មួយរយៈចុងក្រោយនេះ អំពើចោរកម្ម ជាពិសេសក្រុមចោរឆក់ដៃស្អិត និងជំនាញ កត់សម្គាល់ឃើញថា បានចេញធ្វើសកម្មភាពជាបន្តបន្ទាប់ មិនថាពេលយប់ ឬ ពេលថ្ងៃ ដែលសូម្បីមានមនុស្សធ្វើដំណើរឆ្លងកាត់អ៊ូអរយ៉ាងណា ក៏ពួកចោរគ្មានខ្លាចញញើតសោះឡើយ ព្រោះដោយសារតែអាងមានក្រុមបក្ខពួក។
ដោយឡែក ករណីថ្មីៗនេះទៀត គឺពិតជាសាហាវមិននឹកស្មាន ខណៈដែលចោរម្នាក់បានជិះម៉ូតូឃ្លីក បានធ្វើសកម្មភាពឆក់កាបូបលុយទាំងកម្រោល ពីបុរសអ្នកលក់បន្លែម្នាក់ ខណៈគាត់កំពុងបើករ៉ឺម៉កម៉ូតូតែម្នាក់ឯង ប្រហែលទៅយកបន្លែនៅផ្សារដើមគរ បណ្តាលឲ្យក្រឡាប់រ៉ឺម៉កគួរឲ្យអាសូរ។
ហេតុការណ៍នេះ ត្រូវបានដឹងថា បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៦ នាទី យប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទោះជាយ៉ាងណា ករណីនេះ ពុំបណ្តាលឲ្យបុរសអ្នកលក់បន្លែនោះ រងគ្រោះថ្នាក់នោះទេ ដោយគ្រាន់តែក្រឡាប់រ៉ឺម៉ករងការខូចខាត។ ប៉ុន្តែ លុយក្នុងកាបូបដែលត្រូវបានចោរយកទៅបាត់ដោយសុវត្ថិភាពនោះ គេក៏ពុំដឹងថាមានចំនួនប៉ុន្មាននោះទេ តែបើការប៉ាន់ស្មាន គឺអាចខ្ទង់លានឡើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



