ភ្នំពេញ ៖ នៅថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវរៀបចំផ្សព្វផ្សាយបន្តអំពីការជូនដំណឹងដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ដោយត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់បានឈប់សម្រាក៣ថ្ងៃ (២២-២៣-២៤ កក្កដា ២០២៣) ដើម្បីទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ខែ កក្កដា ខាងមុខ ដោយទទួលបានប្រាក់ខែដដែល។

នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា «ក្មួយៗ នឹងទៅបោះឆ្នោត ដែលវាជាកាតព្វកិច្ចមួយរបស់ប្រជាពលរដ្ឋ ឬសេរីភាពរបស់ខ្លួន។ បោះឲ្យបក្សណា ជារឿងមួយ។ គេថា ដេកផ្ទះឈ្នះឯង ខ្ញុំថា ដេកផ្ទះងាប់ឯង។ គិតមើលទៅ គេ១០០នាក់ ទៅបោះ ៩៨នាក់ ឯងអត់បោះឆ្នោត ២នាក់ តើរស់នៅជាមួយគេ បានដូចម្តេច? ឲ្យសកម្មជនឯង មិនទៅបោះឆ្នោត ហ្នឹងគេហៅថា មនុស្សខុសខ្នាត»។
បើតាមប្រសាសន៍សម្តេចតេជោ កម្មករនិយោជិត នឹងត្រូវបានឲ្យឈប់សម្រាក ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៣ដល់២៤ ខែកក្កដា ដោយមានប្រាក់បៀវត្ស ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា សមិទ្ធផលដែលកម្ពុជា កំពុងមានមិនមែនកើតដោយចៃដន្យ ឬទេវតាប្រទានឱ្យនោះទេ គឺបានមកពីការខិតខំរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរ។ សុខសន្តិភាពសំខាន់ណាស់ មិនមែនសម្រាប់នាយករដ្ឋមន្ត្រីនោះទេ គឺសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា។
សម្តេចតេជោ ហ៊ុន សែន នៅតែបន្តរំលឹកអំពីគុណតម្លៃនៃសុខសន្តិភាព ខណៈការវិនិយោគពីបរទេសនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺកើតចេញពីប្រទេសដែលកំពុងមានសុខសន្តិភាពនេះឯង។ សម្តេចតេជោបញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។គណបក្សប្រជាជនកម្ពុជាមិនត្រឹមអាចរកសន្តិភាពប៉ុណ្ណោះនោះទេ ថែមទាំងធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀត។ សម្តេចតេជោបន្តអំពាវនាវដល់កម្មករនិយោជិត បន្តចូលរួម រួមគ្នារក្សាសន្តិភាព ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមល្ងង់នៅក្រៅប្រទេសមួយចំនួន ជាពិសេសក្រុមប្រព័ន្ធផ្សព្វផ្សាយគាំទ្របរទេសថា កុំល្ងង់ពេកគណបក្សប្រជាជនមិនមែនគិតត្រឹមតែរឿងបោះឆ្នោតមួយប៉ុណ្ណោះទេ ប៉ុន្ដែគឺគេបានគិតអំពីការរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ឱ្យតែនាយករដ្ឋមន្រ្ដី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្ដីត្រូវបន្តធ្វើវេទិកាជួបជាមួយកម្មករកម្មការិនីបែបនេះ ដើម្បីបង្កើតជាវេទិកាក្នុងការដោះស្រាយបញ្ហានានាជូនដល់កម្មករនិយោជិតទាំងអស់ជាបន្តបន្ទាប់ទៀត៕រក្សាសិទ្ធដោយ ៖ សុទ្ធលី






