Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឃួង ស្រេង អំពាវនាវឲ្យប្រជាពលរដ្ឋ ពិចារណាឲ្យបានល្អិតល្អន់ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធនាគារ អាចនឹងជួបបញ្ហាធ្ងន់ធ្ងរ ជាមួយនឹងបំណុលធនាគារ

ភ្នំពេញ៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋរៀបចំផែនការគ្រួសារឲ្យបានច្បាស់លាស់ ពោលគឺត្រូវគិតពិចារណាឲ្យបានល្អិតល្អន់ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធនាគារ ។ បើមិនដូច្នេះទេ បងប្អូននឹងជួបបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលធនាគារ។

ការអំពាវបែបនេះរបស់​ឯកឧត្តមឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅជាង១០០០ប័ណ្ណ នៅក្នុងបរិវេណ សាលាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅនាពេលនេះ គឺជាសមិទ្ឋផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងជា អគ្គមគ្គុទ្ទេស៍ដ៏ឆ្នើមរបស់យើង សំដៅផ្តល់កម្មសិទ្ឋិស្របច្បាប់ជូនប្រជាពលរដ្ឋ និងកាត់បាននូវភាពក្រីក្ររបស់ពួកគាត់។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ថា៖ បងប្អូនប្រជាពលរដ្ឋយើង មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធនាគារ ត្រូវគិតពិចារណាឲ្យបានល្អិតល្អន់ កុំឲ្យមានបញ្ហា ពាក់ព័ន្ធបំណុលធនាគារ។ បំណុលធនាគារយកលុយមកចាយវាយមិនត្រឹមត្រូវ វានាំឲ្យមានបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលនេះ។ សម្រាប់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺចង់ឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់រីកចម្រើន ក្នុងមុខរបរ ក្រោមម្លប់សន្តិភាព ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដោយប្រែក្លាយកម្ពុជា មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍លើកឡើងថា៖ ពាក់ព័ន្ធនិងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ សម្រាប់ខណ្ឌព្រែកព្នៅ ដែលមាន០៥សង្កាត់ មាន០២សង្កាត់ បានចុះបញ្ជីដីធ្លី និងចែកប័ណ្ណរួចហើយ គឺសង្កាត់ព្រែកព្នៅ និងសង្កាត់គោករកា ។ សង្កាត់ពន្សាំង ជាសង្កាត់ ទី០៣ ដែលកំពុងដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ឋ ក្នុងចំណោម ២៤ភូមិ បានចែកប័ណ្ណ រួចហើយចំនួន ១១ភូមិ រួមទាំងភូមិចំបក់ធំ និងភូមិកន្លែងគល់ ដែលកំពុងប្រារព្ធពិធីនៅពេលនេះ ចំណែក ១៣ភូមិទៀត កំពុងដំណើរការនីតិវិធីចុះបញ្ជី ឈានទៅចែកប័ណ្ណកម្មសិទ្ឋិក្នុងពេល ឆាប់ៗនេះ។ រីឯ ០២សង្កាត់ទៀត គឺសង្កាត់ពញាពន់ និងសង្កាត់សំរោង ក៏ស្ថិតក្នុងផែនការ ចុះបញ្ជីក្នុងឆ្នាំ២០២៣ នេះដែរ។

លោក សារិន វណ្ណ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងដែរថា៖ រាជធានីភ្នំពេញ ត្រូវបានជ្រើសរើសជាក្រុងអទិភាពក្នុងការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ក្នុងចំណោមខេត្ត- ក្រុងទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ គំរោងរៀបចំដែនដី និងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បានចាប់ផ្ដើមនៅខែតុលា ឆ្នាំ២០០៣ រហូតមកទល់ បច្ចុប្បន្នគម្រោងចុះបញ្ជីដីធ្លីបាន ៨៨ សង្កាត់ ក្នុងចំណោម ១០៥ សង្កាត់ ក្នុងរាជធានីភ្នំពេញ ។ គម្រោង ប្រមូលទិន្នន័យសរុបបាន ៣៧៧ ២៤៦ ក្បាលដី និងចេញប័ណ្ណជូនប្រជាពលរដ្ឋបាន ២៥៦ ១៥៣ ប័ណ្ណ។ និយាយដោយឡែកនៅក្នុងខណ្ឌព្រែកព្នៅ គម្រោងបានចេញប័ណ្ណជូនប្រជាពលរដ្ឋរួចបាន ២ សង្កាត់ គឺសង្កាត់ ព្រែកព្នៅ និងសង្កាត់គោករកា មានចំនួន ២៣ភូមិ ចេញប័ណ្ណសរុបបានចំនួន ៧១០៦ ប័ណ្ណ និងនៅក្នុងសង្កាត់ ពន្សាំង ចេញប័ណ្ណបាន១១ភូមិ មានចំនួន ៦៣៤៨ប័ណ្ណ ។ នៅក្នុងនេះ ក្រោយពីបានធ្វើការបណ្តុះបណ្តាល ការបោះពុម្ពប័ណ្ណកម្មសិទ្ធិមកដល់ថ្ងៃនេះកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានី ភ្នំពេញ សម្រេចបានការផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិចំបក់ធំ និងភូមិកន្លែងគល់ សង្កាត់ពន្សែង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន ១១៣៦ ប័ណ្ណ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×