ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានយាងនិងអញ្ជើញចូលួមក្នុងពិធីរម្លឹកខួប លើកទី២៥ឆ្នាំ នៃការបង្កើតមន្ទីរពេទ្យគន្ធបុប្ជា និង សម្ពោធអគារមជ្ឈមណ្ឌលព័ត៌មាននៃមន្ទីរពេទ្យគន្ធបុប្ជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា៖ ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យគន្ធបុប្ជាបានទទួល ពិនិត្យកុមារ និងស្ដ្រីមានផ្ទៃពោះ នៅផ្នែកពិគ្រោះជំងឺក្រៅ បានចំនួន១៦.៨២២.២២៥ករណី បានព្យាបាល កុមារសម្រាក ក្នុងមន្ទីរពេទ្យ បានចំនួន១.៨៥៣.៥១០នាក់ និងសម្រាលបុត្រ បានចំនួន ២៤៥.៥៩៦នាក់ និងចំណាយថវិកា សរុបប្រមាណ៦៣២លានដុល្លារ។
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលកោតសរសើរ ចំពោះលោកសាស្ដ្រាចារ្យ Beat Richner វេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិក បម្រើការទាំងអស់ នៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ជា ដែលបានយកចិត្តទុកដាក់ ក្នុងមនោសញ្ចេតនាស្រឡាញ់រាប់ អានកុមារមានជំងឺ និងស្ដ្រីមានផ្ទៃពោះ ហើយបានខិតខំបំពេញ ភារកិច្ចបានល្អប្រសើរ ក្នុងការជួយសង្គ្រោះកុមារកម្ពុជាច្រើនលាននាក់ និងស្ដ្រីមួយចំនួនឱ្យរួចផុត ពីជំងឺផ្សេងៗ ដែលជាកត្ដាជំរុញអភិវឌ្ឍន៍វិស័យធនធានមនុស្ស សម្រាប់កសាងសង្គមជាតិនាពេល បច្ចុប្បន្ននិងទៅអនាគត។
ព្រះអង្គ មានព្រះរាជបន្ទូល បន្ដថា ចាប់តាំងពីឆ្នាំ១៩៩២មក មូលនិធិកុមារគន្ធបុប្ជា ដោយមានការឧបត្ថម្ភគាំទ្រពី រដ្ឋាភិបាលស្វ៊ីស និងសប្បុរសជនស្វ៊ីស ព្រមទាំងសប្បុរសជនជាតិ និងអន្ដរជាតិ ផ្សេងទៀត ជាពិសេសលោកសាស្ដ្រាចារ្យ Beat Richner បានកសាងមន្ទីរពេទ្យគន្ធបុប្ជាចំនួន៥កន្លែង នៅរាជធានីភ្នំពេញ និងខេត្ដសៀមរាប សម្រាប់ទទួលកុមារ ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីមាន ជំងឺមកពិនិត្យ សម្រាកព្យាបាលបានច្រើនលាននាក់ដោយមិនយកថ្លៃ។
ព្រះអង្គ បានមានព្រះបន្ទូលទៀតថា “នេះជាសក្ខីភាពបញ្ជាក់ឱ្យឃើញនូវទំហំនៃ ទឹកចិត្ដមនុស្សធម៌ ដ៏ជ្រាលជ្រៅបំផុតរបស់លោកសាស្ដ្រាចារ្យ រដ្ឋាភិបាលស្វ៊ីស សប្បុរសជនស្វ៊ីស ព្រមទាំងសប្បុរស ជនជាតិ អន្ដរជាតិផ្សេងៗទៀត ចំពោះប្រជាជនកម្ពុជា ព្រមទាំងលើផ្នែក ផ្ដល់សេវាសុខភាពកុមារ និងស្ដ្រី”។
ព្រះមហាក្សត្រ ក៏បានអរគុណចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ វិស័យសុខាភិបាល លើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ជាពិសេសតាមរយៈសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ជា ដែលបានរួមចំណែកថែរក្សា ការពារសុខភាពស្ដ្រី និងកុមារក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។
ព្រះអង្គបានថ្លែងអំណរគុណ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ដីដ៏ធំមួយកន្លែងនៅក្នុងខេត្ដ សៀមរាប សម្រាប់កសាងមន្ទីរ ពេទ្យជ័យវរ្ម័នទី៧ កាលពីឆ្នាំ១៩៩៨ និងបានជួយឧបត្ដម្ភ ក្នុងមួយឆ្នាំៗច្រើនលានដុល្លារសហរដ្ឋអាមេរិក ព្រមទាំងបានបង្កលក្ខណៈគ្រប់បែប យ៉ាងដល់មូលនិធិមន្ទីរពេទ្យកុមារគន្ធបុប្ជា ក្នុងការកសាងមន្ទីរពេទ្យ កុមារគន្ធបុប្ជា។ កាយវិកាដ៏ឧត្តុង្គ ឧត្តមនេះ បានបង្ហាញនូវការយកចិត្ដទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងសប្បុរសជនជាតិ ចំពោះសុខភាពកុមារដែលជាទំពាំងស្នងឫស្សីទៅថ្ងៃអនាគត។
ក្នុងឱកាសនេះដែរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវិភាគទានព្រះរាជទ្រព្យចំនួន ១០.០០០ដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏បានចូលរួមវិភាគទានព្រះរាជទ្រព្យចំនួន ១០.០០០ដុល្លារសហរដ្ឋអាមេរិក ជូនចំពោះមូលនិធិមន្ទីរពេទ្យកុមារគន្ធបុប្ផាផងដែរ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានលើកឡើងថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ មូលនិធិគន្ធបុប្ជា ដែលមានលោកវេជ្ជបណ្ឌិត Beat Richner បានពង្រីក ទីតាំងមន្ទីរពេទ្យបាន ចំនួន៥សាខា នៅក្នុងរាជធានីភ្នំពេញ និងខេត្ដសៀមរាប ដែលបំពាក់ទៅដោយឧបករណ៍បច្ចេកវិទ្យា វេជ្ជសាស្ដ្រ បរិក្ខារពេទ្យទំនើបៗ និងមានចំណុះគ្រែសរុបចំនួន ២.១៥៩គ្រែ ក្នុងនោះផ្នែកសម្ភព មានចំនួន២២០គ្រែ ព្រមទាំងមានបុគ្គលិកកម្ពុជាចំនួន ២.៥០០នាក់ កំពុងបម្រើការងារ ដើម្បីផ្ដល់សេវា សុខភាព ព្យាបាលកុមារ និងស្ដ្រីមានផ្ទៃពោះ ប្រកបដោយវិជ្ជាជីវៈ គុណភាព និងប្រសិទ្ធភាពដោយ ឥតគិតថ្លៃ ដែលមានអត្រាគ្របដណ្ដប់ លើកុមារទូទាំងប្រទេស។
លោករដ្ឋមន្ត្រី បានបន្ដថា ក្រៅពីការពិនិត្យ និងព្យាបាលជំងឺមន្ទីរពេទ្យ គន្ធបុប្ជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្ដុះបណ្ដាលផ្នែកវេជ្ជសាស្ដ្រ ឯកទេសកុមារ ហើយបានក្លាយទៅជាមន្ទីរពេទ្យសកលវិទ្យាល័យ ដែលបានជួយបណ្ដុះបណ្ដាលនិស្សិត ពេទ្យបាន យ៉ាងច្រើនថែមទៀតផង៕ ដោយ៖កូឡាប