងអស់ យកចិត្តទុកដាក់ ស្វែងយល់ឱ្យបានច្បាស់លាស់ បន្ថែមទៀត ពីនីតិវិធី និងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨។
នៅព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៨ នៅស្រុកពញាក្រែកខេត្តត្បូងឃ្មុំ លោកវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជាអធីបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយភ្នាក់ងារសង្កេតការណ៍ បោះឆ្នោត ប្រចាំស្រុកពញាក្រែកខេត្តត្បូងឃ្មុំសរុបមានចំនួន ៨៩៩នាក់ ។
លោកចាយ បូរិន បានសំដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាគ្រប់រូបក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនិង ការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។ លោក ចាយ បូរិន ក៏បានណែនាំដល់សមាជិកសមាជិការ ចូលរួមទាំងអស់បន្ត យកចិត្តទុកដាក់សាមគ្គីជាធ្លុងមួយ រួមគ្នាបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរថែមទៀត ដោយមិនត្រូវបែងចែកនិន្នាការនយោបាយសាសនា ឬបក្ខពួកឡើយ។ លោកក៏បានណែនាំចែករំលែ កបទពិសោធន៍ ចំណេះដឹងលើការងារបោះឆ្នោត ដោយបានពន្យល់ពីច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីនានា ពាក់ព័ន្ធនឹងការបោះឆ្នោត ជូនដល់សមាជិកចូលរួមទាំងអស់ ដើម្បីមានមូលដ្ឋានយកទៅអនុវត្ត។ លោក ចាយ បូរិន ក៏បានលើកឡើងផងដែរ ពីក្រមសីលធម៌ របស់អ្នកសង្កេតការណ៍ និងភ្នាក់ងារសង្កេតការណ៍ ដែលត្រូវយកចិត្តទុកដាក់អនុវត្តន៍ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនដោយជំហរអព្យាក្រិត មិនលម្អៀង ដើម្បីចូលរួមធានាឱ្យការបោះឆ្នោតនេះប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ។
លោក វង សូត បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា សន្តិភាព និងស្ថេរភាពនយោបាយមានតម្លៃធំជាងអ្វីៗទាំងអស់ ដែលទាមទាឱ្យយើងត្រូវតែរួបរួមគ្នាថែរក្សា ការពារឱ្យបានស្ថិតស្ថេរ គង់វង្សជានិច្ចនិរន្តន៍ ព្រោះយើងធ្លាប់បានភ្លក្សហើយនូវរសជាតិសង្គ្រាមកាលពីអតីតកាល ទំរាំយើងរកបានសន្តិភាពមកវិញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីឆ្នាំ១៩៩៨។ ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីក៏បានអំពាវនាវនិងលើកទឹកចិត្តដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន និងសមាជិកចូលរួមទាំងអស់ យកចិត្តទុកដាក់ថែរក្សា រសណ្តាប់ធ្នាប់របៀបរៀប ឲ្យបានល្អប្រសើរ ចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោតនិង ជំរុញឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តលើកម្ពស់ការអភិវឌ្ឍ និងការរីកចម្រើនបន្ថែមទៀត ជាពិសេសការលើកកម្ពស់កម្រិត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕ ដោយ៖បញ្ញាស័ក្តិ