Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ប្រើប្រាស់កម្លាំងនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអនាគតរុងរឿង និងនិរន្តរភាព

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា កម្ពុជាប្រើប្រាស់កម្លាំងនៃ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដើម្បីអនាគតរុងរឿង និងនិរន្តរភាព។

ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យអនុវត្តគម្រោង«Mutual Leaning of Science, Technology and Innovation (STI) Coordination-Toyota Foundation»នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ មានប្រសាសន៍ថា កម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាល បានផ្តល់អាទិភាពខ្ពស់លើផ្នែក  វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

កម្ពុជាបានអនុវត្តផែនការយុទ្ធសាស្រ្តសំខាន់ៗ ដូចជា ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ២០៣០ និងរបៀបវារៈស្រាវជ្រាវជាតិឆ្នាំ២០២៥  ដើម្បីសម្រេចបាននូវគោលដៅសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម បានបន្ថែមថា កិច្ចសហប្រតិបត្តិការ មានសារៈសំខាន់ណាស់ សូមយើងសហការរួមគ្នាប្រើប្រាស់បច្ចេកវិទ្យា និងប្រមូលផ្តុំធនធាន ដើម្បីការពារបរិស្ថាន និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពរបស់យើងទាំងអស់គ្នា។ យើងអាចបង្កើតលទ្ធផលយូរអង្វែងនៅលើផែនដី និងមនុស្សជំនាន់ក្រោយៗទៀតរបស់យើង។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅតែត្រូវការកិច្ចសហការ និងការរួមចំណែកពីដៃគូនានា ដើម្បីកែលម្អប្រព័ន្ធអេកូឡូស៊ី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាពិសេសពីប្រទេសអភិវឌ្ឍន៍ដូចជាប្រទេសជប៉ុន និងប្រទេសជិតខាងដូចជាប្រទេសថៃជាដើម។

ក្នុងឱកាសនោះដែរ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស្សី (Ueno Atsushi) បានអបអរសាទរចំពោះការចាប់ផ្តើមគម្រោងនេះ ។ លោកថាឆ្នាំនេះ គឺជាខួបលើកទី ៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា និងខួបលើកទី ៥០នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ តាមរយៈគម្រោងនេះដែលរៀបចំដោយ Japan-ASEAN STI Platform (JASTIP) លោកសង្ឃឹមថាគម្រោងនេះនឹងរួមចំណែកក្នុងការអនុវត្តការងារសង្គមតាមរយៈលទ្ធផលស្រាវជ្រាវអន្តរជាតិផ្សេងៗ ហើយកម្ពុជានឹងរីកចម្រើនជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងអាស៊ាន។

បើតាមលោកបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា គម្រោងនេះ ត្រូវបានស្នើឡើងរួមគ្នាដោយកម្ពុជា ជប៉ុន និងថៃ ទៅកាន់មូលនិធិតូយូតា ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស វិស័យនិងស្ថាប័ននានា តាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមកលើការសម្របសម្រួលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងតំបន់។ សមាជិកគម្រោង ដែលមានសមាសភាពមកពីស្ថាប័នអប់រំ វិស័យឯកជន រដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន មានបំណងចង់រៀនពីការអនុវត្តការសម្របសម្រួលនៅក្នុងប្រទេស ការផ្លាស់ប្តូរមតិយោបល់និងអនុសាសន៍គ្នាទៅវិញទៅមក៕

×