កូនប្រុសសាកល្បងផ្ញើសារលេងៗ ទៅលេខទូរស័ព្ទរបស់ឪពុកដែលបានស្លាប់ ៣ឆ្នាំទៅហើយ ស្រាប់តែត្រូវចម្លែកចិត្ត ព្រោះប៉ុន្មាននាទីក្រោយមក គេក៏បានទទួលសារតបត្រឡប់មកវិញ…
កាលពីចុងខែមីនាកន្លងទៅ បុរសវ័យ ២២ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុងស៊ីអាន ប្រទេសចិន បានផ្ញើសារទៅលេខទូរស័ព្ទរបស់ឪពុករបស់គេ ដែលបានស្លាប់កាលពី ៣ឆ្នាំមុន រួចហើយគេក៏បានទទួលសារឆ្លើយតបមកវិញយ៉ាងគួរឱ្យចម្លែកចិត្ត។

សារដែលផ្ញើទៅនោះ គេបានសរសេរថា “ប៉ា ខ្ញុំបានប្រឡងធ្លាក់បរិញ្ញាបត្រ តែខ្ញុំនឹងប្រឡងម្ដងទៀតនៅឆ្នាំក្រោយ។ ប៉ា ខ្ញុំនឹកប៉ាខ្លាំងណាស់ សូមប៉ាឆ្លើយតបមកខ្ញុំវិញផង និងចាំជួបគ្នានៅក្នុងសុបិនរបស់ខ្ញុំ ណា៎ប៉ាណា៎”
រួចហើយត្រឹមតែប៉ុន្មាននាទីតមក គេក៏បានទទួលការឆ្លើយតបពីខាងនោះមកវិញ។ មិនមែនជាការឆ្លើយតបពីឪពុកដែលបានស្លាប់ទៅហើយនោះទេ តែជាម្ចាស់ថ្មីរបស់លេខទូរស័ព្ទចាស់នោះ ដែលផ្ញើសារមកផ្ដល់កម្លាំងចិត្តដល់គេវិញយ៉ាងកក់ក្ដៅ ប្រៀបដូចជាការឆ្លើយតបជំនួសឪពុករបស់គេ ដែលអត្ថន័យថា…

“មិនអីទេកូន កូននឹងកាន់តែរីកចម្រើនឡើង នៅពេលបានឆ្លងកាត់ការបរាជ័យ។ ចូរខំប្រឹងហ្វឹកហាត់ខ្លួនឯងក្នុង Version ថ្មីដែលល្អបំផុត បោះចោលក្ដីសោកសៅ និងព្យាយាមជាថ្មីម្ដងទៀតនៅថ្ងៃខាងមុខ…ប៉ាក៏នឹកកូនដូចគ្នា”
ក្រោយពីបានទទួលសារនោះហើយ គេក៏ផ្ញើសារថ្លែងអំណរគុណត្រឡប់ទៅវិញ ព្រមទាំងសន្យាថា នឹងខំប្រឹងរៀន និងខំព្យាយាមឱ្យខ្លាំងឡើង “បាទ អរគុណណាស់ដែលបានឆ្លើយតបមកវិញ ទោះជាខ្ញុំមិនដឹងថាលោកជាអ្នកណាមែន តែខ្ញុំមានអារម្មណ៍នឹកអរគុណលោកខ្លាំងណាស់។ ពេលបានឃើញសាររបស់ “ប៉ា” ខ្ញុំយំយ៉ាងខ្លាំង…បាទ សូមអរគុណម្ដងទៀត”

ចំណែកម្ចាស់ថ្មីរបស់លេខទូរស័ព្ទនោះ គឺជាបុរសស៊ែកៅម្នាក់ គេបានឱ្យដឹងថា ពីដំបូងគេគិតថា ជាសារដែលអ្នកម្ខាងទៀតនោះផ្ញើមកដោយមិនបានតាំងចិត្ត តែលុះអានចប់ហើយ ទើបយល់ថា អ្នកខាងនោះកំពុងលំបាកចិត្ត និងត្រូវការកម្លាំងចិត្ត…ក្រោយពីគិតអស់ប៉ុន្មានវិនាទីរួចមក គេក៏សម្រេចចិត្តឆ្លើយតបទៅវិញ។
សារឆាតទៅមករវាងគេទាំង ២នាក់ ត្រូវបានផូស្តនៅក្នុងបណ្ដាញសង្គមអនឡាញ និងបានទាក់ទាញការចូលមើលច្រើនដល់ទៅជាង ១៣០លានដងនៅក្នុង Weibo បណ្ដាញទំនាក់ទំនងសង្គមដ៏ល្បីល្បាញរបស់ប្រទេសចិន និងធ្វើឱ្យមនុស្សជាច្រើននឹករំភើបចិត្តយ៉ាងខ្លាំង៕


