Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញសេដ្ឋកិច្ច៖ កម្ពុជា គួរតែមានផ្លូវល្បឿនលឿនទៅខេត្តជាប់ព្រំដែន សម្រួលការធ្វើដំណើរ ដឹកជញ្ជូនកសិផលកាន់តែងាយស្រួល និងមានតម្លៃធូរថ្លៃជាងមុន

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច បានយល់ឃើញថា កម្ពុជា គួរតែមានផ្លូវល្បឿនលឿនទៅខេត្តជាប់ព្រំដែន ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងទំនិញពីរោងចក្រសហគ្រាស កាន់តែងាយស្រួល អាចធ្វើឱ្យតម្លៃដើមនៃការដឹកជញ្ជូន មានតម្លៃទាប។

ទាក់ទងនិងការសាងសង់ផ្លូវល្បឿនលឿនទៅខេត្តជាប់ព្រំដែន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដែលគ្រោងចំណាយ ៤ពាន់លានដុល្លារ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងភាគីក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមការប៉ាន់ស្មាន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងចំណាយខ្ទង់ ២៥០០លានដុល្លារ និងសៀមរាប-ប៉ោយប៉ែត ប្រហែល ១៥០០លានដុល្លារ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាខ្សែផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃ ២ពាន់លានដុល្លារ កំពុងដាក់ឲ្យដំណើរការ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តម្លៃ ១៤០០លានដុល្លារ បានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី ៧ខែមិថុនា ឆ្នាំ ២០២៣នេះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា កិច្ចព្រមព្រៀង ធ្វើឡើងក្នុងគោលបំណងផ្តល់ពេលវេលាឲ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន សិក្សាលំអិតថែមទៀតអំពីការសាងសង់ផ្លូវល្បឿនលឿនទី៣របស់យើង ដំណាក់កាលទី ១ពីភ្នំពេញ-សៀមរាប ដែលមានចម្ងាយប្រែល ២៥០គីឡូម៉ែត្រ និងដំណាក់កាលទីពីរ គឺពីសៀមរាប-ប៉ោយប៉ែត ប្រ ហែល ១៥០គីឡូម៉ែត្រ។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី តាមផែនការក្រុមហ៊ុន នឹងធ្វើការសិក្សាលំអិតរយៈពេល ១២ខែពីគម្រោងនេះ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុន បានធ្វើការសិក្សាអស់រយៈពេល ៥ខែរួចមកហើយ ដូច្នេះក្រុមហ៊ុននឹងប្រើពេលយ៉ាងយូរ ៦ខែទៀតប៉ុណ្ណោះ ដើម្បីបញ្ចប់ការសិក្សារបស់ខ្លួន ដើម្បីផ្តល់ឯកសារជូនមករាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាទើបតែមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា មានប្រវែង ១៦៨គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារ។ ទន្ទឹមនិងនោះ ផ្លូវល្បឿនលឿនទី២ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ដែលមានប្រវែង ១៣៨ គីឡូម៉ែត្រ គ្រោងចំណាយទឹកប្រាក់ ១៧០០លានដុល្លារ ក៏ទើបនឹងបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២៣នេះផងដែរ៕

×