Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពចំនួន៧ចំណុច ដើម្បីឲ្យថ្នាក់ក្រោមជាតិអនុវត្ត សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅដោយគ្មានភាពភ័យខ្លាច

spot_img

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុក ដាក់លើវិស័យសន្តិសុខជាតិយ៉ាងខ្លាំង ដោយបានបង្កើតឲ្យមាន គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីឲ្យថ្នាក់ក្រោមជាតិអនុវត្ត សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅដោយគ្មានភាពភ័យខ្លាច ។ មិនត្រឹមតែប៉ុណ្ណោះទេ រាជរដ្ឋាភិបាលនូវបានបង្កើតឲ្យមានការប្រលងប្រណាំងនិងផ្តល់រង្វាន់លើកទឹកចិត្ត ចំពោះមូលដ្ឋានណាដែលអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនេះបានល្អជាងគេផងដែរ។ នេះជាការលើកឡើងរបស់លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។

លោកសន្តិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍បន្តទៀតថា៖ កិច្ចប្រជុំខាងលើនេះធ្វើឡើង ក្នុងគោលបំណង ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចឲ្យកាន់តែល្អប្រសើរ ជាមួយនិងការគៀគរឲ្យមានការចូលរួមអនុវត្តពីគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តគោលនយោបាយនេះ អនុវត្តទៅកាន់តែល្អប្រសើរ បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។

លោកសន្តិបណ្ឌិត ខៀវ សុភ័គ បានបន្ថែមទៀតថា កងកម្លាំងនិងអាជ្ញាធររបស់យើងនេះហើយជាអ្នករួមចំណែកយ៉ាងពិតប្រាកដ ក្នុងការធ្វើឲ្យប្រទេសជាតិ ដែលដើរចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ ។ លោកបន្តទៀតថា សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន ជាអ្នកស្វែងរកសន្តិភាព ដោយបានធ្វើអោយប្រទេសកម្ពុជាមានសន្តិភាព ពេញផ្ទៃប្រទេស ក្រោយពីខកខានជាង៥០០ឆ្នាំមកហើយ។

លោក ហ៊ុន សុរិទ្ធី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងដែរថា៖ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់លើវិស័យសន្តិសុខជាតិ ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ ពីព្រោះថាវិស័យនេះ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម ព្រមទាំងការអភិវឌ្ឍវិស័យដទៃទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ។

លោកបន្តថា ក្នុងរយៈ ពេល ៥ ខែ ដើមឆ្នាំ២០២៣ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចាត់តាំងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដោយរក្សាបាននូវសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ ជាពិសេសក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ដែលទើបកន្លងផុតទៅថ្មីៗនេះ ប្រកបដោយបរិយាកាសសប្បាយរីករាយ អធិកអធម និងពោរពេញ ដោយក្តីមោទនភាពបំផុត។ ជាមួយគ្នានេះ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះ ទោះបីចំនូនបទល្មើសព្រហ្មទណ្ឌដែលបានកើតមានក្នុងរាជធានីភ្នំពេញ មានការកើនឡើង ១៤៤/១៣៣លើក កើនឡើងចំនួន ១១ លើក ស្មើនឹង ៨,២% ប៉ុន្តែគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន ១២២ ករណី ស្មើនឹង ៨៤,៧២% ចំនួនបទល្មើសរួម ដោយបានឃាត់ខ្លួនជនល្មើសចំនួន ២០៦ នាក់ និងបានដកហូតវត្ថុតាង ព្រមទាំងសម្ភារពាក់ព័ន្ធ មួយចំនួនទៀត ដែលនេះ បានបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដូច ភ្លៀងរលឹម របស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា៖ គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពចំនួន៧ចំណុចនេះរួមមាន៖ ១. ការផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២. គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង ៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
៦. មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ
៧. ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×