Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ! ចាប់​ឡាន​ម៉ូតូ អត់​ស្គាល់​កន្លែង​គេ​រក​ស៊ី ព្រឹក​ទល់​ល្ងាច១ខែ៣០ថ្ងៃ ទៅ​ប្រាប់ បែរ​ស្រែក​ស្តី​ឲ្យ​គេ​ទៀត ឥឡូវ​ម្ចាស់ហាង​ស្នើ​ដល់​ថ្នាក់​លើ ជួយ​មើល​ផង

ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបអាជីវកម្មរកស៊ី នាំគ្នារអ៊ូរទាំ និងធុញទ្រាន់យ៉ាងខ្លាំង ទៅនឹងក្រុមប៉ូលិសចរាចរ នៅក្បែរស្ពានអាកាសផ្សារដីហុយ ដែលដាក់គោលដៅចាំផាកពិន័យ ពីព្រឹកទល់ល្ងាច មួយខែ៣០ថ្ងៃ ដោយឃាត់យានយន្តបន្តបន្ទាប់ ដាក់ពេញៗមុខហាង បង្កការរំខានដល់ការរកស៊ីទទួលទានប្រចាំថ្ងៃយ៉ាងខ្លាំង ហើយឆ្ងាញ់ត្រង់ទៅប្រាប់ត្រឹមត្រូវ បែរប្រើសម្តីដ៏គ្មានសុជីវធម៌សម្លុតម្ចាស់ហាងទៀត។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Na Na ដែលជាម្ចាស់ហាងម្នាក់ ក្នុងចំណោមហាងជាងច្រើន បានសម្រេចចេញមុខបង្ហោះសារប្តឹងទៅថ្នាក់លើឲ្យជួយមើលផង ដោយបានរៀបរាប់ពីការលំបាក ក្នុងការប្រកបរបររកស៊ី ដោយសារតែអស់លោកប៉ូលីសទាំងនោះយ៉ាងដូច្នេះថា៖ «ខ្ញុំអត់ដឹងថាថ្នាក់លើរដ្ឋាភិអបាល ត្រូវឱ្យពួកគាត់ពូពូប៉ូលីសផាកពិន័យចរាចរណ៍មួយខែមានប៉ុន្មានថ្ងៃនោះទេ តែបើតាមខ្ញុំឃើញពួកគាត់បានផាកពិន័យម៉ូតូឡានជារៀងរាល់ថ្ងៃមួយខែ30ថ្ងៃពេញ គាត់បានចាប់ម៉ូតូឡាន តាំងពីព្រឹកដល់ល្ងាច គាត់បានយកឡានដែលគាត់ផាកពិន័យ មកដាក់មុខហាងរបស់ខ្ញុំពេញៗ តាំងពីព្រឹកដល់ល្ងាច ចេញមួយចូលមួយ ចេញមួយចូលមួយ ដល់ខាងបុកគ្គលិករបស់ខ្ញុំទៅប្រាប់គាត់ បែរគាត់និយាយស្រែកសម្លុតអោយបុគ្គលិករបស់ខ្ញុំដែលគាត់ទៅប្រាប់ គាត់បានធ្វើបែបនេះជារៀងរាល់ថ្ងៃ»។

ម្ចាស់ហាងខាងលើ ក៏បានបញ្ជាក់ឲ្យដឹងថា «ហាងទីតាំងរបស់ខ្ញុំ បើកទទួលអតិថិជន តែបើគាត់ទុកឡានពេញមុខហាងរបស់ខ្ញុំបែបនេះ តើអតិថិជនរបស់ខ្ញុំគាត់ជិះឡាន ឬម៉ូតូចូលតាមប្រឡោះណាកើត ទីតាំងហាងរបស់ខ្ញុំជួលគេមួយខែមួយខែ ថ្លៃណាស់ បង់ផ្ទះ នៅចំណាយប្រាក់ខែបុគ្គលិក នៅផ្សេងៗទៀត តែបើគាត់ចាប់ឡានដាក់ពេញមុខហាងរបស់ខ្ញុំបែបនេះ តើអតិថិជនណាគាត់អាចចូលមកហាងខ្ញុំកើត អតិថិជនគាត់ចូលមិនកើត អត់ចំណូលចូល តើខ្ញុំបានអីទៅចំណាយវិញ ហាងរបស់ខ្ញុំមិនមែនបើកលក់ដូរ ឬ ផ្សព្វផ្សាយអីតាមអនឡាញទេ ហាងរបស់ខ្ញុំបើកទទួលអតិថិជនដែលគាត់ធ្វើដំណើរតាមដងផ្លូវ សូមថ្នាក់ដឹកនាំអភិបាលខណ្ឌសែនសុខ ផ្តល់ភាពមេត្តាសូមជួយពិនិត្យមើល ផ្តល់នៅភាពត្រឹមត្រូវ ដល់ពលរដ្ឋដែលកំពុងរងគ្រោះផងចុះ បងប្អូនជួយស៊ែរផង»។

ពិតណាស់ បើទោះជារូបភាពបានបង្ហាញឲ្យឃើញថា ឡាន ម៉ូតូ ដែលអស់លោកប៉ូលិស ត្រូវបានឃាត់ទាំងនោះ ចតបន្តកន្ទុយគ្នានៅលើចិញ្ចើមផ្លូវសាធារណៈក៏ដោយ តែនេះវាស្ថិតនៅពីមុខផ្ទះ មុខហាងកន្លែងរកស៊ីរបស់គេ បើអស់លោកជាម្ចាស់ផ្ទះ ជាម្ចាស់ហាង តើមានអារម្មណ៍បែបណា?? ហេតុនេះ សូមថ្នាក់លើ មេត្តាជួយដោះស្រាយបញ្ហានេះជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដោយសារតែរឿងមួយនេះផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×