កាលពីពេលថ្មីៗនេះ ពិធីភ្ជាប់ពាក្យមួយ បានក្លាយជារឿងល្បីល្បាញយ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គមក្នុងប្រទេសចិន ក្រោយពីខាងកូនកំលោះបានដឹកគ្រឿងបណ្ណាការថ្លៃទឹកដោះចំនួនដ៏ច្រើនមហាសាលមកជូនកូនក្រមុំដល់ផ្ទះ ដោយមានទាំងអង្គរក្សការពារមកជាមួយទៀតផង។
តាមរបាយការណ៍ ពិធីភ្ជាប់ពាក្យនេះ ត្រូវបានរៀបចំឡើងក្នុងអំឡុងពេលព្រឹកនៃថ្ងៃទី៣០ ខែឧសភាកន្លងទៅ នៅឯគេហដ្ឋានខាងស្រី ក្នុងទីក្រុងថៃចូវ មណ្ឌលចឺចៀង ដោយនៅខាងមុខផ្ទះ មានរថពាសដែក ១គ្រឿងបានមកដល់…បន្ទាប់មក ក៏មានបុរសឯកសណ្ឋានអង្គរក្សចំនួន ៤នាក់ បាននាំគ្នាលើកឡាំងជ័រពណ៌ក្រហមៗ ចុះពីក្នុងរថយន្ត ហើយនាំគ្នាលើកចូលទៅក្នុងផ្ទះកូនក្រមុំ។

ឡាំងទាំងនោះមានចំនួន៦ នៅខាងក្នុងផ្ទុកពេញទៅដោយគ្រឿងបណ្ណាការ ដែលខាងប្រុសយកមកប្រគល់ជូនកូនក្រមុំ និងក្រុមគ្រួសាររបស់នាង ដែលមានដូចជា លុយសុទ្ធចំនួនដ៏ច្រើន ដុំមាសសុទ្ធ នាឡិកាម៉ាកល្បី និងគ្រឿងអលង្ការថ្លៃៗ ទំនើបៗជាច្រើនទៀត។
តមក លោកយៀន ដែលជាកូនកំលោះ វ័យ ៣០ឆ្នាំ បានផ្ដល់បទសម្ភាសន៍ថា រូបគេមកពីទីក្រុងវឹនលីង មណ្ឌលចឺចៀង ហើយគ្រឿងបណ្ណាការភ្ជាប់ពាក្យ ដែលគេយកមកជូនគូដណ្ដឹងនេះ មានតម្លៃសរុបច្រើនជាង ៩,៩លានយន់ ឬប្រមាណជិត ២លានដុល្លារ ហើយច្បាស់ណាស់ វាមិនមែនជាចំនួនតិចតួចឡើយ ទើបគេទំនាក់ទំនងទៅខាងធនាគារ ដើម្បីជួលរថយន្តពាសដែក ដើម្បីដឹកលុយ និងអង្គរក្ស ៤នាក់ ដើម្បីការពារសុវត្ថិភាព។

ក្រោយពីពិធីភ្ជាប់ពាក្យបានបញ្ចប់ទៅ ក្រុមគ្រួសារខាងស្រី បានរក្សាទុកមាសសុទ្ធ និងគ្រឿងអលង្ការផ្សេងៗទាំងនោះទុក ចំណែកឯលុយសុទ្ធទាំងប៉ុន្មាន ត្រូវបាននាំយកទៅធនាគារវិញ ដើម្បីដាក់ចូលបញ្ជីគណនេយ្យរបស់កូនស្រី។
លោកយៀន បានបន្ថែមថា លោក និងអនាគតភរិយា មានផែនការរៀបចំពិធីអាពាហ៍ពិពាហ៍នៅចុងឆ្នាំ២០២៣នេះ…លោកមិននឹកស្មានថា បរិយាកាសក្នុងពិធីភ្ជាប់ពាក្យរបស់លោកនេះ វាល្បីល្បាញក្នុងបណ្ដាញសង្គមខ្លាំងដល់ថ្នាក់ហ្នឹងសោះ ព្រោះនេះ គឺជាប្រពៃណីក្នុងតំបន់ ដែលគេតែងជួបជាញឹកញាប់នៅក្នុងទីក្រុងថៃចូវ ព្រោះការជូនថ្លៃទឹកដោះចំនួនច្រើនៗទៅខាងស្រី គឺជារឿងប្រក្រតីសម្រាប់ទីនេះ (អូហូ!)៕



