មណ្ឌលគិរី ៖ ភ្លៀងលាយខ្យល់កន្ត្រាក់បង្កជាជំនន់ទឹកភ្លៀង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ របួស៧នាក់ និងធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ១២៥ខ្នង ព្រមទាំងបំផ្លាញសម្ភារមួយចំនួនធំនៅឃុំជីខលើ និងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ខណៈខេត្តមណ្ឌលគិរីឯណោះវិញ ភ្លៀងបានលិចលង់រួចហើយច្រោះដីបង្កឱ្យបាក់បែកកាត់ផ្ដាច់ផ្លូវមិនអាចធ្វើយានយន្តធ្វើដំណើរបាន។
បើតាម លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ដែលរាយការណ៍បញ្ជូនទៅថ្នាក់លើរបស់លោក ឱ្យដឹងថា ជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ បានចាប់ផ្ដើមពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃ១ ខែសីហា ឆ្នាំ២០២៣, គឺសម្រាប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងខ្យល់កន្រ្តាក់ធ្វើមនុស្សម្នាក់បាត់បងជីវិត និង ៧នាក់ទៀតរងរបួស ព្រមទាំងខូចខាតលំនៅដ្ឋានចំនួន ៣០ខ្នង ស្ថិតនៅឃុំជីខកំពង់។ មកដល់យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ខ្យល់មិនបណ្តាលឱ្យមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតទេ មានតែការខូចខាតដំណាំកសិកម្ម និងសម្ភារមួយចំនួន ហើយអាជ្ញាធរស្រុក រួមជាមួយកម្លាំងសមត្ថកិច្ច បានត្រៀមលក្ខណសម្បត្តិ និងស្បៀងអាហារសម្រាប់ជួយសង្រ្គោះបងប្អូនជានិច្ចដោយមិនមានការធ្វេសប្រហែសឡើយ។
ពេលនេះ ក្រុមការងារស្រុកបាននិងកំពុងបន្តចុះពិនិត្យស្ថានភាព និងបានរកទីទួលសុវត្ថិភាព ដើម្បីជម្លៀសប្រជាពលរដ្ឋបន្តទៀតទៅរកទីទួលសុវត្ថិភាព និងផ្តល់គ្រឿងឧបភោគបរិភោគ ជាបន្តបន្ទាប់ ធ្វើយ៉ាងឱ្យពួកគាត់មានសុវត្ថិភាព និងមានការហូបចុក។
ចំណែកនៅមណ្ឌលគិរីឯណោះវិញ នាល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ទឹកបានហូរកាត់ផ្តាច់ផ្លូវលេខ៧៦ (ភ្នំពេញ-មណ្ឌលគិរី) គឺផ្លូវបាក់ស្រុតទាំងផ្ទាំងធំកាត់ផ្ដាច់មិនអាចឱ្យយានយន្តធ្វើដំណើរពី ភ្នំពេញ-មណ្ឌលគិរី បានឡើយ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានឱ្យដឹងថា ផ្លូវដែលទឹកហូរបាក់ស្រុតកាត់ផ្តាច់នេះ មានប្រវែងបណ្ដោយជាង១០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកអូររាំង, ដូច្នេះការធ្វើដំណើរចេញ-ចូលខេត្តមណ្ឌលគិរី ត្រូវផ្អាកជាបណ្ដោះអាសន្ន។ អ្នកមានបំណងធ្វើដំណើរទៅមណ្ឌលគិរី អាចធ្វើដំណើរទៅតាម ខេត្តរតនគិរីជំនួសវិញ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN