ក្មេងប្រុសបាល់ទាត់ថៃ១២នាក់ និងគ្រូបង្វឹករបស់ពួកគេ បានជាប់គាំងនៅក្នុងរូងភ្នំ Tham Luang និងត្រូវបានសង្គ្រោះដោយជោគជ័យយ៉ាងលំបាកលំបិន និងប្រថុយនឹងគ្រោះថ្នាក់បំផុត អូសបន្លាយពេលរហូតដល់ជាង២សប្តាហ៍ បង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅទូទាំងពិភពលោក ។
ប្រធានបេសកកម្មសង្គ្រោះ លោក Narongsak Osottanakorn ថ្លែងឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ (១១ កក្កដា) ថា៖ «ដោយហេតុនេះហើយ តំបន់នេះនឹងប្រែក្លាយជាសារមន្ទីររស់រវើកមួយ ដើម្បីបង្ហាញពីរបៀបនៃប្រតិបត្តិការសង្គ្រោះដែលបានកើតឡើងនេះ» ។
«មូលដ្ឋានទិន្នន័យអន្តរសកម្ម នឹងត្រូវបានបង្កើតឡើង ។ ហើយវានឹងក្លាយជាទីកន្លែងទាក់ទាញដ៏សំខាន់មួយទៀត សម្រាប់ប្រទេសថៃ» ។
មន្ត្រីថៃបាននិយាយថា ឧបទ្ទវហេតុនេះដែលទាក់ទាញអ្នកឯកទេសមកពីជុំវិញពិភពលោក ដើម្បីផ្តល់ជំនួយពួកគេ នឹងត្រូវដាក់ជារូងភ្នំមុតគត់មួយនៅលើផែនទី ហើយថាផែនការទាំងនោះបានចាប់ផ្តើមរួចហើយ ដើម្បីអភិវឌ្ឍរូងភ្នំទៅជាគោលដៅទេសចរណ៍ ។ នេះបើយោងតាម NST ។
ទោះយ៉ាងណា នាយករដ្ឋមន្ត្រី Prayuth Chan-ocha និយាយថា ការប្រុងប្រយ័ត្នបន្ថែមត្រូវតែធ្វើឲ្យបានម៉ត់ចត់ ដើម្បីធានាថាទាំងនៅខាងក្នុង និងខាងក្រៅរូងភ្នំ មានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ។ សៀវភៅមគ្គុទេសក៍មួយ នឹងត្រូវរៀបរាប់អំពីរូងដែលមិនទាន់បានរកឃើញដែលមាន “ច្រកចូលដ៏គួរអោយចាប់អារម្មណ៍” ដែលនាំទៅរកផ្លូវដែលគួរឲ្យកត់សម្គាល់ និងបណ្តាបន្ទប់រូង និងផ្ទាំងថ្មធំៗ ។
អ្នកភូមិរស់នៅក្នុងតំបន់នោះ និយាយថា រូងភ្នំនេះត្រូវបានគេដឹងថាងាយនឹងជន់លិចទឹក ហើយមនុស្សជាច្រើនបានជំរុញឲ្យអាជ្ញាធរបង្កើតការព្រមានច្បាស់លាស់មួយ ។
គួរបញ្ជាក់ថា ឈ្មោះពេញនៃរូងភ្នំនេះ គឺ Tham Luang Nang Non ឬ ហៅថា «រូងនាងដេក» ដែលត្រូវបានធ្វើឲ្យជនជាតិថៃនិយមជំនឿចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយប្រវត្តិរបស់ភ្នំនេះ ៕ ឧត្តម