ភ្នំពេញ៖ ស្ថិតិរបស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា គ្រឹះស្ថានធនាគារនៅកម្ពុជា បានផ្តល់កម្ចីលើវិស័យសំខាន់ៗក្នុងសេដ្ឋកិច្ច មានទំហំទឺកប្រាក់ជាង ៤៦ពាន់លានដុល្លារ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣នេះ ដោយមានកំណើន ១១,៩% ថមថយល្បឿនអត្រាកំណើនធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលមានដល់ទៅ ២៥%។

ក្នុងនោះ វិស័យដែលមានកំណើនខ្ពស់ជាងគេ រួមមាន៖ វិស័យកម្មន្តសាល ២២,២%, ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ១៧,៥%, ការជួញដូរអចលនទ្រព្យ ១៣,៦% និងកសិកម្ម ១៣,៤%។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ខែកក្កដា បានឲ្យដឹងថា ប្រព័ន្ធធនាគារកម្ពុជា ត្រូវបានបន្តអភិវឌ្ឍឱ្យកាន់តែរឹងមាំ ហើយស្ថិរភាពនៃប្រព័ន្ធធនាគារ បានដើរតួនាទីយ៉ាងសកម្ម ក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុក្នុងប្រទេស។

ឯកឧត្តម បន្តថា ស្ថានភាពដើមទុន និងសន្ទនីយភាព បន្តមានកម្រិតខ្ពស់ជាងបទប្បញ្ញត្តិ ខណៈដែលអនុបាតឥណទាន មិនដំណើរការបានកើនឡើងបន្តិច ប៉ុន្តែស្ថិតនៅកម្រិតទាប ដែលមិនបង្កជាហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុនោះឡើយ។
ឯកឧត្តម បានបន្តទៀតថា ស្ថិរភាពល្អប្រសើរនៃប្រព័ន្ធធនាគារកម្ពុជា គឺដោយសារកន្លងមក ធនាគារជាតិនៃកម្ពុជា បានអនុវត្តនយោបាយម៉ាក្រូ និងមីក្រូប្រុងប្រយ័ត្នប្រកបដោយស្មារតីបុរេសកម្ម ហើយការត្រួតពិនិត្យប្រព័ន្ធធនាគារ និងការធ្វើតេស្តលើភាពរឹងមាំនៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានធ្វើឡើងជាប្រចាំ។
គួរបញ្ជាក់ថា កម្ពុជា មានគ្រឹះស្ថានធនាគារពាណិជ្ជចំនួន ៥៩ និងធនាគារឯកទេសចំនួន ៩ ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅទូទាំងប្រទេស គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣នេះ៕