ក្លាយជាឃ្លីបល្បីគួរឱ្យអស់សំណើចមួយ នៅពេលលោកប៉ា ចង់បានកូនប្រសា ព្រោះកូនស្រីអាយុច្រើនហើយ តែមិនទាន់មានអ្នកចូលមកទាក់ទង ក៏ចាត់ការលើកបដាចងនៅមុខផ្ទះ សរសេរថា “បុរសណានៅទំនេរ សូមមេត្តាចូលមកទាក់ទង ថែមអង្ករឱ្យ ៣បាវ” ចំណែកកូនស្រី ឃើញហើយ ស្រែកចាច! “អូយប៉ា! កូនរកខ្លួនឯងបានតើ!”

ក្លាយជាឃ្លីបគួរឱ្យអស់សំណើច លោកឪពុកលេងសើចជាមួយកូនស្រី ដែលពេលឃើញហើយ ទាំងអស់សំណើចផង ទាំងគួរឱ្យស្រឡាញ់ផង។ កាលពីថ្ងៃទី១១ មិថុនា អ្នកលេងបណ្ដាញសង្គម TikTok ម្នាក់ ឈ្មោះកញ្ញា ប៊ីវ ដែលជាម្ចាស់ផេច HappyBeww ជាជនជាតិថៃ ដែលតែងតែធ្វើឃ្លីបរួមជាមួយមនុស្សក្នុងក្រុមគ្រួសារ ជាពិសេសជាមួយលោកប៉ា វ័យ ៧៧ឆ្នាំរបស់នាង បានចាប់យកស្ថានការណ៍ល្អៗនៅក្នុងគ្រួសារ ដែលមានមនុស្សចំណាស់មកផូស្តចែកគ្នាទស្សនា បង្កើតស្នាមញញឹមជូនអ្នកលេងបណ្ដាញសង្គមបានជានិច្ច។
ប៉ុន្តែ ថ្មីៗនេះ កញ្ញាប៊ីវ បែរជាត្រូវលោកប៉ា ធ្វើបាបមួយទំហឹង មួយឈុតធំតែម្ដង ក្រោយពីកាលពេលមុននេះ កញ្ញាប៊ីវបានផូស្តឃ្លីបវីដេអូរៀបរាប់ពីជីវិតខ្លួនឯងក្នុងវ័យ ៤០ឆ្នាំ ព្រមទាំងបង្ហើបឱ្យដឹងពីស្ថានភាពបេះដូងដែលនៅទំនេរស្អាតចែសគ្មានប្រឡាក់ប្រឡូស រហូតក្លាយជាឃ្លីបល្បី មានអ្នកចូលខ្លួនមកសុំស្ម័គ្រធ្វើជាសង្សារច្រើនរាប់មិនអស់។

រឿងនេះ ពេលលោកប៉ាដឹង លោកក៏ប្រញាប់រិះរកវិធីជួយកូនស្រី តាមរកអនាគតកូនប្រសាឱ្យបានឆាប់ៗ ដោយចាត់ការដំឡើងបដាឃោសនាពាណិជ្ជកម្មកូនស្រីយកតែម្ដង។ នៅក្នុងឃ្លីបគេមើលឃើញថា លោកប៉ា បានឱ្យក្រុមការងារទៅចងបដានៅតាមបណ្ដោយច្រកផ្លូវចូលផ្ទះ ដោយនៅក្នុងបដានោះ មានរូបលោកប៉ា និងកញ្ញាប៊ីវ កូនស្រីដ៏សែនស្អាត ព្រមជាមួយសំណេរបញ្ជាក់ថា “បុរសណានៅទំនេរ សូមមេត្តាចូលមកទាក់ទង ព្រោះប៉ាចង់បានកូនប្រសា…កំណត់សម្គាល់៖ ថែមអង្ករជូន ៣២បាវ” ព្រមទាំងមាន QR code សម្រាប់ឱ្យស្គែនរួចជាស្រេចទៀតផង។
ចំណែកកញ្ញាប៊ីវ ក្រោយពីឃើញបដានោះហើយ ដល់ថ្នាក់ស្រែកភ្លាត់សំឡេង “ប៉ា កុំអី!” និងអង្វរលោកប៉ាទាំងអស់សង្ឃឹម ឱ្យលោកប៉ាដោះបដានោះចេញ និងប្រាប់ថា “ប៉ា កូនរកខ្លួនឯងបានតើ…” ចំណែកលោកប៉ា បានឆ្លើយទៅវិញថា “អត់ទេ អត់ទេ ចាំប៉ាជួយរកឱ្យ លឿនជាង ម៉ោះៗ! អ្នកចង់មកទាក់ទង ស្គែន QR code ទៅ!” មុននឹងអស់សំណើចខ្លាំងៗឡើង។
បន្ទាប់ពីឃ្លីបនេះផូស្តចេញទៅ អ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នាអស់សំណើច នឹកឃ្នាន់ខ្នាញ់លោកប៉ា និងកូនស្រី ១គូនេះយ៉ាងខ្លាំង។ អ្នកខ្លះដល់ថ្នាក់ប្រាប់គ្នីគ្នាថា កុំឱ្យប៉ាម៉ាក់ខ្លួនឯងឃើញឃ្លីបនេះឱ្យសោះ ប្រយ័ត្នពួកគាត់ធ្វើតាម…៕







