សូមរំលឹកថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ទាហានម្នាក់បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយអះអាងថា រូបគាត់បានជួបរឿងដ៏អយុវត្តិធម៌ ដោយសារតែក្រុមមន្រ្តីអាវុធហត្ថ និងមន្រ្តីរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ បានចុះមកចាប់យកទ្វារ និងគ្រែឈើ ដែលគាត់បានចំណាយលុយទិញ យកមកដាក់ផ្ទះដែលទើបធ្វើថ្មី ដោយចោទប្រកាន់ថា ទិញឈើកែច្នៃគ្មានច្បាប់អនុញ្ញាត។
តែយ៉ាងណាមិញ ក្រោយរឿងរ៉ាវនេះបានផ្ទុះឡើង ស្រាប់តែនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ទាហានជាម្ចាស់ផ្ទះបែរចេញវីដេអូសុំទោស ថ្នាក់ដឹកនាំខេត្តព្រះវិហារ, មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងផ្នែករដ្ឋបាលព្រៃឈើ ទៅវិញ។ ពិតណាស់ ការចេញមុខសុំទោសនេះ បានធ្វើឲ្យមហាជនជាច្រើនសម្តែងការភ្ញាក់ផ្អើល និងអស់សំណើច ដោយលើកឡើងថា «សប្រែទៅជាខ្មៅ» ទៅជាអ៊ីចឹងទៅ! និងថា ម្ចាស់ផ្ទះសម្រេចសុំទោសបែបនេះ អាចដោយសារសមត្ថកិច្ចបង្ខំតែម្តង។
ទោះជាយ៉ាងណា មកដឹងរឿងហេតុដើមចមនៅពីក្រោយ! នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ឲ្យដឹងថា សមត្ថកិច្ចចុះមកចាប់ដល់ផ្ទះនេះ គឺដោយសារតែរថយន្តម៉ាកធុនត្រា (Tundra) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-7501 គឺជាមុខសញ្ញាបទល្មើស ដែលកន្លងមក រថយន្តនេះតែងតែធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើជាហូរហែរ យ៉ាងអណាធិបតេយ្យជាប្រចាំក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ដែលនេះគឺការអនុវត្តដ៏ត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ និងក្រមនីតិវិធីព្រហ្មទណ្ឌ និងការអនុវត្តបទបញ្ជាដ៏ម៉ឹងម៉ាត់របស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងគណៈបញ្ជាការ។
ដោយឡែក បើតាមទាហានជាម្ចាស់ផ្ទះ បានប្រាប់ឲ្យដឹងថា គាត់ទទួលស្គាល់ថា កាលពីមុន រូបគាត់ពិតជាធ្លាប់រកស៊ីដឹកជញ្ជូនឈើប្រាកដមែន គឺស៊ីឈ្នូលដឹកក្តារមឈូសឲ្យគេ ម្តងម្កាលប៉ុណ្ណោះ ហើយក៏ត្រូវមន្រ្តីរដ្ឋបាលព្រៃឈើ ឲ្យធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពនេះផងដែរ។ ចាប់តាំងពីពេលនោះមក គាត់ក៏បានឈប់ស៊ីឈ្នួលដឹកជញ្ជូនយូរឆ្នាំមកហើយ។ គាត់ក៏បានប្រាប់ឲ្យដឹងបន្ថែមថា ខណៈធ្វើផ្ទះថ្មី គាត់ក៏បានសុំច្បាប់មេមកមើលផ្ទះ និងបានទិញទ្វារចំនួន ៨ សន្លឹក និងគ្រែ១ ពីអ្នកភូមិដែលធ្វើសិប្បកម្មតាមផ្ទះតូចតាច នៅក្នុងភូមិពោធិ៍ទាប ស្រុកឆែប ខេត្តព្រះវិហារ។
តែទន្ទឹមនឹងមនុស្សជាច្រើន នៅតែឆ្ងល់ និងថាសមត្ថកិច្ចធ្វើរឿងនេះជ្រុលពេកហើយ, អ្នកលេងបណ្តាញសង្គមម្នាក់ ក៏បានឲ្យនាំគ្នាពិចារណាថា៖ នេះគឺវាជាការជំរុញឲ្យសមត្ថកិច្ចគេរឹតតែរកស្ថានទម្ងន់ទោសដើម្បីដាក់បន្ថែមទៅលើជនល្មើសថែមទៀតទេ អ្នកឯងមិនគិតមើល ថាតើអ្នកខេត្តព្រះវិហារមានប៉ុន្មានអ្នកហើយដែលដឹកគ្រែនិងទា្វរ យកមកដាក់ផ្ទះហើយត្រូវសមត្ថកិច្ចចាប់ ហេតុអីបុគ្គលម្នាក់ហ្នឹងគេចាប់ គិតឡើងវិញបន្តិចមើល សមត្ថកិច្ចគេមិនល្ងង់ទេ គេស្គាល់មុខសញ្ញាច្បាស់ណាស់។
ទោះជាយ៉ាងណា រឿងរ៉ាវនេះត្រូវបានបញ្ចប់ហើយ ខណៈម្ចាស់ផ្ទះក៏គាត់មិនចង់ចាញ់ឈ្នះនឹងសមត្ថកិច្ចដែរ ចាញ់ជាព្រះឈ្នះជាមា!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










