នេះជារឿងថ្មី បានកំពុងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញករណីរោងចក្រមួយបង្ខំ «កម្មករផ្តិតមេដៃ ទើបអនុញ្ញាតឲ្យចូលធ្វើការបាន» ដែលធ្វើឲ្យកម្មករពិតជាមានការងឿងឆ្ងល់ និងផ្ទុះប្រតិកម្មគ្រប់ៗគ្នា ព្រោះថា រាល់ថ្ងៃមានតែកាត គឺអាចចូលធ្វើការបានហើយ ចុះចម្លែកអីថ្ងៃនេះ បែរជាឲ្យកម្មករផ្តិតមេដៃអ៊ីចឹង តើមានរឿងហេតុអ្វីនៅពីក្រោយ??។
ករណីដ៏ចម្លែកនេះ បានកើតឡើងនៅរោងចក្រឈ្មោះថា ស្តារឡៃថ៍ ស្ថិតតំបន់សេដ្ឋកិច្ច 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។
នេះបើតាមកម្មករម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Bo Got បានបង្ហោះវីដេអូជាក់ស្តែង រៀបរាប់ទាំងហួសចិត្តថា៖ «ចេញថ្មីទៀតហើយ .ស្តារឡៃថ៍. អោយកម្មករផ្តិតមេដៃបានអោយចូលធ្វើការ។ កម្មករសួរសន្តិសុខថា បងផ្តិតមេដៃរឿងអី? សន្តិសុខឆ្លើយខ្ញុំអត់ដឹងទេសួរមេខ្ញុំទៅ។ ពួកកម្មករហួសចិត្ត ពួកគាត់ក៏ដើរចូលក្នុងអស់ទៅ»។
កម្មករខាងលើ ក៏បានបញ្ជាក់ឲ្យដឹងថា មុនរឿងកើតឡើង កម្មកររោងចក្រស្តារឡៃថ៍ បាននាំគ្នាធ្វើការតវ៉ាប្តូរអ្នកគ្រប់គ្រង និងប្រធានរដ្ឋបាល អស់រយៈពេល ១០ ថ្ងៃ ហើយតែមិនទាន់មានដណោះស្រាយទេ។ ហេតុនេះ គ្រប់គ្នាពិតជាឆ្ងល់ និងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ដែលសុខៗ ស្រាប់តែបង្ខំឲ្យផ្តិតមេដៃដ៏ចម្លែកបែបនេះ!។
ជុំវិញរឿងនេះ មហាជនជាច្រើន បានយល់ឃើញផ្សេងៗគ្នា និងផ្តល់ជាយោបល់ប្រយត្ន័ចាញ់បោកល្បិចគេ និងស៊កសៀតថា៖ «វាមិនដែលច្បាប់ឯណាចូលធ្វើការអោយផ្ដិតមេដៃ, មុននិងផ្ដិតមេដៃមើលអោយច្បាស់សិន ប្រយត្ន័ចាញ់បោកគេ, ផ្តិតមេដៃយល់ព្រម យកលុយ1ដុល្លារ ដើម្បីបញ្ចប់កិច្ចសន្យាការងារ ok, ចេះរកនឹកឃើញ បង្ខំកម្មករឲ្យធ្វើតាម ដល់គេមិនធ្វើតាម ខ្មាសគេជាងដើរស្រាតខោទៀត អីក៏ចេះម្ល៉េះ!…»។
ទោះជាយ៉ាងណា ករណីនេះមិនដឹងថា គេធ្វើឡើងក្នុងគោលបំណងល្អ ឬ អាក្រក់យ៉ាងណានោះទេ ខណៈកម្មករ និងក្រុមសន្តិសុខមានទាំងឈុតខ្មៅ បានយកទូរស័ព្ទថតដាក់គ្នាទៅវិញទៅមក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង