Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

FDI នៅកម្ពុជាកើនឡើងជាង ៩% មានទឹកប្រាក់ជាង ៤៥,៨ ប៊ីលានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣នេះ

spot_img

ភ្នំពេញ៖ វិនិយោគផ្ទាល់បរទេសនៅកម្ពុជា FDI មានទឹកប្រាក់ជាង ៤៥,៨ ប៊ីលានដុល្លារអាមេរិក កើនឡើង ជាង ៩% គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣នេះ បើធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដែលមានប្រភពទុនចម្បង មកពីប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។

បើយោងតាមទិន្នន័យដែលបង្ហាញដោយធនាគារជាតិនៃកម្ពុជា លំហូរវិនិយោគ FDI នេះ គ្របដណ្តប់លើវិស័យធំៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងរមណីយដ្ឋាន កសិកម្ម វារីអគ្គិសនី និងសំណង់។

ទិន្នន័យដ៏ដែលនេះ បង្ហាញទៀតថា ក្នុងចំណោមការវិនិយោគផ្ទាល់បរទេស គឺប្រទេសចិនឈរនៅចំណាត់ថ្នាក់ទី១លើកំពូលតារាង ដែលមានទំហំទុនវិនិយោគ ៨៣,៥ទ្រីលានរៀល (២០,៥៩ប៊ីលានដុល្លារអាមេរិក) មានកំណើន ១១,១% ធៀបនឹងគ្រាដូចគ្នា (ឆ្នាំលើឆ្នាំ) តាមពីក្រោយដោយ កូរ៉េខាងត្បូង ២២,៤ទ្រីលានរៀល (៥,៥២ប៊ីលានដុល្លារអាមេរិក) បន្ទាប់មក សិង្ហបុរី ១២,១ទ្រីលានរៀល (២,៩៨ប៊ីលានដុល្លារអាមេរិក) ជប៉ុន ១១,៣ទ្រីលានរៀល (២,៧៨ប៊ីលានដុល្លារអាមេរិក) វៀតណាម ១០,២ទ្រីលានរៀល (២,៥១ប៊ីលានដុល្លារអាមេរិក) ម៉ាឡេស៊ី ៨,៣ទ្រីលានរៀល (២,០៤ប៊ីលានដុល្លារអាមេរិក) ថៃ ៧,៨ទ្រីលានរៀល (១,៩២ប៊ីលានដុល្លារអាមេរិក) ចក្រភពអង់គ្លេស ៦,១ទ្រីលានដុល្លារ (១,៥០ប៊ីលានដុល្លារអាមេរិក) និងផ្សេងៗ ២៤ទ្រីលានរៀល (៥,៩១ប៊ីលានដុល្លារអាមេរិក)។

យោងតាមរបាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុកម្ពុជា របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញអំពីទស្សនវិស័យសម្រាប់ឆ្នាំ ២០២៣ ទោះបីជាសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើន ៥,៥% ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ ២% ប៉ុន្តែកម្ពុជា ក៏រងឥទ្ធិពលអាក្រក់ពីកត្តាខាងក្រៅផងដែរ។

ហានិភ័យ ដែលមានប្រភពពី កត្តាខាងក្រៅ ដោយសារការបើកចំហរសេដ្ឋកិច្ច ក៏ដូចជាការពឹងផ្អែកខ្លាំងរបស់សេដ្ឋកិច្ចកម្ពុជាលើវិស័យខាងក្រៅ។ ហានិភ័យទាំងនេះមានដូចជា ១-ការអូសបន្លាយនៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលប៉ះពាល់ដល់ការរំពឹងទុកនៃការនាំចេញ និងការវិនិយោគចូលមកកម្ពុជា ២-បញ្ហាដែលអូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបង្អាក់កំ ណើនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា និង ៣-ការកើនឡើងអត្រាការប្រាក់ឥណទាន ដែលបណ្តាលមកពីការកើនឡើងអត្រាការប្រាក់លើទីផ្សារអន្តរជាតិ ដែលនាំឱ្យកំណើនឥណទានថយចុះ ហើយចំណាយលើការខ្ចីខ្ពស់ជាងមុនក៏អាចកាត់បន្ថយការវិនិយោគក្នុងស្រុកផងដែរ៕

spot_img
×