នៅលើបណ្តាញសង្គម កាលពីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចែករំលែកវីដេអូនៃហេតុការណ៍បាក់ពិដាន នៅផ្ទះល្វែងមួយដ៏រន្ធត់ ខណៈស្រ្តីជាម្តាយ និងកូនចំនួន៤នាក់ (ក្នុងនោះកូនប្រុសស្រីជាបង២នាក់ និងកូនតូច២នាក់ ម្នាក់ពរនៅដៃ និងម្នាក់ទៀតអង្គុយក្នុងរទេះ) កំពុងស្ថិតនៅខាងក្រោម។ តែសំណាងហើយ ដែលកូនតូចនៅក្នុងរទេះ ត្រូវបានស្រ្តីជាម្តាយវិលត្រឡប់ស្ទុះមកអូសចេញទាន់ពេលវេលា បន្ទាប់រត់ចោលកូនប្រហែលស្លន់ខ្លាំងពេក។
បើតាមប្រភពពីអ្នកប្រើប្រាស់បណ្តាញសង្គម បានឲ្យដឹងថា ហេតុការណ៍ធ្លាក់ពិដានទាំងផ្ទាំងរនេះ ដែលបានកើតឡើងកាលពីវេលាម៉ោងជិត ៨ យប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ គឺស្ថិតនៅទីតាំងផ្ទះបូរីពិភពថ្មីទី២ វិថីចោមចៅ (អតីតផ្លូវវេងស្រេង) សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។
ជុំវិញហេតុការណ៍នេះ បងប្អូនមហាជន ជាពិសេសអ្នកដែលបានយល់ពីមូលហេតុ បានរិះគន់ថា «ជាងគ្មានស្តង់ដារធ្វើឲ្យរួចតែពីដៃ និងកឹបកេងចំណេញខ្លាំងពេក, រឿងអីមិនធ្លាក់ បើឆ្អឹងពិដានតិចយ៉ាងហ្នឹង ដាក់តែប៉ុន្មានដើម ទ្រម៉េចរួច ហើយ ដែកសំណរទៀត បានអីជាប់, បុរីចឹងហើយភាគច្រើនគឺចឹង ផ្ទះចាំតែកាន់សោចូលនៅ, ផ្ទះខ្លះទៀតធ្វើអោយតាឆាប់រួច អាលទៅទទួលធ្វើផ្ទះថ្មី ទើបបានជាគ្មានគុណភាពបែបនេះ,…»។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺស្របពេលករណីខាងលើនេះ បានកើតឡើងក៏ស្រាប់តែមានម្ចាស់ផ្ទះមួយ បានបញ្ចេញវីដេអូឲ្យឃើញថា កាលពីអាទិត្យមុន ពិដានផ្ទះរបស់គាត់ក៏បានធ្លាក់បែបនេះ ខណៈអ្នកលេងបណ្តាញសង្គមម្នាក់ ក៏បានប្រាប់ឲ្យដឹងដែរថា ផ្ទះបុរីនៅខាងកួរស្រូវក៏អ៊ីចឹងដែរ និងសូមឲ្យម្ចាស់បុរី កុំធ្វើលំៗលក់យកតែលុយ ពិនិត្យពិចៃជាងៗផង បើលេងតែបែបៗនេះ ម្នាក់ៗរស់នៅក្នុងបុរី ពិតជាព្រួយភ័យ ខ្លាចតែពិដានបាក់ធ្លាក់សង្កត់លើហើយ!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











