ប្រិយមិត្ត និងមហាជន បានស្គាល់ច្បាស់រួចហើយ ពីតារាកំប្លែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាង ខ្ញុង។ តែទោះជាយ៉ាងណា មួយរយៈពេលកន្លងមុននេះ អ្នកនាង ខ្ញុង ក៏បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ ស្ទើរតែមិនគួរឲ្យជឿ ព្រោះថាខណៈកំពុងឃើញជោគជ័យក្នុងវិស័យសិល្បៈ និងដូចការលក់ដូរតាមអនឡាញដ៏ដាច់ខ្លាំង ជាមួយផ្ទះ រថយន្តមានជិះយ៉ាងហ៊ឺហា ស្រាប់តែសុខៗ អ្នកនាង ខ្ញុង ប្រកាសក្ស័យធន ជំពាក់បំណុលគេជុំវិញទិសរហូតរាប់សិបម៉ឺនដុល្លារឯណោះ។
បន្ទាប់មក នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកនាង ខ្ញុង ក៏បានប្រកាសលក់ផ្ទះជាបន្ទាន់ ដើម្បីដោះស្រាយបំណុលគេ ខណៈផ្ទះមួយនេះកំពុងបង់រំលស់នៅឡើយ គឺជាដំបូលដ៏កក់ក្តៅ ដែលអ្នកនាងតស៊ូពុះពារអស់រយៈពេល ៣ ឆ្នាំ។ តែអ្វីគួរឲ្យកត់សំគាល់នោះ គឺបន្ទាប់ពីប្រកាសលក់ផ្ទះ ខ្ញុង បានប្រាប់ថា អ្វីៗដែលបានបាត់បង់ ខ្លួននឹងខិតខំយកមកវិញ ទាំងកិត្តិយសកេរ្តិ៍ឈ្មោះទ្រព្យសម្បត្តិ សម្រស់ និងសុភមង្គលគ្រួសារ ខណៈពេលនេះ គេក៏សង្កេតឃើញថា តារាកំប្លែងស្រីរូបនេះ បានបង្ហាញខ្លួនជាថ្មីជាមួយការងារសិល្បៈជាច្រើន មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនមួយទៀតផង។
តែដោយឡែក កាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ អ្នកនាង ខ្ញុង បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាថ្មី ក្រោយពីបានបង្ហោះរូបភាពយ៉ាងស៊ិចស៊ី បង្ហាញសាច់ដើមទ្រូង និងគល់ភ្លៅប៉ុន្មានសន្លឹក ភ្ជាប់ជាមួយសំណេរលេងសើចបែបនេះថា៖ «បើចង់បានអូន ទម្លាក់លេខទូរស័ព្ទ និងទីតាំងមក បងប្អូន»។
ពិតណាស់ ជាមួយការបង្ហោះសំណេរដ៏ញាក់សាច់ខាងលើ បានធ្វើឲ្យមហាជនមួយចំនួន សម្តែងការមិនពេញចិត្ត ព្រោះយល់ឃើញលើន័យផ្សេង ដោយបានបង្ហាញប្រតិកម្មដាក់ឲ្យបែបនេះថា៖ «អុញ មេចចុះ? លក់អីដាក់រូបខ្លួនអែងអោយគេទម្លាក់លេខ ខេបសិននេះគេច្រលំ និងមិនអោយតម្លៃបាន យ៉ាងណាក៏ជាអ្នកសិល្បៈ ផុសអីអោយគិតអ្នកដ៏ទៃផង ចែអើយ, ហេតុអីបាននិយាយយ៉ាងនេះឆ្ងល់ណាស់?, លក់ខ្លួនមែនចែ»។
មិនចាំយូរ ក្រោយមានអ្នកប្រកាន់បែបនេះ អ្នកនាង ខ្ញុង ក៏បានធ្វើការឆ្លើយតបទៅវិញភ្លាមៗថា៖ «រៀនបើកចិត្តឱ្យទូលាយបន្តិចទៅ ទើបឃើញពិភពលោកដ៏ស្រស់ស្អាត ហើយគិតអ្វីល្អៗគិតថានិយាយលេងបន្តិចបន្តួចជាមួយបងប្អូនមិនខុសទេ ព្រោះខ្ញុំបង្ហាញពីរូបរាងរបស់ខ្ញុំ។ អាចនឹងគាត់ចង់បានថ្នាំសម្រករបស់ខ្ញុំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







