ករណីអំពើឃាតកម្មចាក់សម្លាប់ដ៏សាហាវ ទៅលើស្រ្តីម្នាក់ ពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណ នៅចំណុចចំការស្លឹកគ្រៃ ក្រោយផ្ទះប្រជាពលរដ្ឋលក់ចោលមួយកន្លែង ស្ថិតនៅក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយពុំដឹងដោយសាររឿងហេតុអ្វី កាលពីយប់ថ្ងៃទី០១ ខែឧសភា នៅពេលនេះ ជនសង្ស័យជាឃាតករត្រូវបានសមត្ថកិច្ចវែកមុខរកឃើញហើយ គឺជាស្រ្តីវ័យម្នាក់។
យោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត និងមានការចុះដឹកនាំស្រាវជ្រាវផ្ទាល់ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំប៉ា និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះស្រាវជ្រាវ និងឈានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជួប លីណា ហៅណែត ភេទស្រី អាយុ ២៣ ឆ្នាំ។
នៅចំពោះមុខសមត្ថកិច្ច នៅកន្លែងកើតហេតុ ជនសង្ស័យបានប្រាប់ថា ខ្លួនបានធ្វើសកម្មភាពចាក់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ ខេង ស្រី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ តែម្នាក់ឯងប៉ុណ្ណោះ ពុំមានអ្នកណាមកពាក់ព័ន្ធនោះទេ។ រីឯមូលហេតុដែលនាំឲ្យខ្លួន សម្រេចចិត្តធ្វើបែបនេះ គឺដោយសារជនរងគ្រោះមិនព្រមពន្យាររឿងជំពាក់បំណុល ហើយក៏កើតការឈ្លោះប្រកែកប្រតាយប្រតប់គ្នា ឈានដល់ខ្លួនយកកាំបិតចុងស្រួច ចាក់ប្រហារជនរងគ្រោះរហូតស្លាប់នៅនឹងកន្លែងតែម្តង។ សពជនរងគ្រោះ ត្រូវបានជនសង្ស័យយកកាំបិតចុងស្រួច ចាក់ចំនួន ៦ កាំបិត បណ្តាលឲ្យបាត់បង់ជីវិតក្នុងចម្ការស្លឹកគ្រៃ។
នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញវត្ថុតាងបន្សល់ទុករួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV 0701 ជារបស់ជនរងគ្រោះ, កាំបិតចុងស្រួចដងពណ៌ខ្មៅផ្លែប្រវែង ២០ ស.ម ចំនួន១ និងស្បែកជើងស៊ក១ចំហៀងពណ៌ខ្មៅ។
បច្ចុប្បន្ន កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស កំពុងកសាងសំណុំរឿងតាមនីតិវិធី ខណៈប្ដីរបស់ជនសង្ស័យ ឈ្មោះ សួន ស៊ីថា អាយុ ៣៤ឆ្នាំ កំពុងស្ថិតក្រោមការស្រាវជ្រាវតាមដានរបស់សមត្ថកិច្ច។
សូមបញ្ជាក់ បើតាមប្រភពបានបង្ហើបឲ្យដឹងថា ករណីកូនបំណុលចាក់សម្លាប់ម្ចាស់បំណុលដ៏គ្មានញញើតដៃបែបនេះ គឺព្រោះតែលុយ ២០ លានរៀល ដែលស្រ្តីវ័យក្មេងជាជនដៃដល់ គ្មានលទ្ធភាពសង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









