ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ ដែលកាលពីម្សិលមិញនេះ (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣) រូបភាពបង្ហាញបុគ្គលជាអង្គរក្សឯកជនចំនួន ៤ នាក់ ដែលបញ្ចេញកាយវិការដ៏មិនសមរម្យ ធាក់ម៉ូតូ និងរកប្រើអំពើហិង្សាទៅលើបុរសជាអ្នកដំណើរម្នាក់ ដែលកំពុងបើកម៉ូតូលើគន្លងស្តាំធម្មតា ចោទថាធ្វើឲ្យទើសមុខទើសមាត់ឡានមេរបស់ពួកគេម៉ាក Roll Royce ឃើញថាបានធ្វើឲ្យមហាជននៅលើបណ្តាញសង្គម ផ្ទុះការរិះគន់ និងស្អប់យ៉ាងខ្លាំង។
ទាក់ទងរឿងដ៏ហួសចិត្តខ្លាំងបំផុតនេះ បើយោងតាមគណនេយ្យហ្វេសប៊ុកដែលមានឈ្មោះ «គាំទ្រគណបក្សប្រជាន ដើម្បីប្រជាជន» បានផុសឲ្យដឹងថា «មុននេះបន្តិច ខ្ញុំបានឃើញហេតុការណ៍មួយដែលកើតឡើងនៅលើផ្លូវចាក់អង្រែក្រោម ដែលមានអង្គរក្សពីរម៉ូតូ មានគ្នាបួននាក់ ដែលបានជិះតាមឡានម៉ាក Roll Royce ពណ៌ខ្មៅ បញ្ចេញចរឹកដូចជាជនពាល ពួកបាតផ្សារ បានធាក់ម៉ូតូបងប្រុសម្នាក់ ដែលបានជិះនៅលើគន្លងផ្លូវស្តាំរបស់គាត់ ហើយបុរសពីរនាក់ដែលមានកាន់វិទ្យុទាក់ទង បានព្យាយាមជិះទៅគៀរគាត់នៅខាងមុខ តែដោយសារជិះវ៉ាជែងមិនបាន ដោយសារគាត់នៅពីរមុខ ហើយជែងមិនផុត ព្រោះគាត់ជិះយឺត ហើយក៌បានធាក់គាត់ពីក្រោយ និងចុះមករករឿងរកវ៉ៃគាត់ ហើយនិយាយថាជិះហ្នឹងមានមើលឡានគេទេ ខ្ញុំចង់សួរថាឡានមេគាត់ហ្នឹងជាឡានក្បួន ឬផ្លូវហ្នឹងធ្វើសំរាប់តែពួកគាតជិះទេ? បើយើងចង់លឿនតាមមេកើយ យើងជិះទៅជិតគាត់ហើយប្រាប់គាត់ទៅថា បងខ្ញុំសុំទៅមុនមួយដើម្បីតាមឡានមេ នេះជាសុជីវធម៌និងការគោរពអ្នកដទៃ មិនមែនចរឹកពាលជិះគៀរចូលទៅគន្លងផ្លូវគេហើយ ធាក់ម៉ូតូអោយជៀសផ្លូវ ហើយរករឿងរកវ៉ៃគេនោះទេ។
ទោះជាយ៉ាងណា ក្រោយមហាជនផ្ទុះការរិះគន់ឡើងកក្រើក នៅពេលនេះ បុគ្គលជាអង្គរក្សទាំង៤ បានចូលខ្លួនបំភ្លឺ និងសុំទោសទៅដល់ជាសាធារណជន ចំពោះការកំហុសឆ្គងមួយនេះ និងក៏ចង់ជួប ដើម្បីសុំទោសបុរសម្នាក់ជិះម៉ូតូ ហុងដា សេ១២៥ ផ្លាកលេខ 1AA-7660 កំពង់ចាម ដែលពួកគេបានធ្វើទង្វើមិនគប្បីនេះដាក់ផងដែរ។
ពិតណាស់ នៅពេលបានឃើញបែបនេះ មហាជនជាច្រើនបានសម្តែងការហួសចិត្ត និងចំអកឲ្យថា៖ «ជួបជុំគ្នា សុំទោសរួចទៅផ្ទះវិញដេកធម្មតាទៅ, ថ្ងៃក្រោយកុំខ្លាំងទៀត ខ្មែរដូចតែគ្នាទេ,…. »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








