កំពង់ស្ពឺ ៖ ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ ពឺនៅល្ងាចថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២៣ នេះបានសរសេរសារនៅលើផេក facebook ថា សូមជម្រាបជូនដំណឹងដល់ពុកម៉ែ មាមីង បងប្អូន កូនក្មួយ ដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៤ សូមរកផ្លូវវៀងបណ្ដោះអាសន្នសិន ( អាចប្រើប្រាស់ផ្លូវល្បឿនលឿន ) ។
ឯកឧត្តមបានបន្ថែមទៀតថា មូលហេតុដោយជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យលិចផ្លូវជាតិលេខ ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១០៧ ១០៨( កម្ពស់30cm )ហើយភ្លៀងនៅតែបន្តធ្លាក់។ ដូច្នេះសូមពុកម៉ែ មាមីង បងប្អូន កូនក្មួយ មេត្តាជ្រាបជាព័ត៌មាន។
កងកម្លាំងនគរបាលចរាចរណ៍ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កំពុងយកចិត្ដទុកដាក់សម្រួលចរាចរណ៍ បញ្រ្ចាសរថយន្ដធន់ធ្ងន់ដេីម្បីរក្សាគុណភាពផ្លូវនិងបញ្ហាគ្រោះថ្នាក់ផ្សេងៗ កើតឡើងជាយថាហេតុ ។
តាមការព្យាករណ៍ ឧតុនិយមនៃក្រសួងធនធានទឹក ប្រកាសថាកម្ពុជារងឥទ្ធិពលប្រព័ន្ធសំពាធទាប គឺព្យុះទីហ្វុង ឈ្មោះ Doksuri ដុកស៊ូរី កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិន បង្កអោយមានភ្លៀងធ្លាក់ពីថៃ្ង ២៨ កក្កដា រហូតដល់ថៃ្ង ០១ សីហា ២០២៣ ព្រះរាជាណាចក្រកម្ពុជា មានភ្លៀងធ្លាក់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី