Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ផែនការបង្ការទប់ស្កាត់ការធ្វើបាតុកម្មប្រឆាំងនឹងចំណាត់ការតុលាការរឿងក្តីប្តឹងរំលាយគណបក្សសង្រ្គោះជាតិ

ភ្នំពេញ៖អគ្គស្នងការនគរបាលជាតិបានចេញផែនការស្តីពីការបង្ការទប់ស្កាត់ការធ្វើបាតុកម្មប្រឆាំងនឹងចំណាត់ការតុលាការរឿងក្តីប្តឹងរំលាយគណបក្សសង្រ្គោះជាតិ។ ការចេញផែនការនេះ ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៧។

ក្នុងសេចក្តីជូនដំណឹងរបស់អគ្គស្នងការនគរបាលជាតិ ដែលមានចំនួន៤ទំព័រ លោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការនគរបាលជាតិស្តីទី កាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៧ បានឲ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ចេញផែនការ ស្តីពី ការបង្ការទប់ស្កាត់ការធ្វើបាតុកម្មប្រឆាំងនឹងចំណាត់ការតុលាការរឿងក្តីប្តឹងរំលាយគណបក្សសង្រ្គោះជាតិរបស់តុលាការ ដែលគ្រោងនឹងបើកសវនាការនាថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា រក្សាការពារស្ថេរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងបរិបទនយោបាយថ្មីដែលគណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយដោយតុលាការ ដោយបង្ការ ទប់ស្កាត់មិនទុកឲ្យការញុះញង់បំផុសកៀរគរប្រជាជនប្រមូលផ្តុំបង្កចលាចលសង្គមបាន។ ការពារសុវត្ថិភាពជូនសវនាការជំនុំជម្រះក្តីរបស់តុលាការកំពូល ឲ្យរៀបចំការទៅបានចប់ចុងចប់ដើមដោយគ្មានការរារាំងរំខាន។ មានការត្រៀមលក្ខណៈម្ចាស់ការជាមុននៅគ្រប់អង្គភាព ដើម្បីធានាដល់ការចាត់វិធានការរបស់កងកម្លាំងនគរបាល ប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបចំពោះសភាពការណ៍ ដែលអាចកើតមានឡើងជាយថាហេតុ។

លោកក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ ក្តាប់ឲ្យបានទាន់ពេលវេលា និងវិភាគវាយតម្លៃឲ្យបានត្រឹមត្រូវនូវឧបាយកលរបស់កម្លាំងអមិត្ត ពិសេសគោលការណ៍ផ្ទៃក្នុងរបស់គណ​បក្សសង្រ្គោះជាតិ ចំពោះដំណើរការសវនាការរបស់តុលាការកំពូលនាថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧ ដើម្បីដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់សមស្របនិងមានប្រសិទ្ធភាព។ ក្តាប់ឲ្យបានរាល់ការប្រមូលផ្តុំមនុស្ស ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងចំណាត់ការរបស់តុលាការកំពូលចំពោះរឿងក្តីប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ដោយត្រូវមានវិធានការរំលាយតាំងពីដំបូង ព្រមទាំងធ្វើការទប់ស្កាត់ រាល់ការបញ្ជូនមនុស្សពីបណ្តាខេត្តចូលរួមមករាជធានី ដើម្បីប្រមូលផ្តុំតវ៉ាប្រឆាំង។ អនុវត្តន៍វិធានការច្បាប់ម៉ឺងម៉ាត់ចំពោះជនមេខ្លោងរឹងរួស ដែលបំផុសញុះញង់ឲ្យមានការប្រមូលឆ្នាំ ដើម្បីរារាំងដំណើរការរបស់តុលាការ ឬបង្កឲ្យមានការប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ គ្រប់វិធានការត្រូវធានាបាននូវសំណូមពរច្បាប់ ការគាំទ្រសាធារណៈមតិ និងខិតខំចៀសវាង ការបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស។ ត្រូវធ្វើសេនាធិការជូនគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ជាពិសេស ក្រុង ខណ្ឌ ស្រុក និងឃុំ សង្កាត់ ដើម្បីដើរផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋគ្រប់ទីកន្លែងបានយល់អំពីកំហុស របស់គណបក្សសង្រ្គោះជាតិ យល់ពីច្បាប់ស្តីពីការគណបក្សនយោបាយ និងភាពចាំបាច់ដែលតុលាការកំពូលត្រូវដំណើរការសវនាការ តាមនីតិវិធីព្រមទាំងអប់រំកុំឲ្យចូលរួមប្រមូលផ្តុំធ្វើបាតុកម្ម ក្នុងករណីមានការញុះញង់អូសទាញពីជនអគតិ។

លោកបន្តថា ត្រូវបង្កើនសកម្មភាពប្រមែប្រមូលព័ត៌មានសម្ងាត់ និងចំហប្រចាំថ្ងៃ ដើម្បីវាយតម្លៃឲ្យបានត្រឹមត្រូវអំពីឧបាយកល វិធីសាស្រ្តសកម្មភាពរបស់គណបក្សសង្រ្គោះជាតិ ចំពោះដំណើរការសវនាការ តុលាការកំពូល និងបន្ទាប់ពីការប្រកាសរំលាយគណបក្សនេះ សំដៅផ្តើមស្នើដាក់ចេញនូវវិធានការសមស្របក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយមានប្រសិទ្ធភាព។ ចាត់វិធានការឃ្លាំមើលសកម្មភាពរបស់អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល សមាគមនិងសហជីពសំខាន់ៗ ពិសេសក្រុមដែលមាននិន្នាការលំអៀង ឬមានការថ្នាំងថ្នាក់ចំពោះសមត្ថកិច្ចសំដៅវាយតម្លៃបានអំពីប្រតិកម្មចំពោះចំណាត់ការរឿងក្តីនេះ និងមានវិធានការវាយបកទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។ ចាត់វិធានការចិត្តសាស្រ្តក្នុងកម្លាំងអមិត្ត ដើម្បីបំបែកការប្រមូលផ្តុំដឹកនាំ បន្ថយជំនឿនិងបន្សាបឥទ្ធិពលក្បាលម៉ាស៊ីនប្រឆាំង។ ចាត់វិធានការរំសាយពីដំបូងដោយសន្តិវិធីរាល់ការប្រមូលផ្តុំ ដែលមានបំណងចូលរួមសកម្មភាពប្រឆាំងនិងចំណាត់ការរបស់តុលាការកំពូលទាក់ទងនិងបណ្តឹងរំលាយគណបក្សសង្រ្គោះជាតិ៕ ដោយ៖បញ្ញាស័ក្តិ

×