វេបសាយ South China Morning Post បានរាយការណ៍ថា ហេតុការណ៍នោះ បានកើតឡើងកាលពីថ្ងៃទី៧ ឧសភាកន្លងទៅ នៅក្នុងទីក្រុងហួយអាន់ មណ្ឌលចៀងស៊ូ ភាគខាងកើតប្រទេសចិន ខណៈដែលកូនកំលោះឈ្មោះ ហ្វឹង លូឃុន និងកូនក្រមុំរបស់គេកំពុងទទួលភ្ញៀវក្នុងពិធីមង្គលការរបស់ពួកគេ សុខៗ ស្រាប់តែបានឮសំឡេងមនុស្សស្រែកឱ្យជួយលាន់ចេញពីបន្ទប់ដែលកំពុងរៀបចំពិធីជប់លៀងអាពាហ៍ពិពាហ៍ដូចគ្នា ដែលនៅជាប់គ្នានោះថា “ជួយផង មានមនុស្សខ្យល់គ ដួលសន្លប់! នៅកន្លែងហ្នឹងមានអ្នកណាធ្វើពេទ្យអត់?”

ក្នុងឋានៈជាគ្រូពេទ្យក្នុងផ្នែកសង្គ្រោះបន្ទាន់ ហ្វឹងមានភាពរហ័សរហួនណាស់ចំពោះសំឡេងស្រែកឱ្យជួយសង្គ្រោះបែបនេះ។ កូនក្រមុំ ដែលក៏បានឮសំឡេងស្រែកឱ្យជួយដែរនោះ ក៏ប្រាប់ទៅស្វាមីដោយមិនស្ទាក់ស្ទើរឡើយថា “ប្រញាប់ទៅជួយជីវិតមនុស្សសិនទៅ អូននៅចាំបងនៅទីនេះ!”
ហ្វឹងប្រញាប់រត់ទៅជួយបុរសដែលខ្យល់គដួលនោះ និងបានឃើញថា គេមានអាការប្រកាច់ និងបាត់ស្មារតី។ ក្នុងការសម្ភាសជាមួយសារព័ត៌មានក្នុងតំបន់នៅពេលក្រោយមក ហ្វឹងបាននិយាយថា បុរសម្នាក់នោះ កើតរោគប្រកាច់ស្កន់ជាន់។
ឃ្លីបវីដេអូដែលបានផ្សព្វផ្សាយក្នុងប្រពន្ធអនឡាញ បង្ហាញឱ្យឃើញថា ហ្វឹងដែលកំពុងស្ថិតក្នុងពិធីមង្គលការ បានសុំឱ្យភ្ញៀវនៅក្នុងទីនោះ ទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ មុននឹងញាត់ក្រណាត់ចូលទៅក្នុងមាត់របស់បុរសនោះ ដើម្បីការពារកុំឱ្យគេខាំអណ្ដាតខ្លួនឯង។

តមក មិត្តភក្តិរួមពិធីមួយចំនួនរបស់ហ្វឹង ដែលមកពីផ្នែកសង្គ្រោះបន្ទាន់ដូចគ្នា ក៏ចូលមកជួយ ហើយបន្ទាប់ពីនោះ ១០នាទី រថយន្តសង្គ្រោះក៏មកដល់ និងបានដឹកអ្នកជំងឺរូបនោះទៅមន្ទីរពេទ្យ។
ក្រោយពីទទួលបានការបឋមព្យាបាល អ្នកជំងឺបានដឹងខ្លួនឡើងវិញហើយ គេ និងក្រុមគ្រួសារបានមកសម្ដែងការអរគុណដល់ហ្វឹង។ ហ្វឹងបានប្រាប់ទៅ Hualan TV ថា “ខ្ញុំគិតថា ក្នុងឋានៈជាអ្នកជំនាញខាងកិច្ចការពេទ្យ ខ្ញុំត្រូវតែធ្វើការជួយសង្គ្រោះក្នុងស្ថានការណ៍បែបហ្នឹង”
កាលពីសប្ដាហ៍កន្លងទៅ ឃ្លីបការជួយសង្គ្រោះនោះ បានក្លាយជាទីពេញនិយមនៅក្នុងវេបសាយល្បីឈ្មោះ Weibo ទាក់ទាញអ្នកចុចចូលមើលរាប់លានដង និងទទួលបានការកោតសរសើរច្រើនសន្ធឹកសន្ធាប់ក្នុងបណ្ដាញសង្គមអនឡាញ។ អ្នកលេងបណ្ដាញសង្គមម្នាក់បាននិយាយថា “កូនកំលោះជាមនុស្សល្អណាស់ ដែលបានជួយជីវិតមនុស្សម្នាក់នៅក្នុងថ្ងៃរៀបការរបស់គេ ខ្ញុំសូមជូនពរឱ្យពួកគេមានសេចក្ដីសុខក្នុងថ្ងៃរៀបការ និងមានជីវិតអាពាហ៍ពិពាហ៍ដ៏ល្អ រាប់រយឆ្នាំទៅមុខទៀត”៕





