កំពង់ឆ្នាំង ៖ មន្ត្រីអាជ្ញាធរបានធ្វើរបាយការណ៍បង្ហាញថា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ កំណាត់ផ្លូវមួយខ្សែស្ថិតនៅចំណុចទំនប់បារាំង ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលជាផ្លូវដ៏សំខាន់មួយសម្រាប់បងប្អូនប្រជាកសិករដឹកកសិផលផ្សេងៗយកទៅលក់នៅផ្សារក្នុងក្រុងកំពង់ឆ្នាំង បច្ចុប្បន្នត្រូវបានជំនន់ទឹកភ្លៀងជន់លិចដាច់ផ្លូវដែលមិនអាចធ្វើដំណើរឆ្លងកាត់បាន ហើយត្រូវបង្ខំចិត្តឱ្យផ្អាកចរាចរណ៍មួយរយៈពេលខ្លីសិន។
លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង ដែលបានដឹកនាំក្រុមការងារអាជ្ញាធមូលដ្ឋាន ភូមិ សង្កាត់ ចុះពិនិត្យស្ថានភាព និងផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ ដែលធ្លាប់ធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវទំនប់បារាំងខាងលើនេះ ត្រូវផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន និងងណែនាំឱ្យធ្វើដំណើរតាមផ្លូវវាងផ្សេងៗ រង់ចាំទឹកស្រកវិញទើបអនុញ្ញាតឱ្យធ្វើដំណើរជាថ្មីឡើងវិញ ព្រោះពេកនេះទឹកជំនន់ទន្លេជន់ឡើងយ៉ាងគំហុកដែលបណ្ដាលឲ្យទឹកហូរលើខ្នងទំនប់មិនអាចធ្វើចរាចរណ៍ឆ្លងកាត់លើទំនប់នេះបានឡើយ។
ចំពោះបងប្អូនជាអ្នកនេសាទទាំងអស់ ដែលជារៀងរាល់ឆ្នាំតែងតែនាំគ្នាមកនេសាទនៅលើខ្នងទំនប់បារាំងនេះ ដូចជាការបង់សំណាញ់ និងការនេសាទផ្សេងៗទៀត ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងជួបគ្រោះថ្នាក់ដោយប្រការណាមួយ ព្រោះនៅទីនេះ កន្លងមកក៏ធ្លាប់ជួបគ្រោះថ្នាក់ប្រជាពលរដ្ឋយើងម្នាក់រហូតបាត់បង់អាយុជីវិតរួចមកហើយ ដែរកាលពីឆ្នាំទៅមិញ ដោយសារទឹកហូរគួចលង់ស្លាប់។
សូមបញ្ជាក់ថា ចំណុចទំនប់បារាំងខាងលើនេះ គឺជាទំនប់យុទ្ធសាស្ត្រមួយដ៏សំខាន់ សម្រាប់ប្រជាកសិករដឹកកសិផលទៅកាន់ផ្សារក្រុងកំពង់ឆ្នាំង និងជាទំនប់ស្តុកទឹកសម្រាប់ប្រើប្រាស់លើពិសីកសិកម្ម ÷
១- សម្រាប់ស្តុកទឹកប្រើប្រាស់នៅរដូវប្រាំងអំណោយផលដល់ប្រជាកសិករស្រោចស្រពស្រែប្រាំងនៅតាមតំបន់ជាច្រើនស្ថិតនៅប៉ែកខាងលើទំនប់។
២- ខ្នងទំនប់នេះក្នុងរដូវប្រាំងក៏ជាផ្លូវយុទ្ធសាស្ត្រមួយដ៏សំខាន់ផងដែរ សម្រាប់ប្រជាកសិករដឹកកសិផលផ្សេងៗឆ្លងកាត់ពីតាមបណ្ដាមូលដ្ឋានតាមស្រុកស្រែចំការនានា ដូចជាមកពីស្រុកកំពង់លែង ស្រុកជល់គីរី និងក្រុងកំពង់ឆ្នាំង។ល។
៣- ចំណែកផ្លូវថ្នល់កាត់លើខ្នងទំនប់នេះផងដែរ គេអាចធ្វើចរាចរណ៍បានតែក្នុងរដូវ ប្រាំងតែប៉ុណ្ណោះ។ ចំពោះរដូវវស្សានៅពេលទឹកឡើង និងជនលិចខ្នងទំនប់ ប្រជាកសិករមិនអាចដឹកកសិផលតាមរថយន្ត រ៉ឺម៉ក គោយន្ត ឬក៏ធ្វើដំណើរតាមថ្មើរជើងឆ្លងកាត់ទីនេះបាននោះឡើយ ដោយសារទឹកឡើងហៀរហូរគ្របលើខ្នងទំនប់នាំឱ្យមានផលវិបាក៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN