ភ្នំពេញ ៖ រហូតមកដល់ពេលនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់បានទទួលពាក្យបណ្តឹង ពីភាគីណាមួយនៅឡើយទេ ពាក់ព័ន្ធនឹងការប្រើប្រាស់រថយន្តរដ្ឋ ដើម្បីបម្រើឲ្យយុទ្ធនាការឃោសនារកសំឡេងឆ្នោត ឱ្យគណបក្សនយោបាយ នានា ហើយប្រសិនបើមានពាក្យបណ្តឹង អំពីករណីនេះ គ.ជ.ប នឹងធ្វើការដោះស្រាយតែម្តង នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ដូច្នេះថា បើមានអ្នកដាក់ពាក្យប្ដឹងពាក់ព័ន្ធនឹងការប្រើប្រាស់រថយន្តរដ្ឋឃោសនារកសំឡេងឆ្នោត គ.ជ.បនឹងចាត់ការលើករណីនេះ តាមមាត្រាច្បាប់១៥៨ ស្តីពីច្បាប់បោះឆ្នោត ដោយហៅមកដាក់ពិន័យជាលាយលក្ខណ៍អក្សរ ហើយបើនៅតែប្រព្រឹត្តខុសដដែល គ.ជ.បនឹងផាកពិន័យជាទឹកប្រាក់ពី៥លានរៀល ទៅ១០លានរៀល។ ប៉ុន្តែទោះជាយ៉ាងណា គ.ជ.ប មិនទាន់មានទទួលពាក្យបណ្តឹង ហើយទិដ្ឋភាពផ្លូវច្បាប់នៅក្នុងប្រការ១០ នៃនីតិវិធីនៃការបោះឆ្នោត ចែងថា “ជនណាក៏ដោយក៏មានសិទ្ធិប្តឹងដែរ” ប្រសិនបើមានបណ្តឹង គ.ជ.ប នឹងចាត់ការ ហើយ គ.ជ.ប អត់មានតួនាទី ដូចព្រះរាជអាជ្ញាទេ មានន័យថា ទោះបីអត់មានអ្នកប្តឹង ក៏គាត់អាចប្តឹងបានដែរ។ ប៉ុន្តែ គ.ជ.ប អត់ធ្វើការងារនេះទេ។
ទទ្ទឹមនេះលោក ហង្ស ពុទ្ធា ក៏អំពាវនាវឱ្យគណបក្សនយោបាយទាំងអស់ ណែនាំទៅមន្ត្រី សមាជិក និងអ្នកគាំទ្រគណបក្ស អនុវត្តតាមច្បាប់ និងបម្រាមរបស់គ.ជ.ប ឱ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយល្អ តាមគោលការណ៍សេរី និងយុត្តិធម៌៕ ដោយ៖បញ្ញាស័ក្តិ