ភ្នំពេញ៖ កម្ពុជា បាននិងកំពុងប្រែក្លាយប្រទេសរបស់ខ្លួន ពីឧស្សាហកម្មប្រើប្រាស់កំលាំង ទៅបច្ចេកវិទ្យា និង ជំនាញវិជ្ជាជីវៈ ដោយរំពឹងថា នឹងបង្កើនផលិតភាពនៃការផលិតកាន់តែខ្លាំង ដើម្បីឆ្លើយតបនឹងទីផ្សារ និងចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ ខណៈបច្ចុប្បន្ននេះ វិស័យឧស្សាហកម្ម នឹងអាចចូលរួមចំណែកផលិតផលក្នុងស្រុកសរុប (GDP) កាន់តែខ្ពស់។

នៅក្នុងអំឡុងនៃវេទិកាធុរកិច្ចប្រកបដោយនិរន្តរភាពរួមគ្នា ដើម្បីភាពរីកចម្រើនរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជានាពេលកន្លងទៅ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា បន្ទាប់ពីការបោះឆ្នោតសកលនាពេលខាងមុខនេះ កម្ពុជា បានព្យាករណ៍ពីការកើនឡើងនៃការវិនិយោគលើវិស័យបច្ចេកវិទ្យា ដោយរំពឹងថា វិស័យឧស្សាហកម្ម នឹងអាចចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរង្វង់ ៣៩ភាគរយ ក្នុងឆ្នាំ២០២៣ ដោយបង្កើនផលិតភាពនៃការផលិតកាន់តែខ្ពស់ នឹងចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។

ឯកឧត្តម បានលើកឡើងបន្តថា រាជរដ្ឋាភិបាល បានបន្តផ្តោតការយកចិត្តទុកដាក់លើការចូលរួមអភិវឌ្ឍន៍ផែនការសកម្មភាពគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ តាមដំណាក់កាល និងពេលវេលានីមួយៗ។

ឯកឧត្តម បានបន្ថែមទៀតថា កម្ពុជាបានបង្កើតបទប្បញ្ញត្តិច្បាប់ និងអនុវត្តច្បាប់វិនិយោគ ដើម្បីទាក់ទាញអ្នកវិនិយោគ ហើយនឹងជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន ១,៥លាននាក់នៅអាណត្តិក្រោយរបស់រដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃតម្រូវការធនធានមនុស្សនៅក្នុងប្រទេស។
គួរបញ្ជាក់ថា បើតាមឯកឧត្តម ហេង សុខគង់ កម្ពុជា បានធ្វើការកែទម្រង់បទដ្ឋានគតិយុត្តិជាច្រើន និងបរិយាកាសនៃការវិនិយោគ និងធុរកិច្ចជាបន្តបន្ទាប់ ដោយយកចិត្តទុកដាក់ស្តារឡើងវិញបន្ទាប់ពី វិបត្តិកូវីដ១៩ ដូចជា ការរៀបចំប្រព័ន្ធព័ត៌មានវិទ្យា ប្រព័ន្ធឌីជីថល ការពង្រីកទីផ្សារនាំចេញ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ បាន ប្រែក្លាយកម្ពុជាទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគដ៏សំខាន់ ទាំងក្នុងនិងក្រៅប្រទេស ឲ្យមកបណ្តាក់ទុនជាបន្តបន្ទាប់៕