បុរសជាទាហានម្នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកទាំងក្តីឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីរូបគាត់បានជួបរឿងដ៏អយុវត្តិធម៌ ដោយសារតែក្រុមមន្រ្តីអាវុធហត្ថ រួមដៃគ្នាជាមួយមន្រ្តីរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ បានចុះមកចាប់យកទ្វារ និងគ្រែឈើ ដែលគាត់បានចំណាយលុយទិញ យកមកដាក់ផ្ទះដែលទើបធ្វើថ្មី ដោយចោទថាជាឈើកែច្នៃ!។
នេះបើតាមទាហានរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ Van Nak បានបង្ហោះសុំការជួយអន្តរាគមន៍ពីថ្នាក់លើ ដោយបានរៀបរាប់ដំណើររឿងហេតុឲ្យបងប្អូនមហាជនបានដឹងយ៉ាងដូច្នេះថា៖ «ខេត្តព្រះវិហារ.ថ្ងៃទី21 ខែ6 ឆ្នាំ2023ម្សិលមិញនេះ មានរឿងអយុត្តិធម៏ដែលកើតមកលើរូបខ្ញុំបាទ គឺមានមន្ត្រីកងរាជអាវុធហត្ថក្រុង/ខេត្តព្រះវិហារ និងផ្នែករដ្ធបាលព្រៃឈើ បានមកចាប់ទ្វារ ដែលខ្ញុំបានទិញយកមកប្រើប្រាស់ និងសម្រាប់ផ្គត់ផ្គង់ផ្ទះសំបែងរបស់រូបខ្ញុំទាំងដែលឥវ៉ាន់ខ្ញុំនៅក្នុងដីឡូតិ៍របស់ខ្ញុំ…។ ហើយបានដកហូតរថយន្តនិងទ្វារបស់ខ្ញុំទៅផ្នែករដ្ឋបាលព្រៃឈើ ដោយថាយកទៅធើ្វកិច្ចសន្យាប៉ុណ្ណោះ និងអោយយករថយន្ត ទ្វា មកដាក់ផ្ទះវិញ ប៉ុន្តែពេលទៅដល់មិនដូចនឹងថានិយាយរបស់លោកប៉េអឹមនោះទេ ផ្ទុយទៅវិញគឺលោកឃាត់ និងពិន័យជាសាច់ប្រាក់ទៅវិញ?? ហើយលោកមេប៉េអឹមក្រុង បានសម្លុតនិងគំរាមខ្ញុំថា បើខ្ញុំមិនអោយឡាននិងទ្វាទៅទេ លោកនឹងយកឡានស្ទូច ទាំងដែលគ្មានច្បាប់ រឺដីការពីតុលាការផងនោះ! ខ្ញុំសូមបញ្ជាក់ថា ឥវ៉ាន់ទាំងនេះខ្ញុំពិតជាបានទិញមកប្រើប្រាស់ពិតប្រាកដមែន ដូចរូបភាពបងប្អូនបានឃើញស្រាប់។
សូមឯកឧត្តមអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី សូមលោកជួយពិនិត្យមើលករណីអយុត្តិធម៏មួយនេះផង ដោយក្តីគោរពនឹងអនុគ្រោះ សូមប្រធានមន្ទីកសិកម្ម រក្ខាប្រមាញ់និងនេសាទ លោក ពឹង ទ្រីដា មេត្តាជួយពិនិត្យមើលផង: បំរើការជាកងទ័ពរយៈពេល7ឆ្នាំមកនេះ សន្សំផងជំពាក់គេផង ល្មមតែបានផ្ទះតូចមួយនេះ ឥលូវទ្វាមកមិនទាន់នឹងដាក់ គេចាប់ទៅបាត់ទៀត»។
ពិតណាស់ នៅក្នុងវីដេអូ ត្រូវបានលឺក្រុមមន្រ្តីខ្វះបទល្មើសចាប់ទាំងនោះ និយាយជាមួយម្ចាស់ផ្ទះដ៏ហួសចិត្តបំផុតថា បើយកមកប្រើក៏ប្រើទៅ តែសុំសម្រួលថ្លៃសាំងឡាន បាយទឹក…. ខណៈម្ចាស់ផ្ទះបានឆ្លើយតបទៅវិញថា ដឹកពីដេប៉ូកំពង់ចម្លងជិតបង្កើយ មកទារថ្លៃសាំងយ៉ាងម៉េច! ហើយណាមួយ ទ្វារទិញមកដាក់ផ្ទះ គ្រែទិញមកដេកសោះហ្នឹង!!។ ប៉ុន្តែ ដោយសារម្ចាស់ផ្ទះមិនឲ្យ ក៏ចាប់យកទៅតែម្តងទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






