ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានធ្វើបទបង្ហាញជូនវិនិយោគិន និងធុរជនសិង្ហបុរីអំពីលទ្ធភាពក្នុងការច្បាមយកនូវអត្ថប្រយោជន៍ពីកាលានុវត្តភាពវិនិយោគលើវិស័យដែលមានសក្តានុពល និងតម្រូវការទីផ្សារខ្ពស់ ដែលរួមមាន វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ យានយន្ត និងអេឡិចត្រូនិក និងកម្មន្តសាល។

ឯកឧត្តម ជា វុទ្ធី លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងកម្មវិធីបណ្តាញធុរកិច្ចដែលរៀបចំឡើងដោយសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) បានស្វាគមន៍ចំពោះគណៈប្រតិភូសឹង្ហបុរី ដែលបានមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់បរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាបច្ចុប្បន្នភាពនៃច្បាប់, បទប្បញ្ញត្តិ និងគោលនយោបាយស្តីពីវិនិយោគ។

បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលស្រង់ប្រភពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ការវិនិយោគផ្ទាល់របស់សិង្ហបុរី មានតម្លៃទឹកប្រាក់ ១២,១ទ្រីលានរៀល (២,៩៨ពាន់លានដុល្លារអាមេរិក) ខណៈចិនឈរនៅលំដាប់ថ្នាក់ទី ១ ដែលមានទុនវិយោគ ៨៣,៥ទ្រីលានរៀល (២០,៥៩ពាន់លានដុល្លារអាមេរិក) និងកូរ៉េខាងត្បូង ឈរលំដាប់ថ្នាក់ទី ២ ដែលមានទុនវិនិយោគ ២២,៤ទ្រីលានរៀល (៥,៥២ពាន់លានដុល្លារអាមេរិក)។

កម្ពុជា បានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាកាលពីខែតុលា ឆ្នាំ ២០២១ ដែលជាច្បាប់វិនិយោគថ្មីដោយមានការកំណត់នូវការផ្តល់ការលើកទឹកចិត្ត និងការការ ពារដល់វិនិយោគិនជាក់លាក់ និងច្បាស់លាស់ ក្នុងបំណងបង្កើនការទាក់ទាញការវិនិយោគសម្រាប់កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាជាមួយប្រទេសធំៗ ក្នុងនោះរួមមាន៖ (១) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), (២) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, (៣) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ និងទី (៤) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ទើបសម្រេចបាននាពេលថ្មីៗនេះ ដែលរំពឹងថា នឹងចូលជាធរមាននាឆាប់ៗខាងមុខនេះ៕
