ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២-៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសកម្ពុជាទទួលរបាយទឹកភ្លៀងក្នុងកម្រិតពីតិចទៅមធ្យមរាយប៉ាយ លើកលែងតំបន់សមុទ្រភ្លៀងធ្លាក់ច្រើនគួរសម។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយ លើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈោ្មះ ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន ដោយ លក្ខណៈបែបនេះ នឹងធ្វើឱ្យកម្ពុជាទទួលរងរបាយទឹកភ្លៀង ÷
១- តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
២- តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣- តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C
- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រខ្ពស់ៗ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋ អ្នកដំណើរតាមផ្លូវទឹក និងអ្នកទេសចរណ៍ទៅលេងតំបន់កោះ មានការបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមថ្នាំបម្រុងតុកការពារជំងឺផ្តាសាយ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN