អតីតអ្នកយកព័ត៌មានរបស់ SBS ដែលបច្ចុប្បន្នជាអ្នកបកប្រែម្នាក់ កាលពីពេលថ្មីៗនេះបានបង្ហាញថា មនុស្សដែលពិបាកបំផុតដែលនាងបានបកប្រែ គឺលោកប្រធានាធិបតី Donald Trump ។
យោងតាម AllKpop នាង Ahn Hyun-mo អាយុ ៣៤ ឆ្នាំ បានបង្ហាញខ្លួនជាភ្ញៀវក្នុងកម្មវិធី “Happy Together 3” របស់ប៉ុស្តិ៍ KBS កាលពីថ្ងៃទី៥ ខែកក្កដា ហើយត្រូវបានចូលរួមដោយ Park Kyung Lim, Jessi និង Kim JiHye ផងដែរ ។
Ahn Hyun-mo ដែលទទួលបានការចំណាប់អារម្មណ៍ នៅលើអ៊ិនធឺណិត សម្រាប់ជំនាញបកប្រែដ៏រលូនរបស់នាង ពីព្រឹត្តិការណ៍ធំៗជាច្រើន នៅក្នុងឧស្សាហកម្មកំសាន្ត ត្រូវបានសួរអំពីបទពិសោធន៍មួយចំនួនរបស់នាង ក្នុងនាមជាអ្នកបកប្រែមួយរូប ។
នាងបាននិយាយនៅពេលសួរថាតើនាងមានការលំបាកខ្លាំងទេ ក្នុងការបកប្រែពាក្យតារាចម្រៀងប៉ុបអាមេរិក នៅក្នុងកម្មវិធី Billboard Music Awards 2018 នៅខែឧសភា ឆ្នាំ ២០១៨ កន្លងទៅនេះ ឲ្យដឹងថា៖ «ខ្ញុំមិនមានការលំបាកច្រើនទេ ក្នុងអំឡុងពេល ‘BBMA’ ។ ប៉ុន្តែ ខ្ញុំពិតជាមានការលំបាកនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាមេរិក – កូរ៉េខាងជើង» ។
នាងបានពន្យល់នៅលើកម្មវិធីដោយផ្តល់ឧទាហរណ៍ដូចជាពាក្យ “ដ៏អស្ចារ្យ” និង “ជាច្រើនទៀត” ថា៖ «ខ្ញុំបានបកប្រែឲ្យលោក Trump ច្រើនដង ។ គាត់ប្រើពាក្យដដែលៗម្តងហើយម្តងទៀត» ។
«ប្រសិនបើអ្នកបកប្រែ បកប្រែដោយផ្ទាល់ នោះគាត់នឹងស្តាប់ទៅដូចកូនក្មេងអីចឹង ។ ដូច្នេះ ខ្ញុំព្យាយាមផ្លាស់ប្តូរពាក្យដូចជា ‘fabulous’, ‘good’, ‘fantastic’” (សម្រាប់រាល់ពេលដែលគាត់និយាយថា ‘great’) ។
កាសែតកូរ៉េខាងត្បូងបានរាយការណ៍ថា Ahn Hyun-mo បានផ្តល់ជំនាញបកប្រែរបស់នាង នៅក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៨ ៕ ចន្ទី