កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋដែលកំពុងទទួល រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ខណៈទឹកកំពុងហក់ឡើងខ្លាំងបន្តលិចលង់ នៅតាមតំបន់មួយចំនួនផ្សេងទៀត ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច និងផ្តាច់ផ្លូវ២ខ្សែ មិនអាចចរាចរណ៍បាន។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នផ្លូវជាតិលេខ៤៣ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នារសៀលថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដោយសារទឹកភ្លៀង នៅក្នុងឃុំត្រែងត្រយឹង ឃុំយាយម៉ៅពេជ្រនិល និងឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ជាធម្មជាតិ ខែវស្សាតែងតែភ្លៀង ប៉ុន្តែបើភ្លៀងច្រើនពេក គឺបណ្ដាលឱ្យមានផលប៉ះពាល់ និងរំខានដល់ផលរបររបស់ប្រជាពលរដ្ឋ ពិសេសរំខានដល់ការធ្វើដំណើរដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក និងបង្កឱ្យមានទឹកជំនន់ជាដើម។
ជាក់ស្ដែងប៉ុន្មានថ្ងៃនេះផ្លូវជាតិលេខ៤ ត្រូវបានជន់លិចជាអន្លើៗ ដែលបង្ករការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការបំពេញភារកិច្ចក៏ដូចជាការដឹកជញ្ជូនទំនិញផ្សេងៗ។ ដោយឡែកផ្លូវលំចំនួនពីរខ្សែរបស់ស្រុកភ្នំស្រួច ត្រូវបានកាត់ផ្ដាច់ទាំងស្រុង។ តាមរយៈនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលត្រូវការសង្គ្រោះ សូមប្រញាប់រាយការណ៍មកអាជ្ញាធរដែលនៅជិតបំផុត ដើម្បីអាជ្ញាធរមានលទ្ធភាពក្នុងការជួយសង្គ្រោះបានទាន់ពេលវេលា។
នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នផ្លូវជាតិលេខ៤៣ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរ ឆ្លងកាត់ផ្លូវជាតិលេខ ៤៣ ទាំងអស់មេត្តាជ្រាបថា៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមធ្វើ ការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ននូវ រថយន្តទេសចរណ៍ រថយន្តដឹកទំនិញធុន តូច-ធំ គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤៣ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយក្នុង រយៈពេល ២-៣ ថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ច្រើន និងជាបន្តបន្ទាប់បានបណ្តាលឱ្យទឹកជន់ឡើងហូរ កាត់ផ្លូវជាច្រើនកន្លែងច្រោះដាច់ចិញ្ចើមផ្លូវ និងកាត់ផ្ដាច់ផ្លូវទាំងស្រុង នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៣ ។ ដើម្បីធានាសុវត្ថិភាពដល់ការធ្វើដំណើរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូម ផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អាចធ្វើដំណើរវាងតាមផ្លូវខេត្តលេខ ១៤៧ ត្រង់ចំណុចគីឡូម៉ែត្រលេខ១០៣ នៃផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី