ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តយីឌុប បើកបត់ស្ដាំស្របគ្នាជាមួយនឹងម៉ូតូ ជ្រុលបុកកៀបជាប់ក្រោមរថយន្ត បណ្ដាលឲ្យបុរសជិះម៉ូតូរងរបួសជើងខាងស្ដាំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចស្តុបលូប្រាំ ភូមិដំណាក់ធំបី សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុពីពណ៌ស ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ត្រង់ចំណុចស្តុបលូប្រាំ បានបត់ស្ដាំឡើងទៅផ្លូវវេងស្រេង ស្របពេលក៏មានរថយន្តធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ផ្លាកលេខ កណ្ដាល3A-2236 បើកបរដោយបុរសម្នាក់ ធ្វើដំណើរមកពីក្រោយបត់ស្ដាំស្របគ្នាមិនប្រយ័ត្ន ក៏ជ្រុលបុកម៉ូតូកៀបជាប់ក្រោមរថយន្ត បណ្ដាលឲ្យបុរសជិះម៉ូតូរងរបួសជើងខាងស្ដាំ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ធ្វើការបាញ់ថ្នាំ យករថយន្តនិងម៉ូតូដាក់អែបខាង បញ្ជៀសការកកស្ទះចរាចរណ៍ បន្ទាប់មកក៏មានតំណាងខាងរថយន្តបានចុះមកធ្វើការដោះស្រាយគ្នា ដោយព្រមចេញថ្លៃព្យាបាលនិងជួសជុលម៉ូតូទៅឲ្យជនរងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធដោយ ៖ សួង សាម








