Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នាំចេញផលិតផលគ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត មានតម្លៃជិត ១,៦ពាន់លានដុល្លារ កើនឡើង នៅឆមាសទី ១ឆ្នាំនេះ

ភ្នំពេញ៖ ប្រទេសកម្ពុជា បានបង្ហាញពីសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់ នៃទិសដៅការធ្វើពិពិធិកម្មមុខទំនិញនាំចេញផលិតផល ក្រៅការកាត់ដេរ ដើម្បីបង្កើតមូលដ្ឋានសេដ្ឋកិច្ចកាន់ តែរឹងមាំ និងមានតម្លៃបន្ថែមខ្ពស់។

បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា កម្ពុជា បាននាំចេញផលិត​​ផលគ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី គ្រឿងបន្លាស់ និងគ្រឿងអេឡិចត្រូនិក មានតម្លៃទឹកប្រាក់សរុប ១,៥៨ពាន់លានដុល្លារអាមេរិក នៅឆមាសទី ១ឆ្នាំ ២០២៣ កើនឡើង ១០៨,៧% បើធៀបនឹងរយៈពេលដូចនិងឆ្នាំមុន។

វិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើស និងកំណត់ជាវិស័យអាទិភាព ដើម្បីចូលរួមចំណែកដល់ការស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងការធ្វើទំនើបកម្ម និងពិពិធកម្ម ដែលមានសង្គតិភាពជាមួយ«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥»។

បច្ចុប្បន្នរាជដ្ឋាភិបាលកម្ពុជា បានរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិចត្រូនិករបស់ខ្លួន ដែលរំពឹងថា វានឹងអាចបង្កើនទំហំនាំចេញក្នុងទឹកប្រាក់លើសពី ២ពាន់លានដុល្លារ និងអាចបង្កើតការងារថ្មីជាង ២២ពាន់កន្លែងក្នុងរយៈពេល ៥ឆ្នាំខាងមុខ ក៏ដូចជាបង្កើនកាលានុវត្តភាពថ្មីៗសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងវិស័យទាំងនេះ។

ដោយឡែក សម្រាប់វិស័យកម្មន្តសាល មិនមែនកាត់ដេរ នៅតែបន្តបានរក្សាកំណើនខ្ពស់ ដោយសារសក្តានុពលខ្ពស់នៃផលិតកម្មបម្រើឲ្យការនាំចេញ ស្របពេលដែលផលិតកម្មបម្រើឲ្យទីផ្សារក្នុងស្រុក នៅបន្តនិន្នាការល្អប្រសើរ​។

គួរបញ្ជាក់ថា រាជដ្ឋាភិបាល បានកំណត់ទិសដៅប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ ដើម្បីសម្រេចមហិច្ឆតានេះ កម្ពុជា ត្រូវមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងងាកទៅផលិតមុខទំនិញដែលមានតម្លៃបន្ថែមខ្ពស់៕

×