ករណីស្រ្តីជនជាតិបារាំងម្នាក់ ដែលសម្រេចលោតចុះពីលើម៉ូតូកង់បី (PassApp) នៅក្រុងបាត់ដំបង បណ្តាលឲ្យរងរបួសគួរឲ្យអាសូរ បន្ទាប់ពីដឹងថា អ្នករត់កង់បីម្នាក់មានបំណងអាក្រក់មកលើរូបនាង ព្រោះពុំព្រមឈប់នៅគោលដៅចុះ ហើយព្យាយាមបើកទៅផ្លូវស្ងាត់ បានធ្វើឲ្យមហាជនផ្ទុះការស្អប់ខ្ពើមយ៉ាងខ្លាំង និងស្នើដល់សមត្ថកិច្ចស្រាវជ្រាវវែកមុខអ្នករត់កង់បីខិលខូចរូបនោះ កុំលើកលែងឲ្យសោះ ព្រោះនេះជាទង្វើធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ប្រពលរដ្ឋខ្មែរ និងព្រមទាំងមុខមាត់ប្រទេសជាតិតែម្តង។
ទាក់ទងករណីដ៏សែនខ្លោចចិត្តនេះ ស្រ្តីខ្មែរម្នាក់ដែលជាអ្នកស្គាល់ស្រ្តីបរទេសរងគ្រោះ មានគណនីហ្វេសប៊ុកឈ្មោះ Sam Achhara បានបង្ហាញអារម្មណ៍ឈឺចាប់ខ្លាំង រៀបរាប់ពីហេតុការណ៍ឲ្យដឹងថា៖ «5/8/2023 ឱបាត់ដំបងខ្ញុំ សង្ឃឹមថាអាជ្ញាធរនឹងយកចិត្តទុកដាក់គិតគូរដល់សុវត្ថិភាពជូនភ្ញៀវទេសចរ។ ថ្ងៃនេះ នាងខ្ញុំពិតជាខ្មាសទេសចរបរទេសណាស់។
រឿងហេតុ គឺមានភ្ញៀវទេសចរជនជាតិបារាំងម្នាក់ បានធ្វើដំណើរពីភ្នំពេញ មកបាត់ដំបងក្នុងគោលបំណងទេសចរណ៍។ គាត់បានជិះឡានក្រុងពេលយប់ មកដល់បាត់ដំបង ប្រហែលម៉ោង ៤ ទៀបភ្លឺ ហើយក៏បានប្រាប់ឲ្យ PassApp ដឹកគាត់មកសណ្ឋាគារ ឡាគី ប៉ុន្តែនៅពេលមកដល់មុខសណ្ឋាគារហើយ PassApp មិនបានដាក់គាត់ចុះតាមគោលដៅដែលបានចរចាមុនពេលឡើងជិះទេ ទោះបីគាត់ព្យាយាមប្រាប់ឲ្យឈប់ក្តី ក៏ PassApp មិនឈប់ដែរ បែរជាព្យាយាមជិះពង្វាងគាត់ទៅផ្លូវស្ងាត់ដូចមានក្នុងផែនទីដែលគាត់ផ្ញើឲ្យ។
ឃើញស្ថានភាពមិនស្រួល គាត់ក៏លោតចុះពីលើ PassApp ធ្វើឲ្យមានរបួសបាក់ម្រាមដៃ និងរបួសមុខមាត់ដូចមានរូបថតជាភស្តុតាង។ (ភ្ញៀវគាត់សំណូមពរឲ្យខ្ញុំផ្ញើសារនេះ គ្រាន់ជាព័ត៌មានដល់លោកអ្នកដែលមានតួនាទីរក្សាសន្តិសុខ ក្នុងខេត្តដ៏ស្រស់ស្អាតមួយនេះផង)»។
ទោះជាយ៉ាងណា ក្រោយពីបានឃើញករណីនេះកើតឡើង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចាត់ជំនួយការមួយរូប គឺលោក កែវ ផុង ចុះជួយយកអាសា និងដោះស្រាយបញ្ហារបស់ស្ត្រីបរទេសរងគ្រោះ ដែលមានឈ្មោះ អេលេន ដីតឈី (Helene Dietschy) អាយុ ២១ ឆ្នាំ ជានិស្សិតពេទ្យជនជាតិបារាំង។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ថវិកាមួយចំនួនជូនទៅស្ត្រីជនជាតិបារាំងរូបនោះ សម្រាប់ការព្យាបាលរបួសផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

















