ជាការពិតណាស់ ទង្វើរបស់បុគ្គលជាអង្គរក្សឯកជនមួយចំនួន គេតែងឃើញបើកម៉ូតូប្រដេញតាមរថយន្តមេរបស់ខ្លួន ធ្វើហាក់ឡូយអស្ចារ្យណាស់ ដែលសូម្បីម៉ូតូប៉ូលិសដឹកនាំក្បួនរថយន្តគណប្រតិភូជាន់ខ្ពស់ ឬថ្នាក់ដឹកនាំ មិនស្មើនឹងពួកគេនោះទេ។
ដោយឡែក ថ្មីៗនេះ ករណីក្រុមបុគ្គលជាអង្គរក្សឯកជន ៤ នាក់ ជិះឌុបគ្នា២ម៉ូតូ ដែលបញ្ចេញចរិកប្ញកពារដ៏ឈ្លើយ និងរកប្រើអំពើហិង្សា ទៅលើអ្នកដំណើរម្នាក់ ដែលជិះម៉ូតូទន្ទឹមឡានមេរបស់ពួកគេម៉ាក Roll Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BL-1717 បានកំពុងត្រូវបានចែករំលែករីករាលដាលយ៉ាងលឿន ជាមួយមតិរិះគន់ និងការស្អប់ខ្ពើមយ៉ាងខ្លាំង ពីសំណាក់បងប្អូនអ្នកលេងបណ្តាញសង្គម។
ទាក់ទងរឿងដ៏ហួសចិត្តខ្លាំងបំផុតនេះ បើយោងតាមគណនេយ្យហ្វេសប៊ុកដែលមានឈ្មោះ «គាំទ្រគណបក្សប្រជាន ដើម្បីប្រជាជន» បានផុសឲ្យដឹងថា «មុននេះបន្តិច ខ្ញុំបានឃើញហេតុការណ៍មួយដែលកើតឡើងនៅលើផ្លូវចាក់អង្រែក្រោម ដែលមានអង្គរក្សពីរម៉ូតូ មានគ្នាបួននាក់ ដែលបានជិះតាមឡានម៉ាក Roll Royce ពណ៌ខ្មៅ បញ្ចេញចរឹកដូចជាជនពាល ពួកបាតផ្សារ បានធាក់ម៉ូតូបងប្រុសម្នាក់ ដែលបានជិះនៅលើគន្លងផ្លូវស្តាំរបស់គាត់ ហើយបុរសពីរនាក់ដែលមានកាន់វិទ្យុទាក់ទង បានព្យាយាមជិះទៅគៀរគាត់នៅខាងមុខ តែដោយសារជិះវ៉ាជែងមិនបាន ដោយសារគាត់នៅពីរមុខ ហើយជែងមិនផុត ព្រោះគាត់ជិះយឺត ហើយក៌បានធាក់គាត់ពីក្រោយ និងចុះមករករឿងរកវ៉ៃគាត់ ហើយនិយាយថាជិះហ្នឹងមានមើលឡានគេទេ ខ្ញុំចង់សួរថាឡានមេគាត់ហ្នឹងជាឡានក្បួន ឬផ្លូវហ្នឹងធ្វើសំរាប់តែពួកគាតជិះទេ? បើយើងចង់លឿនតាមមេកើយ យើងជិះទៅជិតគាត់ហើយប្រាប់គាត់ទៅថា បងខ្ញុំសុំទៅមុនមួយដើម្បីតាមឡានមេ នេះជាសុជីវធម៌និងការគោរពអ្នកដ៏ទេ មិនមែនចរឹកពាលជិះគៀរចូលទៅគន្លងផ្លូវគេហើយ ធាក់ម៉ូតូអោយជៀសផ្លូវ ហើយរករឿងរកវ៉ៃគេនោះទេ។
ដូច្នេះសូមអជ្ញាធរមានសមត្ថកិច្ចជួយមើលនិងចំណាំផង និងសូមផ្តាំអស់លោកមួយចំនួន ជួយមើលនិងបង្រៀនកូនចៅអោយមានសិលធម៌ ក្នុងការបើកបរផង សូមអរគុណ ថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៣»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




