Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកប្រវត្តិ “ស្ត្រីកំណាចគ្មានអារម្មណ៍” មហារន្ធត់! តើនាងជាមនុស្ស ឬបិសាច?

spot_img

អ្នកណាដែលនិយមទស្សនាខ្សែភាពយន្តភ័យរន្ធត់ព្រឺព្រួច និងចូលចិត្តស្ដាប់រឿងរ៉ាវភ័យរន្ធត់ សូមតាមដានជាបន្ត ព្រោះថ្ងៃនេះ យើងមានរឿងរ៉ាវ ប្រវត្តិរបស់ស្ត្រីគ្មានអារម្មណ៍ម្នាក់ ឬ “The Expressionless” ដែលយើងមិនដឹងថា តើនឹងហៅនាងថា ជាមនុស្ស ឬក៏បិសាចឡើយ?។
រឿងរ៉ាវពាក់ព័ន្ធនឹងស្ត្រីម្នាក់នេះ គឺថយត្រឡប់ទៅក្នុងខែមិថុនា ឆ្នាំ១៩៧២ មានស្ត្រីម្នាក់បានបង្ហាញខ្លួនឡើងនៅក្នុងមន្ទីរពេទ្យ សេដា-សេណៃ ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ក្នុងសភាពស្លៀកឈុតរ៉ូបពណ៌ស ដែលប្រឡាក់ពេញទៅដោយឈាមក្រហមឆ្អៅ នាងមើលទៅហាក់ដូចជាមនុស្សយន្តដែលមានមុខមាត់លក្ខណៈស្រដៀងនឹងរូបតុក្កតាម៉ាណឺកាំងដែលដាក់តាំងបង្ហាញ។ ទឹកមុខស្មើធេង គ្មានបង្ហាញអារម្មណ៍អ្វីទាំងអស់ តែកម្រើក និងធ្វើចលនាបានដូចមនុស្ស…។

ហើយហេតុការណ៍ដែលនាំឱ្យមនុស្សម្នានៅក្នុងមន្ទីរពេទ្យ បានឃើញហើយ ព្រឺក្បាល និងភ័យរន្ធត់យ៉ាងខ្លាំងនោះ គឺនាងកំពុងខាំកូនឆ្មា ១ក្បាលជាប់នៅនឹងមាត់ និងមានឈាមហូរស្រក់មកលើអាវរ៉ូបវែងពណ៌សរបស់នាងជាប់រហូត…បន្ទាប់ពីនោះ នាងក៏ទាញវាចេញពីមាត់ ហើយគ្រវែងចោល។ បុគ្គលិកនៅក្នុងមន្ទីរពេទ្យ បាននាំខ្លួននាងទៅកាន់បន្ទប់សង្គ្រោះបន្ទាន់។ នាងត្រូវបានពេទ្យចាក់ថ្នាំសណ្ដំ ដើម្បីឱ្យនាងបានស្ងប់សតិស្មារតី តែទឹកមុខរបស់នាង នៅតែមើលទៅគ្មានបង្ហាញពីអារម្មណ៍អ្វីទាំងអស់ដដែល។

រួចហើយហេតុការណ៍ដែលមិននឹកស្មានដល់ ក៏បានកើតឡើងម្ដងទៀត…នាងចាប់ផ្ដើមច្រឡោតតោតតូង និងរើបម្រះយ៉ាងខ្លាំងក្លា រហូតដល់ស្ត្រីគិលានុបដ្ឋាក ២នាក់ ជួយគ្នាចាប់នាងសង្កត់ទៅលើគ្រែ តែនាងក៏តស៊ូ និងរើបម្រះកន្ត្រោងឡើងយ៉ាងអស់ពីកម្លាំងមកវិញ និងរួចពីការឃុំគ្រងនោះ ភ្លាមនោះ នាងបែរទៅសម្លឹងមុខលោកគ្រូពេទ្យ ហើយញញឹមស្ញេញយ៉ាងកំណាចដាក់ទៀតផង ធ្វើឱ្យគ្រប់គ្នាដែលនៅទីនោះ មើលឃើញធ្មេញដ៏មុតស្រួច ដែលហាក់ដូចជាមិនមែនមនុស្សរបស់នាងយ៉ាងច្បាស់។ ចំណែកឯអ្នកគ្រូពេទ្យវិញ ពេលឃើញបែបនោះ ក៏ស្រែកឡើងដោយក្ដីភ័យរន្ធត់យ៉ាងខ្លាំង រួចក៏សន្លប់បាត់ស្មារតីទៅ។

ភ្លាមនោះឯង នាងក៏ស្ទុះហក់ចូលទៅរកលោកគ្រូពេទ្យរូបនោះ និងយកធ្មេញដ៏មុតស្រួចរបស់នាង ខាំត្របាក់បំពង់ករបស់គេ រហូតដល់ឈាមបាញ់ឆ្វាចចេញមកខ្ទាតប្រឡាក់ពេញកម្រាលឥដ្ឋ ព្រមទាំងខ្សិបដាក់ត្រចៀកលោកគ្រូពេទ្យរងគ្រោះនោះថា “យើងគឺជាព្រះជាម្ចាស់!” រួចហើយនាងក៏ដើរចេញពីបន្ទប់នោះទៅយ៉ាងចិត្តត្រជាក់បំផុត ព្រមទាំងនិយាយជាមួយភ្នាក់ងារសន្តិសុខប្រចាំការនៅទីនោះទៀតផង ហើយបន្ទាប់ពីនោះមក នាងក៏បាត់ខ្លួនរហូតតែម្ដង។

អ្នកគ្រូពេទ្យដែលរួចជីវិត បានដាក់ឈ្មោះឱ្យនាងថា “ស្ត្រីកំណាចគ្មានអារម្មណ៍” ឬ The Expressionless ដែលវាបានក្លាយជារឿងរ៉ាវដ៏សែនមហាភ័យខ្លាច និងរន្ធត់ ធ្វើឱ្យរញ្ជួយព្រលឹង និងព្រឺព្រួចនៅពេលបានឮពីរឿងរ៉ាវនេះម្ដងៗ រហូតមកដល់សព្វថ្ងៃ៕

spot_img
×