ឪពុកម្ដាយគ្រប់រូបតែងចង់ឱ្យកូនក្លាយជាមនុស្សល្អ មានជីវិតជោគជ័យ មានអនាគតភ្លឺថ្លា ដូច្នេះហើយទើបសម្រាប់រឿងរៀនសូត្រ គ្មានឪពុកម្ដាយណាម្នាក់ ស្ដាយប្រាក់ដែលខ្លួនបានលះបង់ដើម្បីឱ្យកូនបានទទួលការសិក្សារៀនសូត្រដ៏ល្អឡើយ តែឪពុកម្ដាយមួយចំនួន អាចនឹងភ្លេចថា កូនក៏ចេះនឿយហត់ដែរ នៅពេលដែលត្រូវរៀនទាំងយប់ទាំងថ្ងៃ។

កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមអនឡាញ បានចែករំលែករឿងរ៉ាវរបស់កុមារ វ័យ ៨ឆ្នាំម្នាក់នៅក្នុងប្រទេសចិន ដែលសុខៗ ក៏ស្រាប់ដួលសន្លប់ខណៈកំពុងអង្គុយរៀន។ ក្មេងប្រុសត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗតែម្ដង។ ក្រុមគ្រូពេទ្យបានពិនិត្យឃើញថា កុមាររងគ្រោះកើតអាការអវយវៈមួយចំនួន គាំងលែងធ្វើការ តែក្រោយពីបានទទួលការជួយសង្គ្រោះពីបណ្ដាក្រុមគ្រូពេទ្យ ក្មេងប្រុសក៏បានដឹងខ្លួនឡើងវិញជាថ្មីម្ដងទៀត។ នៅពេលនោះ នៅក្បែរគ្រែរបស់គេ មានអាណាព្យាបាលកំពុងទួញទ្រហោយំដោយក្ដីត្រេកអរ ដែលបានឃើញកូនបើកភ្នែក ដឹងខ្លួនឡើងវិញ។

ក្នុងអំឡុងពេលមិនប៉ុន្មាននាទីដែលបើកភ្នែកឡើងដឹងខ្លួនឡើងវិញនោះ ក្មេងប្រុសកម្សត់បាននិយាយជាមួយម្ដាយរបស់គេ បានត្រឹមតែ ៨ម៉ាត់ថា “កូនហត់ណាស់ កូនសុំគេងបន្តិចទៀត” បន្ទាប់ពីនោះមក ក្មេងប្រុសក៏បិទភ្នែកលង់លក់ទៅវិញសន្សឹមៗ និងធ្លាក់ក្នុងអាការសន្លប់ជាថ្មីម្ដងទៀត ហើយគ្រានោះ គឺជាគ្រាចុងក្រោយ ដែលម្ដាយបានឮសំឡេងកូនប្រុសរបស់គាត់ ខណៈដែលគ្រូពេទ្យបានបន្ថែមថា អាការដែលធ្ងន់ធ្ងរបំផុតនោះ គឺក្មេងលែងមានការតាំងចិត្តក្នុងការចង់មានជីវិតរស់នៅតទៅទៀតហើយ ឬអាចនិយាយបានក្នុងន័យមួយទៀតថា គឺក្មេងប្រុសនឿយហត់ខ្លាំងហួសហេតុពេក គេលែងមានកម្លាំងកំហែង និងលែងចង់មានជីវិតរស់នៅតទៅទៀតហើយ។

ក្នុងអំឡុងពេលនោះ ឪពុកម្ដាយរបស់កុមារកម្សត់បានទ្រហោយំ និងទួញសោកយ៉ាងខ្លាំង ដោយម្ដាយបានប្រាប់ថា កូនប្រុសរបស់គាត់ ជាក្មេងល្អខ្លាំងណាស់ ហើយរៀនពូកែទៀតផង ដូច្នេះ មិនថាគ្រួសារមានលុយច្រើនប៉ុនណា ក៏លះបង់ទៅលើការសិក្សារបស់កូនទាំងអស់ដែរ…ពួកគាត់សុខចិត្តចំណាយលុយចុះឈ្មោះ ឱ្យកូនបានចូលរៀននៅក្នុងស្ថាប័នអប់រំផ្សេងៗ។ មានពេលខ្លះ កូនប្រុសបានញ៉ាំតែនំប៉័ង ១ដុំ រួចហើយក៏ទៅរៀនតតែម្ដង។ ក្មេងម្នាក់នេះគ្មានថ្ងៃឈប់សម្រាកចុងសប្ដាហ៍ឡើយ ពេលវេលាទាំងអស់ ត្រូវបានលះបង់ទៅលើការរៀនសូត្រទាំងអស់។ វាជាកាលវិភាគដែលច្បាស់លាស់ តាំងពីនៅរៀនមត្តេយ្យមកម្ល៉េះ។
ថ្ងៃកើតហេតុ ម្ដាយមើលឃើញថា កូនចាប់ផ្ដើមធុញទ្រាន់នឹងការរៀនសូត្រហើយ គេមិនចង់ទៅប្រឡងទេ ម្ដាយក៏ផ្ដល់កម្លាំងចិត្ត និងសន្យាថា បើកូនប្រឡងជាប់ នឹងឱ្យរង្វាន់ដោយការនាំទៅដើរលេង តែសុខៗ កូនប្រុសក៏សន្លប់បាត់ស្មារតីបន្ទាប់ពីពេលនោះតែម្ដង។

ទាំងអស់នេះ ក្រោយពីហេតុការណ៍នេះ ត្រូវបានផូស្តនៅក្នុងបណ្ដាញសង្គមអនឡាញ ធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ភ្ញាក់ផ្អើល រញ្ជួយចិត្ត និងអាណិតអាសូរយ៉ាងខ្លាំង ហើយអ្វីដែលគួរឱ្យសោកសង្រេងជាទីបំផុតនោះគឺ មិនមែនត្រឹមតែក្មេងប្រុសកម្សត់រូបនោះប៉ុណ្ណោះទេ តែនៅមានអាណាព្យាបាលជាច្រើនទៀត ដែលសុខចិត្តចំណាយប្រាក់ដ៏ច្រើន ទៅលើការៀនសូត្ររបស់កូនក្នុងតម្លៃដ៏ខ្ពស់ តែបែរជាព្រងើយកន្តើយជាមួយអារម្មណ៍របស់កូនៗដោយមិនបានតាំងចិត្ត។
អាណាព្យាបាលគ្រប់រូប ត្រូវការតែរឿងល្អៗបំផុតសម្រាប់បុត្រធិតារបស់ខ្លួន មនុស្សជាច្រើនបង្ខំឱ្យកូនៗរៀនយ៉ាងខ្លាំងក្លា ព្រោះតែយល់ឃើញថា ការរៀនសូត្រ គឺជាដំណើរផ្លូវឆ្ពោះទៅរកភាពជោគជ័យ តែទីបំផុត គឺឪពុកម្ដាយហ្នឹងឯង ដែលដាក់សម្ពាធទៅលើកូនខ្លាំងបំផុតនោះ៕



