នៅថ្ងៃទី ១២ ខែកក្កដា ប្រធានាធិបតីអាមេរិក Donald Trump បានបង្ហាញពីអារម្មណ៍សុទិដ្ឋិនិយម ចំពោះការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង គ្រាលោកបានចុះផ្សាយប្រយោគអមជាមួយលិខិតដែលលោក Kim Jong-un បានផ្ញើឲ្យលោកកាលពីថ្ងៃទី ៦ ខែកក្កដា ។
លោក Trump ប្រកាសផ្សាយជាសាធារណៈនូវលិខិតរបស់លោក Kim Jong-un លើ Twitter ។
AFP ឲ្យដឹងថា លោក Kim បានសរសេរលិខិតមាន ៤វគ្គ ហើយបង្ហាញឡើងនូវក្តីសង្ឃឹមអំពី “អនាគតថ្មីមួយ” និងបរិយាយអំពី “ជំនឿមិនប្រែក្រឡាស់” របស់លោក Kim ចំពោះលោក Trump ។
ថ្ងៃទី ៦ ខែកក្កដា ជាថ្ងៃដែលយន្តហោះដឹកប្រមុខការទូតអាមេរិក Mike Pompeo ចុះចតនៅកូរ៉េខាងជើង ហើយការចរចាមួយបានបញ្ចប់ក្នុងសភាពតានតឹង ។
លោក Trump សរសេរ ៖ “ជាសំបុត្រមួយដ៏អស្ចារ្យពីប្រធាន Kim របស់កូរ៉េខាងជើង ។ ដំណើរវិវត្តន៍ធំមួយ ត្រូវបានចាប់ផ្តើម!” ហើយលោកក៏បានចុះផ្សាយលិខិតនេះតែម្តង ។
ក្នុងសំបុត្រលោក Kim បានពណ៌នាសន្និសីទថ្ងៃទី ១២ ខែមិថុនា នៅសិង្ហបុរីរបស់ពួកគេ និងសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខាជា “ការចាប់ផ្តើមដំណើរពោរពេញដោយអត្ថន័យ” ។
លោក Kim សរសេរ ៖ “ខ្ញុំមានអារម្មណ៍ជឿជាក់ថា ភាពត្រៀមជាស្រេចយ៉ាងខ្លាំងក្លា ការប្រឹងប្រែងស្មោះស្ម័គ្រ និងរបៀបដោះស្រាយដ៏ចម្លែករបស់ខ្លួនឯងខ្ញុំនិងឯកឧត្តមប្រធានាធិបតីពិតជាអស្ចារ្យ សំដៅបើកចេញនូវអនាគតថ្មីរវាងកូរ៉េខាងជើងនិងអាមេរិក ឆាប់នឹងមានផ្លែផ្កា” ។
លោក Kim សរសេរបន្ត ៖ “ខ្ញុំវាយតម្លៃខ្ពស់កិច្ចប្រឹងប្រែងខ្លាំងក្លា និងមិនធម្មតារបស់ឯកឧត្តមប្រធានាធិបតីដ៏អស្ចារ្យ សំដៅកែសម្រួលចំណងទាក់ទងរវាងប្រទេសទាំង២ និងការអនុវត្តស្មោះត្រង់ចំពោះកិច្ចព្រមព្រៀងរួម” ។
ទន្ទឹមនោះលោក Kim ក៏បង្ហាញក្តីសង្ឃឹមពីអនាគតថ្មីស្រស់ស្អាត ប៉ុន្តែជំនួបជាមួយប្រមុខការទូតអាមេរិកបែរជាផ្ទុយស្រឡះទៅវិញ ។ ក្រុងព្យុងយ៉ាង បានព្រមានថាអនាគតនៃដំណើរការសន្តិភាព នឹងជួបគ្រោះថ្នាក់ ព្រោះតែសំណូមពរលើសពីការទ្រាំទ្របានរបស់អាមេរិកចំពោះដំណើរការរំសាយនុយក្លេអ៊ែររបស់ប្រទេសនេះ ។
ព្រោះថា គោលបំណងរបស់រដ្ឋការ Kim Jong-un គឺចង់រំសាយនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ពុំមែនធ្វើតែចំពោះកូរ៉េខាងជើងទេ ៕ សូយន