ទង្វើនៃការភ្លើតភ្លើន ឬហៅថា ស៊ីជោរតាមគ្នា ដោយពុំបានគិត ជាការពិតណាស់ គឺបានអូសទាញយុវវ័យសម័យថ្មីជាច្រើន ទាំងប្រុស និងស្រី ឲ្យធ្លាក់ទៅក្នុងភាពអវិជ្ជា ប្រាសចាកអស់សិលធម៌ តម្លៃសេចក្តីថ្លៃថ្នូរជាកូនខ្មែរ ដែលមានចរិតស្លូតបូត សុភាពរាបសារ រមទម្យបំផុតនោះ។
ជាក់ស្តែង ក្មេងស្ទាវស្រីៗមួយចំនួនធំ ដែលបានបោះបង់ចោលការសិក្សា ឬ ទាំងនៅកំពុងរៀនសូត្រ គឺតែងត្រូវបានឃើញបញ្ចេញអាកប្បកិរិយាដ៏មិនសមរម្យផ្សេងៗ នៅតាមទីសាធារណៈ ដែលក្នុងនោះ សូម្បីបង្កើតក្រុមបក្ខពួកបង្កជាអំពើហិង្សា វាយតប់គ្នាដ៏អាណាធិបតេយ្យ ជារឿយៗ ដោយគ្មានគិតធ្វើឲ្យអាប់ឱនកិត្តិយសឪពុកម្តាយនោះទេ។
ដោយឡែក ថ្មីៗនេះ (វេលាម៉ោងរំលងអាធ្រាតឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣) សមត្ថកិច្ចសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបង្ក្រាបក្មេងទំនើងស្រីៗមួយក្រុម ដែលបានវ៉ៃប្រតប់គ្នានៅតាមដងផ្លូវសាធារណៈ បង្កភាពអាណាធិបតេយ្យ ប៉ះពាល់សណ្ដាប់ធ្នាប់ យកមកអប់រំ និងធ្វើកិច្ចសន្យា។
តែក្នុងចំណោមនោះ ក្មេងស្រីម្នាក់ជាអ្នកអានកិច្ចសន្យា បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះថា នាងពុំត្រឹមមានរូបសម្បត្តិល្អទេ តែថែមទាំងអានអក្សរយ៉ាងលះ និងម៉ឺងម៉ាត់ទៀតផង ដែលមិនគួរឲ្យណា ភ្លើតភ្លើនតាមមិត្តភក្តិបែបនេះសោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


