ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍អបអរសាទរ ខួប១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៧កក្កដា២០០៨-៧កក្កដា២០១៨) និងការដាក់ចូលប្រាសាទសម្បូរព្រៃគុកគម្រប់ខួប១ឆ្នាំ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសាលារាជធានីភ្នំពេញ ក្នុងពិធីនេះមានការចូលរួមពីមន្ត្រីរាជការ ចំណុះឲ្យសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ហើយលោកអភិបាលរាជធានី និងលោកប្រធានក្រុមប្រឹក្សា ក៏បានទូងស្គដើម្បីអបអរសាទរ ខួប១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ ចំណែកអាជ្ញាធរខេត្តព្រះវិហារ ក៏បានរៀបចំពិធីនេះដែរ នៅលើខ្នងភ្នំដងរ៉ែក នៃប្រាសាទព្រះវិហារ។ នៅល្ងាចថ្ងៃទី១៥ខែកក្កដានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ អបអរសាទរ ខួប១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក រួមជាមួយពលរដ្ឋកម្ពុជា រាប់ពាន់នាក់។
ថ្ងៃ៧កក្កដា ឆ្នាំ២០១១នេះ ជាខួបគម្រប់ ១០ឆ្នាំ ថ្ងៃចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងខួបមួយឆ្នាំនៃប្រាសាទសម្បូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិពិភពលោក ។ ពិធីសាទរទ្រង់ទ្រាយធំត្រូវបានធ្វើឡើងនៅប្រាសាទព្រះវិហារ។ តាមវត្តអារាម និងសាលារៀន នៅទូទាំងប្រទេស បានទូងស្គរ និងវាយជួង ដើម្បីជាសញ្ញាឧទ្ទិសដល់ថ្ងៃជាប្រវត្តិសាស្ត្រនេះ។ ប្រាសាទព្រះវិហារត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨។ នៅថ្ងៃ៧ កក្កដា ២០១១នេះ ជាថៃខួប ១០ឆ្នាំ។ មន្ត្រីរដ្ឋាភិបាល កងទ័ពនៅសមរភូមិមុខ និងប្រជាជនកម្ពុជាទូទាំងប្រទេស បានប្រារព្ធពិធីជួបជុំយ៉ាងអធិកអធម ដើម្បីសាទរថ្ងៃដ៏វិសេសវិសាល ជាប្រវត្តិសាស្ត្រនេះ។
ដើម្បីសាទរថ្ងៃចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីព្រឹកថ្ងៃទី៧កក្កដានេះ តាមវត្តអារាមនានា ក៏បានទូងស្គរព្រមៗគ្នា។ ដោយឡែក នៅរាជធានីភ្នំពេញ ពិធីសាទរត្រូវបានអាជ្ញាធរក្រុងរៀបចំធ្វើនៅម៉ោង ៩ព្រឹក។ នៅតាមវត្តអារាមគ្រឹះស្ថានរដ្ឋ និងសាលារៀន មានពិធីជួបជុំព្រះសង្ឃ មន្ត្រីរាជការ និងសិស្សសាលា ដើម្បីទូងស្គរ និងវាយជួង នៅម៉ោង ៩ ព្រឹក។ មន្ត្រីរាជការ និងសិស្សសាលា ក៏បានប្រមូលផ្តុំតាមស្ថាប័ននីមួយៗ ដោយមានកាន់ទង់ជាតិ និងទង់អង្គការយូណេស្កូលើកគ្រវី ព្រមទាំងច្រៀងបទពង្សាវតារខ្មែរ។
លោកសាស្ត្រាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្ត្រខ្មែរថៃលាវនិងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើង នៅក្នុងខេត្តព្រះវិហារនៃដែនដីព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះ គឺពុំទាន់មានប្រទេសសៀម ឬថៃតាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃនៅឡើយទេ។ ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង ផ្នែកខាងលិចគឺលាតសន្ធឹងពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ និងតរហូតទៅដល់ប្រទេសភូមា ។ ចំណែកផ្នែកខាងជើង គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ ដែលសព្វថ្ងៃជាខេត្តមួយរបស់ថៃនោះផង ។ ដូច្នេះមិនមែនមកចោទថា ដីត្រង់កន្លែងនោះ មានសៀម មានអី បើសៀមមិនទាន់មកដល់ឯណា ។ សៀមទាល់តែចុងសតវត្សទី១៣ បានទើបនឹងចុះមក ។ ដូច្នេះ ដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ជាដីរបស់ខ្មែរ ។ ខ្មែរចង់ធ្វើត្រង់ណា បែរទៅត្រង់ណាគេធ្វើតាមតែទីតាំងរបស់សាច់ភ្នំនោះ ។
ក្រុមប្រាសាទសម្បូរព្រៃគុក គឺជាក្រុមប្រាសាទធ្វើំពីឥដ្ឋតាន់/ថ្មបាយក្រៀម និងថ្មភក់ ដែលស្ថិតនៅភូមិសម្បូរ ស្រុកសម្បូរ ប្រមាណជា ២៥គីឡូក្រាម ពីទីរួមខេត្តកំពង់ធំ។ ក្រុមប្រាសាទសម្បូរព្រៃគុកត្រូវបានស្ថាបនាឡើងជាលើកដំបូងបង្អស់ ដោយព្រះមហាក្សត្រខ្មែរ នាសម័យ បុរេអង្គរបីព្រះអង្គ ដ៏ខ្លាំង ពូកែ គឺព្រះបាទ ភវរ្ម័នទី១ ព្រះបាទ ស្រីមហេន្ទ្រវរ្ម័នចិត្រសេនា និងព្រះបាទឥសានវរ្ម័ន។ ហើយបន្ទាប់មកទៀត ត្រូវបានស្ថាបនាបន្ថែម ជាបន្ទាប់ៗរហូតដល់ដើមសតវត្សរ៍ទី ១០នៃគ.ស មុនការ ផ្លាស់ទីតាំងនៃ ព្រះរាជធានី ចេនឡា ទៅកាន់ តំបន់ គូលែន នៅខេត្ត សៀមរាបបច្ចុប្បន្ន។ ក្រុមប្រាសាទសម្បូរព្រៃគុក ដែលត្រូវបានចែកចេញជាបីក្រុមធំៗ និងក្រុមឧបសម្ព័ន្ធ មិនមែនជាទីក្រុងឥសានបុរៈឬឥសានបុរីរបស់ព្រះបាទឥសានវរ្ម័នទី ១ (៦១៥-៦៣៥ គ.ស) នោះទេ។ ក៏ប៉ន្តែ គឺក្រុមប្រាសាទទាំងឡាយនៃទីក្រុងឥសានបុរៈ ដែលស្ថិតមិនឆ្ងាយប៉ុន្មានពីទីតាំងនៃក្រុមប្រាសាទទាំង ៣ខាងលើនេះ។
ម្យ៉ាងវិញទៀត ការសរសេរ ពាក្យ គុហ៍ ដោយអ្នក និពន្ធខ្លះ គឺជាពាក្យ មិនសមស្រប នឹងអត្ថន័យដើមឡើយ ពោលគឺជាការខុសឆ្គងមួយដែលតម្រូវឲ្យមានការបំភ្លឺនៅទីនេះ។
ជាបឋម សូមបញ្ជាក់ថា សម្បូរ ព្រៃគុក គឺជាអក្សរផ្សំរវាងពាក្យទាំង ៣ម៉ាត់ គឺពាក្យសម្បូរ ព្រៃ និង គុក។
អ្នកស្រាវជ្រាវបារាំងដំបូងបង្អស់ពីរនាក់គឺ លោក អាដឺម៉ារ ឡឺក្លែរ និងលោក ហង់រី ប៉ារម៉ាំងទីយេ ដែលបានសិក្សាក្រុម ប្រាសាទសម្បូរព្រៃគុកមុនដំបូងបង្អស់បានសរសេរថា គុក (Kuk) ដែលមានន័យថា ប៉មយាម ប្រាសាទ, កុដ, វិហារ (tour) ហើយនេះជាអ្វីមួយដែលអ្នកស្រាវជ្រាវ ក្រោយមកទៀតដូចជា លោក ដឺឡាហ្សុងគីយ៉ែរ៍ និងហ្គ្រោលីយេរ៍ បានគោរពប្រតិបត្តិតាមរហូតបច្ចុប្បន្នភាព។ ដូចទើបពោល ពាក្យថា គុក (Kuk) ជាពាក្យខ្មែរ ដែលតាមធម្មតា មានន័យថា ប្រាសាទជាហូរហែ។
រីឯពាក្យ សម្បូរ គឺជាឈ្មោះ របស់ភូមិមួយ ដែលស្ថិតជិត ក្រុមប្រាសាទ ទាំងនោះ។ ចំណែកពាក្យព្រៃវិញ សំដៅព្រៃឈើ។ សេចក្តីត្រង់នេះ មានសារសំខាន់ណាស់ ព្រោះពាក្យគុក ត្រូវបានឮហើយ កត់ត្រានៅចុងសតវត្សរ៍ទី ១៩ និង ដើមសតវត្សរ៍ទី ២០ មកម្ល៉េះ ដោយប្រវត្តិវិទូដ៏ល្បីៗ ដែលបានអញ្ជើញមកស្រាវជ្រាវក្រុមប្រាសាទទាំងនោះមុនគេ។
ដូចនេះ ពាក្យទាំងបីម៉ាត់ សម្បូរព្រៃគុកនេះ មានន័យយ៉ាងជាក់ច្បាស់ថា “ព្រៃស្តុក ដោយគុក ឬប្រាង្គប្រាសាទ” (La foret aux tours) ហើយសំដៅយកក្រុមប្រាសាទទាំងឡាយ ដែលមាននៅលើទីតាំងនេះទាំងមូល។ ជាអវសាន ពាក្យគុកនេះ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់ជាតិយើង ប្រើប្រាស់ជាផ្លូវការរហូតដល់សព្វថ្ងៃដែរ ម្ល៉ោះហើយពាក្យគុហ៍ ត្រូវទុកថាជាមោឃៈ។
រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ មានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ។ រមណីយដ្ឋាននេះ ត្រូវបានអ្នកសិក្សាស្រាវជ្រាវបរទេសសន្និដ្ឋានថា គឺជារាជធានីរបស់ខ្មែរក្នុងសម័យចេនឡា ដែលមានឈ្មោះថា ឥសានបុរៈ ឬឥសានបុរី ក្នុងរាជ្យព្រះបាទ ឥសានវរ្ម័នទី១ នាដើមសតវត្សរ៍ទី៧ ដោយដាក់ឈ្មោះស្របតាមព្រះនាមរបស់ទ្រង់។ ចំណែកអ្នកកសាងបន្តទៀត គឺព្រះបាទភវវរ្ម័នទី២ ដោយដាក់នាមថា ភវបុរៈ គឺដូចគ្នាទៅនឹងបច្ឆាមរណនាមរបស់ព្រះអង្គដែរ រួមនឹងក្សត្រមួយចំនួនទៀត។ នៅក្នុងបរិវេណរាជធានីបុរាណខ្មែរមួយនេះ គឺមានប្រាសាទជិត ៣០០ប្រាសាទ (២៩៣) លើទំហំផ្ទៃដីបច្ចុប្បន្នប្រមាណ៣០គីឡូម៉ែត្រការ៉េ។ ប្រាសាទទាំងនោះ ត្រូវបានគេបានបែងចែកជាបីក្រុមធំៗ រួមមានក្រុមប្រាសាទសំបូរ ក្រុមប្រាសាទតោ និងក្រុមប្រាសាទយាយព័ន្ធ។ លើសពីនេះទៀត តំបន់រាជធានីខ្មែរបុរាណមួយនេះ គេបែងចែកជាបីតំបន់ គឺតំបន់ស្នូល តំបន់ទ្រនាប់ និងតំបន់រណប។
ក្នុងពិធីនាព្រឹកថ្ងៃនេះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថានៅថ្ងៃនេះប្រាសាទព្រះវិហារ ត្រូវបានរំលឹកឡើងវិញ ដែលអង្គការយូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងប្រាសាទសម្បូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិពិភពលោក ដូចនេះយើងជាខ្មែរពិតជាមានមោទនភាពណាស់ នៅពេលដែលសម្បត្តិបេតិកភណ្ឌ ជាស្នាដៃរបស់បុព្វបុរស ត្រូវពិភពលោកទទួលស្គាល់ថាជាស្នាដៃដែលកម្រនឹងមានណាស់ ។ នៅសព្វថ្ងៃនេះ នៅលើពិភពលោក មានតែ១.០៩៦ប្រាសាទ និងបេតិកភណ្ឌ ដែលអង្គការយូណេស្កូ ចាត់បញ្ចូលជាបេតិកភណ្ឌពិភពលោក។ ប្រាសាទ សម្បត្តិវប្បធម៌ អរូបី និងរូបី នៅក្នុងប្រទេសកម្ពុជា ត្រូវអង្គការយូណេស្កូ រាប់បញ្ចូលជាបេតិកភណ្ឌយ៉ាងច្រើន ដែលចំណុចនេះ ពិតជាមានមោទនភាព ដែលបានកើតជាខ្មែរ ហើយត្រូវបានដូនតាបន្សល់នូវកេរ្តិ៍មរតក ដ៏មហស្ចារ្យ សម្រាប់ខ្មែរជំនាន់ក្រោយ និងជំនាន់យើងនេះ។
លោកអភិបាល បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានគោលនយោបាយដ៏ត្រឹមត្រូវបំផុត ហើយកិច្ចការងារ ដែលដាក់ប្រាសាទជាច្រើន ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាមិនមែនជារឿងចៃដន្យនោះទេមានការចាត់ចែងការងារច្បាស់លាស់ មានគម្រោងការត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាល ដូច្នេះហើយដូចជា ប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗទៀត ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ពិធីរំលឹកខួបនេះ ដើម្បីឲ្យកូនខ្មែរទាំងអស់ បានដឹង ឧទ្ទិសកុសល នូវស្នាដៃនិងដឹងគុណ ទៅដល់បុព្វបុរសខ្មែរ ដែលបានខិតខំប្រឹងប្រែង កសាងប្រាសាទនេះ ទុកជាកេរ្តិ៍ដំណែលជូនកូនចៅជំនាន់ក្រោយ ប៉ុន្តែនិយាយជារួម គឺមនុស្សជាតិនៅលើពិភពលោក ឲ្យបានឃើញពីស្នាដៃដ៏មហាស្ចារ្យនេះ។
លោកឃួង ស្រេង បានបន្ថែមថា ក្នុងនាមកុលបុត្រខ្មែរមួយរូប សូមអំពាវនាវដល់យុវជនជំនាន់ក្រោយត្រូវថែរក្សាបេតិកភណ្ឌមនុស្សជាតិនេះ ឲ្យបាន ព្រោះយើងជាម្ចាស់ ជាអ្នកកសាងដោយដូនតារបស់យើង ។ កិច្ចការដែលយើងត្រូវថែរក្សា សម្បត្តិបេតិកភណ្ឌនេះបាន យុវជនជំនាន់ត្រូវកុំភ្លេចថា ទាល់តែប្រទេសមានសុខសន្តិភាព បើប្រទេសមានសង្គ្រាម គេមិនដែលគិតថាគ្រាប់ផ្លោង ត្រង់នោះជាសម្បតិ្តបេតិកភណ្ឌ ឬមិនមែនបេតិកភណ្ឌនោះទេ ពីព្រោះយើងបានឃើញហើយថានាពេលកន្លងមក បានប៉ះពាល់ដល់ប្រាសាទ ដោយសារគ្រាប់បែករបស់បច្ចាមិត្ត ឬក៏របស់ពួកផ្សេងៗទៀត ដែលប្រឆាំងគ្នានោះ គេមិនដែលគិតថា ទីនោះប្រាសាទអង្គរ ឬប្រាសាទសម្បូរព្រៃគុក ប្រាសាទព្រះវិហារ ប្រាសាទបន្ទាយឆ្មារនោះទេ គឺគេគិតថាធ្វើម៉េច ឲ្យតែម៉ាឈ្នះដៃ ដើម្បីកម្ចាត់សត្រូវរបស់គេ ដោយមិនគិតពីបេតិកភណ្ឌមនុស្សជាតិនោះទេ ។ ចំណុចនេះ ក៏សូមឲ្យយុវជនទាំងអស់ ត្រូវចងចាំ ហើយមានតែសន្តិភាពនោះទេ ទើបអាចថែរក្សាបេតិកភណ្ឌមនុស្សជាតិ ហើយយុវជនត្រូវចាំថា សន្តិភាពពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបាន រាប់ទាំងការថែរក្សាការអភិវឌ្ឍជាតិ ។ សន្តិភាពនេះជាសម្បត្តិដ៏មហាសាល ដែលអាចធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីជាតិ និងសំណូមដល់កូនខ្មែរ ត្រូវសិក្សាឲ្យបានស៊ីជម្រៅ ពីលទ្ធផលនៃសង្គ្រាម និងលទ្ធផលសន្តិភាព ដែលជាចំណុចសំខាន់ ដែលយើងទាំងអស់គ្នា ត្រូវបណ្តុះគំនិតមនោគមន៍នេះ ដល់យុវជនជំនាន់ក្រោយ ឲ្យបានដឹងកាន់តែច្បាស់៕ ដោយ ៖ កូឡាប