ស្វាយរៀង ៖ លោក នាយឧត្តមសេនីយ៍ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងអំពាវនាវអោយពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព ដោយយើងមានសន្តិភាព និងស្ថេរភាពនយោបាយ ទើបយើងទទួលបានការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន។មិនតែប៉ុណ្ណោះលោកម៉ឹងសំផនក៏បានអំពាវនាវពលរដ្ឋអោយមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនិងត្រៀមឯកសារអោយបានគ្រប់គ្រាន់ដើម្បីនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខមុខនេះ។
ការថ្លែងបែបនេះ ក្នុងឱកាសដែលលោក នាយឧត្តមសេនីយ៍ ម៉ឹង សំផន អញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលាឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាការកសាងឡើងដោយលោកផ្ទាល់និងសមាជិកក្រុមការងារដែលចំណាយការសាងសង់អស់ថវិកា ជាង ៥ ម៉ឺនដុល្លារ ហើយក៏ជាឃុំចុងក្រោយដែលត្រូវសម្ភោធក្នុងចំណោមឃុំទាំង ៦ នៅស្រុកចន្ទ្រា។
ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងទៅកាន់ប្រជាពលរដ្ឋជិត២០០០នាក់ ដោយបាននាំនូវការផ្តាំផ្ញើសាកសួរសុខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល តែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋ។
បើតាមប្រសាសន៍របស់លោកប្រធានក្រុមការងារបានមានប្រសាសន៍បន្តទៀតថា ៖ ប្រទេសកម្ពុជា គឺធ្លាប់បានឆ្លងកាត់នូវភ្លើងសង្គ្រាម ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញអស់ក្នុងរបបប្រល័ យពូជសាសន៍ប៉ុលពត តែក្នុងរយៈពេល៣៩ឆ្នាំ កន្លងមកនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើនទាំងក្នុង កម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបាន ផ្តោតសំខាន់ ទៅលើវិស័យ៤ ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងមនុស្ស ដូច្នេះត្រូវរក្សាសុខសន្តិភាពនេះ ឲ្យស្ថិតស្ថេរយូអង្វែង និងការពារដាច់ខាតកុំឲ្យកើតមានសង្គ្រាម។
លោក ម៉ឹង សំផន បានធ្វើការ ផ្តាំផ្ញើ ដល់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់ ត្រូវការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវផ្តល់សេវាសាធារណៈ ឲ្យបានរហ័សនៅក្នុងមូលដ្ឋាន។ បន្ថែមជាងនេះ ត្រូវរួមគ្នាថែរក្សាសមិទ្ធផល ដែលមានស្រាប់ និងបន្តកសាងឲ្យបានច្រើនបន្ថែមទៀត ក្នុងការសំរួលដល់ការរស់នៅរបស់ពលរដ្ឋឲ្យមានជីវភាពធូរធារ។
លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបន្ថែមទៀតថាការងារឥឡូវបានមកដល់គៀកនិងផ្ទះសម្បែងយើងហើយដោយនៅខេត្តស្វាយរៀងនេះ រាជរដ្ឋាភិបាលបានបង្កើតអោយមានរោងចក្រសហគ្រាសជាច្រើន កន្លែងអាចស្រូបយកកម្មករបានរាប់ម៉ឺននាក់ដូច្នេះត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តការងារអភិវឌ្ឍ ឲ្យរីកចម្រើនជាបន្តបន្ទាប់ទៀត។
បន្ទាប់ពីចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋរួចមកលោកនាយឧត្តមសេនីយ៍បានដឹកនាំក្រុមការងារចុះពិនិត្យអគារស្នាក់ការគណបក្សឃុំច្រេសដែលកំពុងសាងសង់ផងដែរ ៕ វ៉ៃកូ